នៅថ្ងៃទី២១ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងក្លាយជាមេដឹកនាំពិភពលោកទីពីរ ដែលជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដោយផ្ទាល់នៅឯសេតវិមាន ដែលនេះ អាចជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងជាឱកាសចុងក្រោយដើម្បីបំពេញការសន្យាក្នុងយុទ្ធនាការមុនពេលអាណត្តិរបស់លោកចប់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា ការពិភាក្សារវាងមេដឹកនាំទំាងពីរ នឹងធ្វើឡើង ប៉ុន្មានសប្ដាហ៍ក្រោយពេលរដ្ឋបាលលោក Biden បញ្ចប់ការពិនិត្យមើលឡើងវិញអស់រយ:ពេលជាច្រើនខែនូវគោលនយោបាយទាក់ទងនឹងប្រទេសកូរ៉េខាងជើង។
លោក Moon អំពាវនាវឲ្យមានវិធានការ ដើម្បីស្ដារឲ្យមានកិច្ចសន្ទនារវាងប្រទេសកូរ៉េទំាងពីរឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលក្នុងពេលខាងមុខ ហើយលោកបានបេ្ដជ្ញាថា នឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដែលលោកអាចធ្វើបាន ដើម្បីធ្វើឲ្យ«នាឡិកាសន្តិភាពដើរឡើងវិញ»។
លោក Moon បានថ្លែងថា៖ «ខ្ញុំនឹងចាត់ទុកពេលមួយឆ្នាំដែលនៅសល់សម្រាប់អាណត្តិរបស់ខ្ញុំ ជាឱកាសចុងក្រោយ ដើម្បីផ្ដាស់ប្ដូរពីសន្ដិភាពមួយដែលមិនពេញលេញ ទៅកាន់សន្តិភាពពេញបរិបូរណ៍មួយដែលមិនអាចដើរថយក្រោយវិញបាន៕