ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងតូក្យូនៅសប្ដាហ៍នេះដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ទេ។ ការណ៍លុបចោលដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកការទូតជប៉ុនម្នាក់បានធ្វើអត្ថាធិប្បាយប្រមាថដល់មេដឹកនាំកូរ៉េខាងត្បូង។
កាសែត Yomiuri របស់ជប៉ុន បានរាយការណ៍កាលពីព្រឹកថ្ងៃច័ន្ទថា មេដឹកនាំទាំងពីរនឹងជួបគ្នានៅព្រឹកថ្ងៃសុក្រខាងមុខនេះនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon នឹងចូលរួមក្នុងពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ។
ក៏ប៉ុន្តែ វិមានប្រធានាធិបតីកូរ៉េខាងត្បូងក្រោយមកបានប្រកាសថា លោកប្រធានាធិបតីនឹងមិនធ្វើដំណើរទៅទីក្រុងតូក្យូនោះទេ។
កាលពីមុននេះ ក្រុមមន្ត្រីបានលើកឡើងថា កិច្ចប្រជុំនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយសារតែមានឧបសគ្គមួយចំនួនក្នុងការសម្រេចចុងក្រោយលើការរៀបចំដំណើរទស្សនកិច្ចនេះ ដែលហាក់ដូចជាសំដៅដល់អត្ថាធិប្បាយរបស់បេសកជនជាន់ខ្ពស់ម្នាក់របស់ស្ថានទូតជប៉ុនប្រចាំក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
បេសកជនពិសេសរូបនោះត្រូវទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងកំណត់អត្តសញ្ញាណថាឈ្មោះ Hirohisa Soma ដែលជាភារធារីស្ថានទូតជប៉ុន។ លោក Soma ត្រូវបានគេរាយការណ៍ថា បានប្រៀបប្រដូចកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Moon ក្នុងការធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ ទៅនឹងការបំពេញចំណង់ផ្លូវភេទរបស់ខ្លួនក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយជាមួយនឹងអ្នកកាសែតក្នុងស្រុកម្នាក់។
សេចក្ដីថ្លែងការណ៍មួយពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ថ្វីត្បិតតែកិច្ចប្រជុំកំពូលនេះបានធ្វើឲ្យមានការយល់យោគគ្នាទៅវិញទៅមកក្នុង «កម្រិតខ្ពស់» ក៏ដោយ ក៏ទំហំនៃការវិវឌ្ឍទៅមុខហាក់ដូចជា«មិនទាន់គ្រប់គ្រាន់នៅឡើយ»ដើម្បីធានានូវសមិទ្ធផលដ៏ជោគជ័យមួយនៅឯកិច្ចប្រជុំកំពូលនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap៕
(ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters)