មេដឹកនាំ​អាស៊ាន​ទំនង​នឹង​គាំទ្រ​ចិន​ទោះ​ណា​ខ្លួន​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្តី

  • Ralph Jennings

(ពី​ឆ្វេង​ទៅ​ស្តាំ) រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន និង​លោក​អគ្គលេខាធិការ​អាស៊ាន​ប្រកាស​បើក​កិច្ចប្រជុំ​ភាព​ជា​ដឹកនាំ​វ័យក្មេង​ចិន-អាស៊ាន នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​ កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​១០​របស់​អាស៊ាន​បាន​រៀបចំ​កិច្ចប្រជុំ​ដ៏​សំខាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ។ ប្រទេស​ចំនួន​៤​កំពុង​មាន​ជម្លោះ​អធិបតេយ្យភាព​ដែន​ទឹក​ជាមួយ​នឹង​ប្រទេស​ចិន ប៉ុន្តែ​មេដឹកនាំ​អាស៊ាន​ទំនង​នឹង​គាំទ្រ​ចិន​ទោះ​ណា​ខ្លួន​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្តី។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​និយាយ​ថា ប្រទេស​សមាជិក​អាស៊ាន​ធ្វើ​ដូច្នេះដោយសារ​តែ​មេ​ដឹក​នាំ​ប្រទេសទាំង​នោះ​ រួម​មាន​ប្រទេស​វៀតណាម និង​ហ្វីលីពីន ជា​ប្រទេស​ដែលខឹងសម្បា​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ជាមួយ​ចិន​ច្រើន​លើក​ច្រើន​សារ​សង្ឃឹម​ថា នៅ​ទីបំផុតប្រទេស​ចិន​នឹង​ចុះ​ហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​ដែល​មាន​បំណង​រារាំង​ឧបទ្ទវហេតុ​នៅ​ក្នុង​ដែន​សមុទ្រ និង​ដោយសារ​តែ​ប្រទេស​មួយ​ចំនួនត្រូវ​ការ​ជំនួយ​សេដ្ឋកិច្ច​របស់​ចិន។​

អ្នក​ជំនាញ​ជឿ​ថា ប្រមុខ​រដ្ឋ​របស់​ប្រទេស​ទាំង​១០ ដែល​នឹង​ធ្វើ​ការ​ប្រជុំ​ចាប់​ពី​ថ្ងៃទី៣១ ខែ​តុលា ដល់​ថ្ងៃទី៤ ខែ​វិច្ឆិកា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន អាច​នឹង​ចេញ​សេចក្ដីថ្លែងការណ៍​ដែល​បញ្ចៀស​ការ​ទម្លាក់​កំហុស​ដោយ​ផ្ទាល់​ទៅ​លើ​ចិន ប៉ុន្តែ​នឹង​ជំនួស​មក​វិញ​នូវ​គុណ​តម្លៃ​រួម​មួយ។

លោក Carl Thayer សាស្ត្រាចារ្យ​នយោបាយ​ចូលនិវត្តន៍​នៅ​សាកលវិទ្យាល័យ University of New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា៖

«កិច្ចប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន។ ខ្ញុំ​គិត​ថា គេ​នឹង​ប្រើប្រាស់​ពាក្យ​ពេចន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​មុនៗ ដូចជា​សេរីភាព​ចរាចរណ៍​ផ្លូវ​ទឹក និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព»។

ស្មារតី​នៃ​កិច្ចសហការ ទោះ​ណា​មាន​ភាព​រកាំរកូស​ក្តី

សមាជិក​អាស៊ាន​ដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​មាន​ជម្លោះ​ជាមួយ​នឹង​មេដឹកនាំ​កុម្មុយនិស្ត​ចិន​លើ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ផ្លូវ​ទឹក​មាន​ទំហំ៣លាន ៥សែន​ម៉ែត្រ​ការ៉េ សម្បូរ​ទៅ​ដោយ​ទិន្នផល​ត្រី និង​អណ្តូង​ប្រេងឥន្ធនៈ។ ប្រទេស​ចិន​បាន​នាំ​មុខ​ប្រទេស​ផ្សេងៗ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​ចាក់​បំពេញ​ដី​លើ​កោះ​តូចៗ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​យោធា។

នាវា​ស្រាវជ្រាវ​របស់​ចិន​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ខែ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​ស្ថិត​នៅ​ក្រោម​សមុទ្រ កន្លែង​ដែល​វៀតណាម​កំពុង​ធ្វើ​ការ​រុករក​ប្រេង​នៅ​ក្រោម​សមុទ្រ។ ស្ថាប័ន​ស្រាវជ្រាវមួយ​បាន​រក​ឃើញ​ថា នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​បាន​ល្បា​ត​ដែន​ទឹក​ដែល​ទាមទារ​ដោយ​ម៉ាឡេស៊ី​អស់​រយៈពេល​២៥៨ថ្ងៃ នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ឈប់​ល្បាត​នៅ​ក្នុង​ខែ​កញ្ញា។ នៅ​ដើម​ឆ្នាំ២០១៩ ទូក​ចិន​រាប់​រយ​បាន​ប្រមូល​ផ្តុំ​ជុំវិញ​កោះ​មាន​ជម្លោះ​ដែល​កាន់កាប់​ដោយ​ហ្វីលីពីន។

