ទាំងប្រទេសម៉ាល់ត៍និងអ៊ីតាលីមិនអនុញ្ញាតឲ្យនាវានេះចូលចតនៅកំពង់ផែក្នុងទឹកដីរបស់ពួកគេទេ។ ប្រទេសទាំងពីរបានអះអាងថាពួកគេមិនអាចទទួលយកជនចំណាកស្រុកនិងជនភៀសខ្លួនបន្ថែមទៀតទេ។ គេនៅមិនទាន់ដឹងច្បាស់ទេថាតើនាវាសង្គ្រោះនេះអាចធ្វើដំណើរទៅដល់ទីក្រុង Valencia ដែលមានរយៈចម្ងាយ១៤០០គីឡូម៉ែត្របានឬទេ និងថាតើនឹងមានរឿងអ្វីកើតនៅពេលជនចំណាកស្រុកទាំងនេះទៅដល់ប្រទេសក្នុងសហភាពអឺរ៉ុបនេះ។
នាវាផ្ទុកមនុស្សដ៏ច្រើនលើសចំនួននេះបានធ្វើដំណើរលើសមុទ្រមេឌីទែរ៉ាណេចាប់តាំងពីថ្ងៃសៅរ៍មក។ ក្រុមជួយសង្គ្រោះកាលពីថ្ងៃចន្ទបាននិយាយថាពួកគេមានម្ហូបអាហារនិងទឹកគ្រប់គ្រាន់សម្រាប់រយៈពេលពីរបីថ្ងៃ។ ប៉ុន្តែពួកគេគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ជនចំណាកស្រុកទាំងអស់នេះទេ។ លោក ALOYS VIMARD មកពីទីភ្នាក់ងារគ្រូពេទ្យគ្មានព្រំដែន Doctors Without Borders បានថ្លែងថា៖ «យើងមានអាហារនិងទឹកគ្រប់គ្រាន់សម្រាប់ពួកជនចំណាកស្រុកទាំងនេះបានបីថ្ងៃ។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺថាវាចង្អៀតណាស់។ យើងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេទេ។ ពួកគេត្រូវដេកនៅតាមយ៉រកប៉ាល់។ កន្លែងទាំងនោះមិនសមរម្យសម្រាប់ពួកគេទេ។ ជនចំណាកស្រុកទាំងនោះមានសភាពទន់ខ្សោយ ហេវហត់ និងអស់កម្លាំង»។
រដ្ឋាភិបាលអេស៉្បាញបានឆ្លើយតបភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបនិងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានអំពាវនាវឲ្យបណ្តាប្រទេស នៅតាមសមុទ្រម៉េឌីទែរ៉ាណេអនុញ្ញាតឲ្យនាវាសង្គ្រោះនេះអាចចូលចតនៅកំពង់ផែ ក្នុងប្រទេសរបស់ខ្លួនបានរហូតដល់មានដំណោះស្រាយរកប្រទេសដែលជាទិសដៅ ចុងក្រោយរបស់ជនចំណាកស្រុកទាំងអស់នេះ។
អ្នកស្រី CARLOTTA SAMI អ្នកនាំពាក្យអង្គការ UNHCR បានថ្លែងថា៖ «ចូរចងចាំថាមានកុមារជាង១២០នាក់នៅលើនាវានេះ។ មានការរាយការណ៍មកថាជនចំណាកស្រុកខ្លះរលាកស្បែកធ្ងន់ធ្ងរ និងមានជនរងគ្រោះទទួលរងទារុណកម្មនិងការរំលោភបំពាន»។
វិបត្តិជនចំណាកស្រុកចុងក្រោយបង្អស់កើតឡើងខណៈដែលប្រទេសនានាក្នុងទ្វីបអឺរ៉ុបលែងចង់ទទួលយកជនចំណាកស្រុកដែលឆ្លងចូលដោយខុសច្បាប់មិនឈប់ឈរតាមសមុទ្រពីឆ្នេរសមុទ្រអាហ្វ្រិកខាងជើង។ ការចូលចតក្នុងប្រទេសអេស៉្បាញគឺជាដំណោះស្រាយបណ្តោះអាសន្នមួយតែប៉ុណ្ណោះ។
លោក JOSEP BORRELL រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានថ្លែងថា៖ «នេះមិនមែនជាបញ្ហារបស់ប្រទេសអ៊ីតាលី អេស៉្បាញឬប្រទេសក្រិកនោះទេ។ នេះគឺជាបញ្ហាសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។ ក្រុមប្រឹក្សាសហភាពអឺរ៉ុបត្រូវធ្វើការសម្រេចចិត្តមួយដែលច្បាស់លាស់ និងរឹងមាំប្រកបដោយសាមគ្គីភាព។ មានន័យថាយើងទាំងអស់គ្នាមិនអាចដើរគេចចេញ ខណៈប្រទេសដែលនៅជិតបញ្ហាជាងគេជាអ្នករកដំណោះស្រាយនោះ»។
ជនចំណាកស្រុកជាង៦សែននាក់បានធ្វើដំណើរតាមទូកទៅដល់ប្រទេសអ៊ីតាលីនៅអំឡុងពេល៥ឆ្នាំកន្លងមកនេះ ហើយឥឡូវនេះរដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីតាលីបានបដិសេធមិនទទួលយកជនចំណាកស្រុកបន្ថែមទៀតទេ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក GIUSEPPE CONTEបានថ្លែងថា៖ «យើងបានស្នើទៅសហភាពអឺរ៉ុបឲ្យជួយចែករំលែកបន្ទុកនៃវិបត្តិជនចំណាកទាំងនេះ និងមិនត្រូវទុកឲ្យប្រទេសយើងដោះស្រាយតែម្នាក់ឯងដូចកាលពីប៉ុន្មានឆ្នាំនោះទេ។ ឥឡូវនេះខ្ញុំមិនអាចធ្វើអ្វីបានក្រៅតែពីពាក្យអរគុណចំពោះអាជ្ញាធរអេស៉្បាញដែលបានយល់ព្រមទទួលយកសំណើរបស់យើង»។
គោលនយោបាយរបស់សហភាពអឺរ៉ុបដែលត្រូវបានស្គាល់ថា «បទបញ្ជាទីក្រុងឌុយប្លាំង» បានចែងថាជនចំណាកស្រុកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងទ្វីបអឺរ៉ុបត្រូវដាក់ពាក្យសុំជ្រកកោននៅក្នុងប្រទេសអឺរ៉ុបណាដែលពួកគេបានទៅដល់ដំបូង។ បទបញ្ជានេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនៅតាមសមុទ្រម៉េឌីទែរ៉ាណេដូចជាប្រទេសក្រិក អ៊ីតាលី និងប្រទេសម៉ាល់ត៍ ដែលជាប្រទេសនៅជិតឆ្នេរសមុទ្រអាហ្វ្រិកខាងជើងជាងគេបំផុត៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា