ក្រុមអ្នកវិភាគ៖ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​កូរ៉​ខាង​ត្បូង​នឹង​ផ្តោត​លើ​ការ​ពង្រីក​ពាណិជ្ជកម្ម

លោក Moon Jae-in (ឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូង និង​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូលរួម​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ប្រធានាធិបតីកូរ៉េខាង​ត្បូងបាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅកម្ពុជា​ ដែល​ក្រុម​អ្នក​វិភាគមើល​ឃើញ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ផ្តោត​សំខាន់​លើការពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​​បញ្ហា​សន្តិសុខ​​។

លោក Moon Jae-in ប្រធានាធិបតីកូរ៉​ខាង​ត្បូង​ បាន​ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​របស់​លោក​នៅ​កម្ពុជា​ ដោយ​លោក​បាន​ចូល​ជួប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ ក្រៅ​ផ្លូវការ​ភ្លាមៗ​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​យោង​តាម​ព័ត៌មាន​សង្ខេប​ដែល​បាន​បង្ហោះលើ​ទំព័រហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន។

ក្រុម​អ្នកវិភាគ​កិច្ចការ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ាស៊ីហ្វិក និង​នយោបាយ​កម្ពុជា​ ថ្លែង​ថា ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ គឺជា​ចំណុច​អាទិភាព​របស់​លោក​ប្រធានាធិបតី​ Moon។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ បាន​បញ្ជាក់​ VOA ​ឲ្យដឹង​នៅថ្ងៃ​សុក្រនេះ​ថា​ ​ទស្សនកិច្ច​របស់​លោក​ Moon មក​កាន់​កម្ពុជា ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លាំង​របស់​កូរ៉េខាង​ត្បូង​ ចំពោះ​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ (Asean) និងប្រទេស​កម្ពុជា​ នៅ​ក្រោម​«គោលនយោបាយ​ប៉ែក​ខាង​ត្បូង»​ របស់​លោក Moon។

លោក​បាន​សរសេរ​តាម​សារ​ឆ្លើយឆ្លង​អេឡិចត្រូនិក​ជាមួយ​ភាសា​អង់គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖

«ផលប្រយោជន៍សេដ្ឋកិច្ច​ និង​សន្តិសុខ គឺ​ច្បាស់​ណាស់។ ចំណង​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​ ជាមួយ​អាស៊ាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​រក្សា​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា​ឯណេះ​វិញ​ វិស័យ​សម្រាប់​វិនិយោគ​ដ៏​មាន​សក្តានុពល​សម្រាប់​កូរ៉េ​ខាង​ត្បូង​ គឺ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ថាមពល​ ឧស្សាហកម្ម ខាង​ផលិតកម្ម​ ​និង​សេវាកម្ម»។

លោក​បាន​បន្ថែម​ថា​ រហូត​មក​ដល់ពេល​នេះ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ដាក់​ទុន​វិនិយោគ​ប្រមាណ​៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ក្នុង​ស្រុក​ប្រមាណ​៨ម៉ឺន​នាក់។ ហើយ​នៅក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ កម្ពុជា​មាន​សក្តានុពល​ក្នុង​ការនាំចេញ​ទំនិញ​របស់​ខ្លួន​ទៅកាន់​ប្រទេស​កូរ៉េ​ ជាពិសេស​គឺ​ផលិតផល​កសិកម្ម។

យ៉ាង​ណា​ក៏ដោយ​ ​លោក​ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​គឺ​នៅ​តិចតួច​ស្តួចស្តើង​នៅ​ឡើយ ពោល​គឺ​កាលឆ្នាំ​មុន​ កម្ពុជា​បាន​នាំចេញ​តិចតួច គឺ​ប្រមាណ​ជាង​ ២០០​លាន​ដុល្លារ​ ប៉ុណ្ណោះទៅកាន់​កូរ៉ខាង​ត្បូង។

តួលេខ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ជូន​ដោយ​លោក​ឈាង វណ្ណារិទ្ធ​ គឺ​ប្រហាក់​ប្រហែល​នឹង​តួលេខ​របស់ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​បង្ហាញ​ថា​ ចាប់តាំង​ពី​ឆ្នាំ​១៩៩៦​ ដល់​ខែ​មករា ឆ្នាំ​២០១៩​ «វិនិយោគ​សាធារណរដ្ឋ​កូរ៉េ​ មាន​ទំហំ​ប្រមាណ​ ៤,៤៧ពាន់​លាន​ដុល្លារ និង​២១៤​គម្រោង។ ក្នុង​ចំណោម​គម្រោង​ទាំងនេះ​ មាន​១២៣​គម្រោង​ គឺជា​រោងចក្រ​ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​៤៨៦​លានដុល្លារ​ បង្កើត​ការ​ងារ​ប្រមាណ​៨ម៉ឺន​កន្លែង»។

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ឲ្យដឹង​ថា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ភាគច្រើន​ គឺជា​សម្លៀក​បំពាក់​ គ្រឿង​អេឡិកត្រូនិក​ ស្បែក​ជើង​ ភេសជ្ជៈ​ កាបូប ឱសថ​ និង​ក្រដាស​កាតុង។ ហើយ​អ្វី​ដែល​កម្ពុជា​នាំចូល​ពី​កូរ៉េខាង​ត្បូង​ច្រើន​បំផុត​ រួមមាន​ក្រណាត់​ រថយន្ត​ដឹក​ទំនិញ​ ភេសជ្ជៈ​ គ្រឿង​អេឡិកត្រូនិក​ គ្រឿង​ម៉ាស៊ីន​ វត្ថុ​តុបតែង​លម្អផ្ទះ​ ឱសថ​ សាប៊ូ​ និង​ផលិតផល​ប្លាសិ្ទក។

មន្ត្រីរាជការកម្ពុជាបានចូលរួមស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

លោក​ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ថ្លែងប្រាប់ VOA ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ ដំណើរ​ទស្សកិច្ច​របស់​លោក Moon Jae-in គឺ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ចំណង​ទាក់​ទង ជាពិសេស​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ ហើយ​ថា​ ការ​រិះគន់​នានា​មក​លើ​បញ្ហា​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ គឺ​គ្រាន់​តែ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ការទូត​ដដែល​នេះ លោក​ថា​ កម្ពុជា​បាន​បន្ត​ថែរក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ និង​ប្រទេស​ជាមិត្ត​ដទៃ​ទៀត​ផងដែរ។

«គាត់​រិះគន់​ហ្នឹង​ អាហ្នឹង​ជា​សិទ្ធិ​អំណាច​រប​ស់​គាត់​ សេរីភាព​របស់​គាត់​ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ ដោយ​ប្រក្រតីភាព​ក្នុង​ចំណុច​ ក្នុង​កិច្ចការ​ទំនាក់​ទំនង​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ រាប់​តាំង​ពីអង្គការ​សហប្រជាជាតិរហូត​មកដល់​ពេលនេះ​បាទ»។

ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​របស់​លោក​ប្រធានាធិបតី Moon​ គឺ​ធ្វើ​ឡើង​ដោយ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ​បាទព្រះនរោត្តម សីហមុនី​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ កាលពីខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​លោក​សេរី ដោយ​ហេតុ​តែ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម។

យ៉ាង​ណា​ក៏ដោយ​ ការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិនោះ ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​ចិន​ ដែល​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ខាង​សេដ្ឋកិច្ច​ និង​យោធា​កាន់​តែខ្លាំង​នៅ​កម្ពុជា។

លោក​ឈាង​ វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​បាន​ បញ្ជាក់​បន្ថែម​ថា​ ការ​កើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​ មិនមែន​ជា​ក្តីបារម្ភ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូងនោះ​ទេ​ ព្រោះ​ប្រទេស​ដែល​ជា​សម្ត័ន្ធមិត្ត​ស្អិតល្មួត​របស់​សហរដ្ឋ​អាមេរិក​មួយនេះ​ សម្លឹង​មើល​តែ​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​នៅ​កម្ពុជា​តែប៉ុណ្ណោះ។

លោក​បាន​សរសេរ​ថា៖

«ផលប្រយោជន៍​សំខាន់​របស់​កូរ៉េខាង​ត្បូង​ គឺ​ផល​ប្រយោជន៍​សេដ្ឋកិច្ច។ ខ្ញុំ​គិត​ថា​ កូរ៉េខាង​ត្បូង​មិន​មាន​បំណង​ប្រកួត​ដោយ​យុទ្ធសាស្ត្រ​ជាមួយ​ចិន​ទេ​ តែ​ប្រាកដ​ណាស់​គឺ​សេដ្ឋកិច្ច»។

លោក​បន្ត​ថា​ ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំជាង​គេ​ទីបួន​នៅ​ទី្វប​អាស៊ី និង​ទី​១១​ក្នុង​ពិភពលោក​ ក៏មិន​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​វិវត្ត​យោបាយ​នៅ​កម្ពុជា​ដែរ។​ លោក​បាន​ផ្តល់​ការ​កត់​សម្គាល់​ក្នុង​ន័យដើម​ថា៖

