មន្ត្រី​យោធា​អាស៊ាន​ជិះ​កប៉ាល់​ជប៉ុន​ទស្សនកិច្ច​សមុទ្រ​ចិន​ខាង​ត្បូង

លោក Nguyen Xuan Phuc ប្រធានាធិបតី​វៀតណាម និង​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ធ្វើ​ការ​គោរព​នៅ​ពី​មុខ​ទង់ជាតិ​ជាតិ​ នៅ​ពេល​អស់​លោក​ពិនិត្យ​មើល​ទាហាន​កិត្តិយស​នៅ​មុន​កិច្ចប្រជុំ​មួយ​នៅ​វិមាន Akasaka នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រី​យោធា​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចាប់ផ្ដើម​ធ្វើ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ លើ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ជិះ​លើ​កប៉ាល់​ដឹក​ឧទ្ធម្ភាគចក្រ Izumo របស់​យោធា​ជើង​ទឹក​ជប៉ុន ដែល​នេះ​ជា​សញ្ញា​ថ្មី​ចុង​ក្រោយ​បំផុត​មួយ ដែល​បញ្ជាក់​ថា ប្រទេស​ជប៉ុន​កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ឥទ្ធិពល​ដែល​កំពុង​តែ​កើន​ឡើង​របស់​ចិន។

មន្ត្រី​យោធា​មកពី​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន បាន​ចូលរួម​ដំណើរ​ទស្សនកិច្ច​នៅ​លើ​កប៉ាល់​ជប៉ុន​នេះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​ជប៉ុន។

អ្នក​តំណាង​ខាង​យោធា​ដទៃ​ទៀត​មកពី​ប្រទេស​សមាជិក​អាស៊ាន នឹង​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល ៣ ថ្ងៃ មួយ​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃ​អង្គារ​ស្អែក ដើម្បី​សង្កេត​មើល​អំពី​ការ​ធ្វើ​សមយុទ្ធ​ជំនួយ​គ្រោះ​មហន្តរាយ​យោធា​របស់​កងកម្លាំង​ការពារ​ខ្លួន SDF របស់​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​ជប៉ុន។

ព្រឹត្តិការណ៍​ទាំង​នេះ​បង្ហាញ​ពី​កម្រិត​មួយ​ដែល​មិន​ដែល​ឃើញ​រហូត​មក​ទល់​នឹង​ពេល​នេះ អំពី​កិច្ច​សម្រប​សម្រួល​រវាង​សេវាកម្ម​យោធា​ជប៉ុន និង​មន្ត្រី​ការពារ​ជន​ស៊ីវិល ដើម្បី​បង្កើន​ទំនាក់ទំនង​បរទេស។

វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជំរុញ​ផ្នែក​ការទូត​យោធា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ផង​ដែរ។

ប្រទេស​ជប៉ុន​មាន​ក្ដី​បារម្ភ​ថា ប្រទេស​ចិន​កំពុង​ពង្រឹង​ការ​ត្រួតត្រា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ការ​លក់​អាវុធ និង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍។ រដ្ឋបាល​របស់​លោក Shinzo Abe ជឿ​ថា ជប៉ុន​គឺ​មាន​តួនាទី​សំខាន់​ជាង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទាក់ទាញ​បណ្ដា​ប្រទេស​អាស៊ាន​នានា​ឲ្យ​ងាក​ចេញ​ពី​ឥទ្ធិពល​របស់​ចិន​បាន៕