ស៊ូដង់​ខាង​ត្បូង​ចាប់​ខ្លួន​មនុស្ស​៦នាក់​ដែល​ត្រូវ​បាន​សង្ស័យ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់

រូបឯកសារ៖ ដើមឈើ​មួយ​ចំនួន​ត្រូវ​បាន​គេ​កាប់​នៅ​ក្បែរ​ទីក្រុង Juba ប្រទេស​ស៊ូដង់​ខាង​ត្បូង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ជន​បរទេស​ចំនួន​ ៦ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ការ​សង្ស័យ​កាប់​ឈើ​ខុស​ច្បាប់​នៅ​រដ្ឋ Eastern Equatoria ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឡើង​សវនាការ​នៅ​សប្តាហ៍​នេះ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​នេះ។

ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​ នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ព្រៃក្រាស់​ក្បែរ​ព្រំដែន​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​អ៊ូហ្គាន់ដា។ នៅ​ទីនោះ​ មិន​មាន​ផ្លូវ​ ឬ​មន្ត្រី​សន្តិសុខ​អនុវត្ត​ច្បាប់​នោះ​ទេ។ នេះ​បើ​យោង​តាម​ស្នងការ​ស្រុក Magwi លោក David Otto។

លោកOtto បាន​និយាយ​ថា មន្ត្រី​នៃ​តំបន់ Magwi កាលពី​សប្តាហ៍​មុន​ទទួល​បាន​ការ​បង្ហើប​ព័ត៌មាន​ពី​កសិករ​ដែល​កំពុង​រៀបចំ​ដី ឬ​ប្រមូល​យក​អុស​ នៅ​ពេល​ពួកគេ​ឮ​សំឡេង​ម៉ាស៊ីន​ធំៗ​កំពុង​កាត់​ឈើ។

លោក​បាន​និយាយ​ថា មនុស្ស​ទាំង​ ៦ នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មក​ពី​តំបន់ Mugali។

លោក Otto បាន​ប្រាប់​កម្មវិធី South Sudan in Focus របស់​ VOA ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ជិត​ខាង​របស់​យើង​មក​ពី​ប្រទេស​អ៊ូហ្គាន់ដា និង​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក Amuru»។

លោកOtto មិន​បាន​បញ្ជាក់​ទេ ថា​តើ​អ្នក​លួច​កាប់​ឈើ​ទាំង​នោះ​នឹង​ប្រឈមមុខ​នឹង​បទ​ចោទ​អ្វីខ្លះ​នៅ​ក្នុង​តុលាការ ​ដោយ​លោក​បាន​និយាយ​ថា វា​អាស្រ័យ​លើ​ការ​ស៊ើបអង្កេត​បន្ត​ទៀត។ លោក​បាន​និយាយ​ទៀតថា អភិបាល​រដ្ឋ Eastern Equatoria លោក Louis Lobong បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ធ្វើ​ការ​បង្ក្រាប​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់។

លោក Otto បាន​ប្រាប់ VOA ថា «នេះ​ផ្ទុយ​ពី​ច្បាប់ ហើយ​រដ្ឋ​តាមរយៈ​លោក​អភិបាល​ក៏​បាន​ចេញ​ដីកា​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​រដ្ឋ​នេះ​ផង​ដែរ។ នៅ​ក្នុង​ដីកា​នោះ សហគមន៍​ទាំង​មូល ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Eastern Equatoria ត្រូវ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់»។

ឈើ​ជា​ធនធាន​ធម្មជាតិ​មាន​តម្លៃ ដែល​ងាយ​នឹង​ត្រូវ​បាន​យក​ធ្វើ​អាជីវកម្ម ដោយសារ​តែ​ប្រាក់​ចំណេញ​ខ្ពស់។ ការ​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជា​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ​ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​មួយ ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ចន្លោះ​ពី ៥២ ពាន់លាន​ដុល្លារ ទៅ​ដល់​ ១៥៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ទូទាំង​ពិភពលោក នេះ​បើ​យោង​តាម​អង្គការ C4ADS ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ និង​ផ្តល់​ការ​វិភាគ និង​រាយការណ៍​ពី​បញ្ហា​ជម្លោះ​សាកលលោក និង​សន្តិសុខ​ឆ្លង​ប្រទេស។

នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង អ្នក​កាប់​ឈើ​ខុស​ច្បាប់​យក​ដើម​ឈើ​ម៉ៃសាក់​នៅ​ក្នុង​ប្រទេស​ជា​គោលដៅ។ ដើម​ឈើ​ម៉ៃសាក់​ជា​ប្រភេទ​ឈើ​ត្រូពិក​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ចម្លាក់​ឈើ គ្រឿង​សង្ហារឹម និង​ធ្វើ​កប៉ាល់។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម​ឈើ​ម៉ៃសាក់​ភាគច្រើន​នៅ​ក្នុង​ពិភពលោក​យក​មក​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង ដោយសារ​តែ​ដើម​ឈើ​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​ដាំ​ដោយ​អាណានិគម​អង់គ្លេស​នៅ​ទសវត្សរ៍​១៩៤០ និង​មាន​អាយុ​អាចកាប់​បាន​នៅ​ពេល​ជាមួយ​គ្នា​ដែល​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ។​

ការកើន​ឡើងតម្រូវ​ការ​ដើម​ឈើ​ម៉ៃសាក់​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បណ្តាល​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​ព្រៃឈើប៉ះពាល់​ដល់​បរិស្ថាន​និង​គ្មាន​ចីរភាព​។ ​ប្រសិន​បើ​គ្រប់គ្រង​បាន​ល្អ វា​អាច​ផ្តល់​ផលប្រយោជន៍​រយៈពេល​វែង​សម្រាប់សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង។

លោក Otto បាន​និយាយ​ថា ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក៏​មាន​ផល​អវិជ្ជមាន​ដល់​កសិករ​នៅ​ក្បែរ​នោះ​ផង​ដែរ ដោយសារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ប៉ះពាល់​ដល់​ប្រភព​ទឹក​សាប និង​កាត់បន្ថយ​ទឹក​ភ្លៀង ដែល​ប៉ះពាល់​ដល់​ការ​ផលិត​អាហារ។

លោក Otto បាន​ប្រាប់ VOA ថា «ព្រៃឈើ​ទាំង​នោះ​មាន​វត្តមាន​ជា​យូរ​មក​ហើយ និង​អាច​ជួយ​យើង​បាន។ វា​ប៉ះពាល់​ដល់​ការ​សិក្សា។ ព្រៃឈើ​ទាំង​នេះ​ជា​មជ្ឈមណ្ឌល​នៃ​ការ​សិក្សា​របស់​យើង»។

លោក​បាន​និយាយ​ថា ព្រៃឈើ​ជា «សម្រស់​នៃ​ប្រទេស» និង​ត្រូវ​តែថែ​រក្សា។

លោក​អភិបាល​រដ្ឋ​បាន​ព្រមាន​អ្នក​វិនិយោគ​ដែល​ចង់​វិនិយោគ​នៅ​ក្នុង​វិស័យ​កាប់​ឈើ​ម៉ៃសាក់​ខុស​ច្បាប់​ឱ្យ​គិត​ឡើង​វិញ​ម្តង​ទៀត មុន​ចូល​ទៅ​ក្នុង​តំបន់ Magi។

លោក Otto បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «នៅ​ពេល​អ្នក​គិត​ពី​រឿង​នេះ រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត​នោះ​ទេ ជាពិសេស​ខ្ញុំ​តែម្តង ​ខ្ញុំ​មិន​និយាយ​លែង​ទេ​ ហើយខ្ញុំ​នឹ​ង​មិន​អនុញ្ញាត​ឱ្យ​សកម្មភាព​ទាំង​នោះ​កើត​ឡើង​នៅ​កន្លែង​ខ្ញុំ​នោះ​ទេ»។

នៅ​ក្នុង​ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​នៅ​ស្រុក Ayaci នៃ​តំបន់ Magwi បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​ស្រដៀង​នេះ​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុងស្រុក Obbo-Kalishoni ស្រុកPalwa ស្រុក​ Pajok ស្រុក Agoro ស្រុក Afiriha ស្រុក Owiny Kibul និង​ស្រុក Obbo។ អតីត​អភិបាល​រដ្ឋ​លោក Alberio Tobiolo បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​រឹបអូស​យក​ឈើ​ទាំង​នោះ និង​លក់​ដេញ​ថ្លៃ​ដើម្បី​ផ្តល់​មូលនិធិ​ទៅ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​សហគមន៍។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស៊ូដង់​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​មួយ ដែល​នៅ​ក្នុង​ឆ្នាំ២០១៨ រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​បាន​ហាមឃាត់​ការ​នាំចេញ​ធ្យូង​ថ្ម​ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​នេះ រួម​ទាំង​ការកាប់​ដើម​ឈើ​ម៉ៃសាក់​ផង​ដែរ៕

ប្រែសម្រួលដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា