មេដឹកនាំ​អាស៊ាន​នឹង​បើកកិច្ចប្រជុំ​កំពូល​ដោយ​គ្មាន​វត្តមាន​លោក Biden​ ខណៈ​ប្លុក​នេះ​កំពុង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បញ្ហា​ចាក់ស្រេះ

រដ្ឋមន្ត្រីនិងសមាជិកនៃគណៈប្រតិភូចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនយោបាយអាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣។ (Mast Irham/Pool Photo via AP)

មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន ដែលដឹកនាំ​ដោយ​ម្ចាស់​ផ្ទះគឺ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Joko Widodo ​ កំពុង​ជួប​ប្រជុំ​គ្នា​នៅមុនជំនួប​កំពូល​ចុងក្រោយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​មាន​បញ្ហាខ្វែង​គំនិតគ្នា​ជា​ច្រើន​ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ រួម​មានបញ្ហា​ជម្លោះ​ស៊ីវិល​ដ៏​ប្រល័យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ភាព​តានតឹងថ្មីៗ​ដែល​ទើប​កើត​មាន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ប្រជែងដ៏​យូរ​មក​ហើយ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ជាដើម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

កិច្ចប្រជុំ​របស់​អាស៊ាន​ ​នឹង​ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ ​នៅ​ក្រោម​សន្តិសុខ​ដ៏​តឹងរ៉ឹង។​ អវត្តមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ដែល​ជា​ទូទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ​បានបន្ថែម​ឱ្យ​មានស្រមោលកាន់​តែ​ស្រអាប់​បន្ថែម​ទៀត​ ទៅ​លើ​ទិដ្ឋភាព​ដែលស្រអាប់​រួច​ទៅ​ហើយ​ ក្នុង​ការ​បង្ហាញ​នូវ​ការ​ឯកភាព​និង​ការ​ចាប់ដៃ​គ្នាជា​ប្រពៃណី​នៃ​បណ្តា​ក្រុម​ប្រទេសទាំង​ ១០ ​របស់​ប្លុក​មួយ​នេះ។

ក្រុម​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ មុន​ជំនួប​កំពូល​មេដឹកនាំ​របស់​ពួក​គេ។​ លោក​ Mohammad Mahfud​ រដ្ឋមន្ត្រី​សម្របសម្រួលកិច្ចការ​នយោបាយ​ ច្បាប់​និង​សន្តិសុខឥណ្ឌូណេស៊ី​ បាន​ប្រាប់​ក្រុម​អ្នក​ការទូតក្នុង​តំបន់​ថា​ «កម្លាំង​របស់​សហគមន៍​មួយ​នេះ​ កំពុង​រងការ​ប្រឈម​ពី​វិបត្តិ​មួយដល់​វិបត្តិ​មួយ​ទៀត»។​

រដ្ឋមន្ត្រីឥណ្ឌូណេស៊ី​រូប​នេះបាន​លើក​បញ្ជាក់​ថា កង្វះ​ការ​ចម្រើន​ទៅ​មុខ​នៃ​កិច្ចប្រឹងប្រែង ដើម្បី​រកដំណោះ​ស្រាយ​នៃ​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​បាន«ទុក​នូវ​ស្លាកស្នាម​អវិជ្ជមាន​មួយ​ដល់​ប្លុក​អាស៊ាន»។ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​និង​ការ​ប្រជែង​គ្នា «អាច​នាំ​ទៅ​ដល់​ការបើក​ចំហ​នៃ​ជម្លោះ​ដែល​តំបន់​របស់​យើង​នឹង​ត្រូវ​បង្ខំដើម្បី​ប្រឈម»។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ អ្នក​ស្រី​ Retno Marsudi​ និយាយ​ថា​ ផែនការ ៥ ​ចំណុច​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ២០២១​ ដោយ​មេដឹកនាំ​អាស៊ាន ដើម្បីជួយប្រទេស​មីយ៉ាន់ម៉ា​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​នោះ​ ​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ។

ក្រោយ​ការ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ ប្រមុខ​រដ្ឋ​អាស៊ាននឹង​ជួបជាមួយ​ដៃគូ​អាស៊ី​និង​បស្ចិមប្រទេស ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ផ្តល់​វេទិកាទូលំទូលាយជាង​មុន​ ដែល​សហរដ្ឋ​អាមេរិក​និងប្រទេស​ចិន​ និង​សម្ព័ន្ធមិត្ត​របស់​គេ​ ​នឹង​ប្រើប្រាស់​ដើម្បី​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហាពាណិជ្ជកម្ម​សេរី​ ​ការប្រែប្រួល​អាកាសធាតុ​ និង​សន្តិសុខ​សាកល​ជាដើម។ វា​នឹង​ក្លាយ​ជា​សមរភូមិមួយ​សម្រាប់​ការ​ប្រជែង​តវ៉ា​របស់​ពួក​គេ។

នាយក​រដ្ឋមន្ត្រី​ចិនលោក​ Li Qiang ត្រៀម​កំណត់​នឹងចូលរួម​ក្នុងកិច្ចប្រជុំ​ទាំង​នោះ ដែល​រួម​មាន​កិច្ចប្រជុំ​កំពូលអាស៊ី​បូព៌ា ដែល​មាន​ ១៨ ​ប្រទេស​ជា​សមាជិក។ នាយករដ្ឋមន្ត្រី​ចិន​រូប​នេះ​ ក៏​នឹង​ជួប​ជាមួយ​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោកស្រី​ Kamala Harris ដែល​នឹង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ជំនួសលោក​ Biden ​និងជួប​ជាមួយរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ Sergey Lavrov ផង​ដែរ។​

ខណៈ​មិន​ចូលរួម​ក្នុង​ជំនួបកំពូល​អាស៊ាន​ ប្រធានាធិបតី​អាមេរិក លោក Joe Biden នឹងធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី​ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿនទាំង​ ២០​ ឬ G20 ក្នុង​ប្រទេស​ឥណ្ឌា។​ ហើយបន្ទាប់​មក​ លោក​នឹង​ធ្វើ​ដំណើរទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម ដើម្បី​បង្កើនទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ លោក Biden មិន​បាន​ផ្តល់​តម្លៃ​ទាបដល់​តំបន់​អាស៊ានសម្រាប់​អាទិភាពភូមិសាស្ត្រ​នយោបាយ​នោះ​ឡើយ​ ​និង​បានលើក​ឡើង​ពី​កិច្ចប្រឹងប្រែងរបស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​រូប​នេះ​ ដើម្បី​ចូលរួម​កាន់​តែខ្លាំងថែម​ទៀត​ ជា​មួយ​តំបន់​អាស៊ាន៕