ភាគ​ខាង​ត្បូង​រដ្ឋ​​ California ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ការ​​ឆេះ​រីករាល​ដាលថ្មី

កន្លែង​ចត​រថយន្ត​ដែល​ឆេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​តាម​ឆ្នេរ​មួយ ​បន្ទាប់​ពី​ភ្លើង​ឆេះក្នុងក្រុង​ Palisades នៃតំបន់​ទីក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

មនុស្ស​រាប់​សែន​នាក់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ California ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ការ​ឆេះ​រីករាល​ដាល​ថ្មី​ដោយសារ​តែ​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​ពុធ​ ខណៈ​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បន្ត​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​២៥នាក់​និង​មនុស្ស​ជិត​៣០នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន។

មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​រៀង​ស្រាកស្រាន្តបន្តិច​ដោយសារ​ខ្យល់បក់​រៀង​ខ្សោយ​ជាង​ការ​រំពឹង​ទុក កម្លាំង​ខ្យល់​បាន​កើន​រហូត​ដល់​៥៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ាស៊ីហ្វិក​ និង​មាន​ល្បឿន​រហូត​ដល់​៨៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​តាម​តំបន់​ភ្នំ​នៅ​មុន​ពេល​ព្រឹក​ព្រលឹម។​ នេះ​បើ​យោង​តាម​ការថ្លែង​របស់​លោក Todd Hall ដែល​ជា​អ្នក​ឧតុនិយម​នៃ​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ។

លោក Hall បាន​ថ្លែង​ថា «នេះ​ជា​កម្លាំង​ខ្យល់បក់​មួយ​ចុងក្រោយ​នៅ​ថ្ងៃ​នេះ។ បើ​យើង​ឆ្លង​ផុត​ថ្ងៃ​នេះ យើង​នឹង​មាន​ស្ថានភាព​ប្រសើរ​ជាង​មុន​សម្រាប់​ចុង​សប្តាហ៍ ពិសេស​ថ្ងៃ​សុក្រ​និង​ថ្ងៃសៅរ៍»៕