«ផលប្រយោជន៍​សេដ្ឋកិច្ច​គឺ​មុន​គេ។ ខ្ញុំ​គិត​ថា​ ប្រទេស​ប្រជាធិបតេយ្យ​នៅអាស៊ី​ដូច​ជា​ជប៉ុន​ និង​កូរ៉េខាង​ត្បូង​ មិន​មាន​សេចក្តី​ត្រូវការ​ទៅ​ជ្រៀតជ្រែក​ប្រទេស​ណាមួយ​នោះ​ឡើយ​ ជាពិសេស​គឺ​ពេល​ដែល​សំដៅ​ដល់លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​នោះ»។

ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ Moon Jae-in ធ្វើ​ឡើង​ ក្រោយពីរ​ថ្ងៃនៃ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ក្រុម​មន្ត្រីនៃ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ដែល​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ទីបី​នៅ​ក្នុង​ពិភពលោក និង​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អ្នក​វិភាគ​នយោ​បាយ​កម្ពុជា​ លោក​បណ្ឌិត​មាស នី ក៏​យល់​ឃើញថា​ កូរ៉េខាង​ត្បូង មិនសូវ​ចាប់​អារម្មណ៍​នឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះទេ​ ដោយសារតែ​ប្រេទស​នេះ​គិត​គូរ​ខ្លាំង​តែ​ទៅ​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ខ្លួន​ជាមួយ​កម្ពុជា ដែល​កំពុង​ផ្តេកផ្តួល​ខ្លាំង​ទៅ​រក​ចិន។

«ខ្ញុំគិត​ថា​ ប្រទេស​កូរ៉េ​ ក៏ដូច​ជាប្រទេស​ជប៉ុន​ហ្នឹង គេ​ហាក់​ដូច​ជា​គិត​ពីរឿង​បញ្ហា​សេដ្ឋកិច្ច​នេះ​ច្រើន​ជាង​កត្តា​នយោបាយ​បាទ​ ហើយ​យើង​ខ្ញុំ​មិន​ដឹង​ថា​ តើ​ការ​បំពេញ​ទស្សនកិច្ច​កូរ៉េ​មក​កម្ពុជា​នេះ​ វា​ជា​ការ​អញ្ជើញ​របស់​យើង​ ឬ​ក៏ជា​ការ​សម្រេចចិត្តពី​គេ​ ដែល​គេត្រូវ​តែ​មក​ស្រុក​យើងអ្ហាណ៎ា​! បាទ»។

តាម​ប្រភព​ព័ត៌មាន Korea Herald របស់​កូរ៉េ​ខាង​ត្បូង លោក​ប្រធានាធិបតី​ Moon Jae-in បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ាន​ពីរ​ទៀត គឺ​ប្រទេស​ប្រុយណេ​និង​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​មក​បញ្ចប់​ទស្សនកិច្ច​តំបន់របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិ​ប​តីកូរ៉េខាង​ត្បូង​ Moon Jae-in នឹង​បញ្ចប់​ទៅនៅ​ថ្ងៃទី​១៦​ ខែ​មីនា​ស្អែកនេះ​ គឺ​នៅចំ​ពេល​ដែល​កម្ពុជា​ និង​ចិន​បន្ត​ធ្វើ​លំហាត់​យោធា​មាន​ឈ្មោះថា«សមយុទ្ធ​នាគ​មាស២០១៩» ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីកចំណង​យោធា​កម្ពុជា ចិន​ នៅ​ចំពោះ​មុខការ​ផ្អាក​សមយុទ្ធ​យោធា​ កម្ពុជា​ និង​សហរដ្ឋ​អាមេរិក។

យ៉ាង​ណាក៏ដោយ​ បន្ទាប់ពី​ជំនួបទេ្វភាគី​របស់​លោក​ប្រធានាធិបតី Moon ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃ​សុក្រនេះ​ មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ និង​ឯកសារ​សំខាន់ៗ​ចំនួន​ប្រាំ​ ក្នុងនោះ​មាន៖ «កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ សម្រាប់​គម្រោង​បង្កើត​មន្ទីរ​ពេទ្យ​ សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួងរ៉ែ និង​ថាមពល​ នៃ​ប្រទេស​កម្ពុជា​ និង​ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ថាមពល​ នៃ​សាធារណរដ្ឋកូរ៉េ​ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល​ សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត​ និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​ និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្មកូរ៉េ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សម្រួល​ការ​វិនិយោគ​ពី​កូរ៉េ‍»៕