នៅថ្ងៃដែលពិភពលោកបានឮព័ត៌មានថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយារបស់លោក បានឆ្លងជំងឺកូវីដ១៩ ប្រទេសនានានៅជុំវិញពិភពលោក បន្តខិតខំទាំងលំបាកក្នុងការបញ្ឈប់ការរាលដាលនៃវីរុសនេះ និងសម្រេចថា ត្រូវដាក់ការរឹតត្បិតអ្វីទៅលើប្រជាពលរដ្ឋរបស់ខ្លួន។
រដ្ឋធានី Madrid នៃប្រទេសអេស្ប៉ាញ ដែលមានប្រជាពលរដ្ឋចំនួន ៣ លាននាក់ និងទីក្រុងជិតៗនោះ ដែលមានប្រជាពលរដ្ឋយ៉ាងតិចណាស់ក៏ ១០០.០០០ នាក់ បានបិទសកម្មភាពសកម្មសង្គមមួយផ្នែកជាថ្មីម្តងទៀត កាលពីយប់ថ្ងៃសុក្រ ដើម្បីព្យាយាមបញ្ឈប់ការកើនឡើងនៃករណីឆ្លងវីរុសកូរ៉ូណា។
នៅក្រោមបទបញ្ជាថ្នាក់ជាតិ ពលរដ្ឋក្នុងតំបន់នេះ មិនត្រូវបានអនុញ្ញាតិឲ្យធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន លើកលែងទៅធ្វើការងារ សាលារៀន ទិញម្ហូបអាហារ និងទៅមន្ទីរពេទ្យ។ រង្គសាលនិងភោជនីយដ្ឋានទាំងអស់ បានត្រូវបង្ខំឲ្យបិទទ្វាលឿនជាងពេលធម្មតា និងកាត់បន្ថយចំនួនកៅអីសម្រាប់អតិថិជនចំនួន ៥០ ភាគរយ។
ទ្វីបអឺរ៉ុបទាំងមូលកំពុងជួបប្រទះនឹងការកើនឡើងជាថ្មីនៃករណីឆ្លងច្រើននៃជំងឹកូវីដ១៩ ដោយប្រទេសអេស្ប៉ាញ កំពុងនាំមុខការឆ្លងថ្មី ៣០០ នាក់ ក្នុងប្រជាជន ១ សែននាក់៕