លោក Thayer បាន​និយាយ​ថា ប៉ុន្តែប្រទេស​ថៃ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០១៩​ សង្ឃឹម​ថានឹង «កាត់​បន្ថយ​កម្លាំង» របស់​ចិន។ លោក​និយាយ​ថា ក្រុម​មន្ត្រី​ថៃ​អាច​នឹង​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាក ដើម្បី​ស្វែងរក​ពាក្យ​ពេចន៍​ល្អៗ សម្រាប់​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​អាច​នឹង​ចេញ​នៅ​សប្តាហ៍​នេះ។

ប្រសិន​យល់​ថា​វា​ជា​ការ​ស្វាគមន៍ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ជំរុញ​កាន់​តែ​ខ្លាំង ឲ្យ​ក្រមប្រតិបត្តិ​ចិន-អាស៊ាន គ្រប​ដណ្តប់​លើ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ។ ប្រទេស​ចិន​បាន​និយាយ​ថា ក្រម​នេះ​អាច​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២១ ទោះ​ជា​មាន​ក្តី​បារម្ភ​ពី​មុនៗ​ថា ក្រម​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​ចុះ​ខ្សោយ​ក៏​ដោយ។ ប្រទេស​ចិន​បាន​ឈប់​ធ្វើ​ការ​ចរចា​ស្តីពី​ក្រម​នេះ​មុន​ឆ្នាំ២០១៦។ អ្នក​វិភាគ​និយាយ​ថា ជម្លោះ​អធិបតេយ្យភាព​នៅ​តែ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ឯកសារ​ដែល​មាន​អានុភាព​គតិយុត្តិ​ផ្លូវច្បាប់​មួយ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo និង​សមភាគី​អាស៊ាន​របស់​លោក​ចូលរួម​នៅ​ក្នុង​វេទិកា​តំបន់​អាស៊ាន​លើក​ទី២៦ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

លោក Thayer និយាយ​ថា ជា​ឧទាហរណ៍​ ក្រម​នោះ​អាច​នឹង​ប្រើប្រាស់​ភាសា​មិន​ច្បាស់លាស់ ទាក់ទង​នឹង​ទំហំ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ និង​រារាំង​ការ​លូកដៃ​ពី​ប្រទេស​អព្យាក្រឹត្យ​នៅ​ក្រៅ​តំបន់​អាស៊ី។

លោក Thayer និយាយ​ថា សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំ​នេះ​អាច​នឹង​កត់សម្គាល់​ពី​ក្តីបារម្ភ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​នៅ​ក្នុង​ដែន​សមុទ្រ និង​បញ្ជាក់​ឡើង​វិញ​ពី​បំណង​ក្នុង​ការ​តាក់តែង​ក្រម​ប្រតិបត្តិ។

ប្រទេស​វៀតណាម​លេចធ្លោ​ជាង​គេ

លោក Trung Nguyen ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យសង្គមសាស្ត្រ និង​មនុស្ស​សាស្រ្តប្រចាំ​ទី​ក្រុង Ho Chi Minh បាន​និយាយ​ថា វៀតណាម​អាច​នឹង​ចង់​ឲ្យ​ប្រើប្រាស់​ភាសា​ធ្ងន់ៗ​ជាង​មុន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​ក្នុង​ឆ្នាំ២០១៩​នេះ។ វៀតណាម​និយាយ​ប្រឆាំង​ចិន​ជា​រឿយៗ​ ដោយសារ​តែ​ភាព​ខុស​គ្នា​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ស៊ីជម្រៅ​ទាក់ទង​នឹង​អធិបតេយ្យភាព​ដែនដី។

លោក Nguyen និយាយ​ថា៖

«ខ្ញុំ​គិត​ថា វៀតណាម​កំពុង​ជំរុញ​ឲ្យ​មាន​ក្របខណ្ឌ​ពហុភាគី​មួយ​ដែល​ជា​ការ​តស៊ូ​របស់​វៀតណាម​ក្នុង​ការ​អះអាង​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​រិះគន់ ឬ​ថ្កោលទោស​សកម្មភាព​ដែល​ប្រឆាំង​នឹង​អធិបតេយ្យភាព​វៀតណាម»។

លោក​ Nguyen បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​អាច​នឹង​រារាំង​មិន​ឲ្យ​អាស៊ាន​បន្ទោស​ចិន​នោះ​ទេ។ កាលពី​៣ឆ្នាំ​មុន មហាមិត្ត​ក៏​យូរ​អង្វែង​របស់​ចិន​មួយ​នេះ​បាន​រារាំង​មិន​ឲ្យ​អាស៊ាន​លើក​ឡើង​ពី​សាលដីកា​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ប្រឆាំង​នឹង​ចិន​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​អាស៊ាន​នៅ​ពេល​នោះ ទាក់ទង​នឹង​មូលដ្ឋាន​ច្បាប់​របស់​ចិន​ក្នុង​ការ​ទាមទារ​ដែនទឹក​របស់​ចិន។ ប្រទេស​កម្ពុជា​មិន​មាន​ការ​ទាមទារ​ចំណែក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ហើយ​ប្រទេស​នេះ​ទទួល​បាន​ជំនួយ​អភិវឌ្ឍ​របស់​ចិន។

លោក Thayer និយាយ​ថា វៀតណាម​អាច​នឹង​មាន​ឥទ្ធិពល​លើ​អាស៊ាន​ខ្លាំង​ជាង​នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ប្រទេស​ចិន​នឹង​មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​គេច​ពី​ការ​រិះគន់​នៅ​ពេល​នោះ។ ​

លោក Thayer និយាយ​ថា នៅ​ទី​បំផុត ការ​វិវត្ត​នៃ​ក្រមប្រតិបត្តិ​អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​ចិន និង​ប្រទេស​អាស៊ាន​នីមួយៗ។​

ភាព​មិន​ទៀង​របស់​ហ្វីលីពីន

ពលរដ្ឋ​ហ្វីលីពីន​មាន​ការ​ងឿងឆ្ងល់​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​នេះ​អំពី​វត្តមាន​កាន់​តែច្រើន​របស់​ចិន​នៅ​ប្រជុំ​កោះ Spratly Islands ក្នុង​សមុទ្រ​មាន​ជម្លោះ កន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​គ្រប់គ្រង​កោះ​ចំនួន​១០។ នៅ​ក្នុង​ខែ​នេះ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ចិន​ដែល​បាន​ «ឆ្លងកាត់​ជាច្រើន​ដង» ទៅ​ក្បែរ​កោះ​មួយ​ដែល​គ្រប់គ្រង​ដោយ​ហ្វីលីពីន គឺ​កោះ Second Thomas Shoal។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មាន​គំនិត​វិជ្ជមាន​ជាង​នេះ​ចំពោះ​ចិន ហើយ​លោក​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​លោក​ទទួល​យក​ជំនួយ និង​ការ​វិនិយោគ​ចិន​ដែល​មាន​ទឹកប្រាក់​ចំនួន​២៤ពាន់​លាន​ដុល្លារ​អាមេរិក។ ចិន​យល់ព្រម​នៅ​ក្នុង​ឆ្នាំ​នេះ​ឲ្យ​មាន​ការ​រុករក​ប្រេង​នៅ​បាត​សមុទ្រ​រួម​គ្នា​ជាមួយ​នឹង​ហ្វីលីពីន ហើយ​ចិន​នឹង​យក​ចំណែក​តែ​៤០%​ភាគ​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក Eduardo Araral សាស្ត្រាចារ្យ​រង​នៅ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ National University of Singapore និយាយ​ថា៖

«សម្រាប់​ហ្វីលីពីន​ ពួកគេ​មាន​កិច្ចព្រមព្រៀង​សម្រាប់​ការ​រុករក​ប្រេង​រួម​គ្នា​រួច​ទៅ​ហើយ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា ហ្វីលីពីន​ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ខ្លួន​ជា​ប្រទេស​ប្រឆាំង​នឹង​ចិន​នោះ​ទេ»។

លោក Araral បន្ថែម​ថា ផ្ទុយ​ទៅ​វិញ ហ្វីលីពីន​សង្ឃឹម​ថា ក្នុង​សេចក្តីថ្លែងការណ៍​ឆ្នាំ២០១៩ អាស៊ាន​នឹង​ផ្តោត​លើ​ការ​ពន្លឿន​ការ​អនុម័ត​ក្រម​ប្រតិបត្តិ។ ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី៩ ខែមិថុនា រវាង​នាវា​ហ្វីលីពីន និង​ចិន​រឹត​តែ​ធ្វើ​ឲ្យ​ហ្វីលីពីន​ចង់​សម្រេច​ឲ្យ​បាន​នូវ​ក្រមប្រតិបត្តិ​នេះ។

សម្រាប់​ប្រទេស​ផ្សេង​ទៀត​ស្ថិត​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី២​នៅ​ក្នុង​ពិភពលោក​កំពុង​តែ​ជួយ​ព្រុយណេ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្រៅ​ពី​ការ​លក់​ប្រេង។ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ឬ BRI នៅ​ដើម​ឆ្នាំ​នេះ និង​បាន​និយាយ​ថា ប្រទេស​លោក​អាច​នឹង​ទទួល​យក​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន៕