កងយោធានៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងមួយពីនាវាមុជទឹកមួយគ្រឿងដោយប្រទេសកូរ៉េខាងជើងហាក់ដូចជាគ្មានជោគជ័យទេ។
អគ្គសេនាធិការដ្ឋានចម្រុះនៃកងយោធពលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថា មានវត្ថុមួយបានត្រូវបាញ់ផ្លោងចេញពីនាវាមុជទឹកមួយគ្រឿងទៅកាន់សមុទ្រ។ អ្នកនាំពាក្យម្នាក់នៃក្រសួងការពារប្រទេសកូរ៉េខាងត្បូងបាននិយាយថារដ្ឋាភិបាលក្រុងសេអ៊ូលកំពុងឃ្លាំមើលពួកយោធាកូរ៉េខាងជើងយ៉ាងដិតដល់ហើយបានប្រុងប្រៀបការពារខ្លួនយ៉ាងពេញលេញ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ក្រសួងការបរទេសស.រ.អា. មិនបានធ្វើអត្ថាធិប្បាយអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីល កាលពីថ្ងៃសៅរ៍ទេ ក៏ប៉ុន្តែបាននិយាយថា ការបង្ហោះកាំជ្រួចមីស៊ីលផ្លោងដោយកូរ៉េខាងជើងជាការរំលោភលើសេចក្តីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។
លោក John Kirby អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា. បាននិយាយថា «យើងអំពាវនាវដល់ប្រទេសកូរ៉េខាងជើងឱ្យទប់ចិត្តកុំធ្វើសកម្មភាពដែលនាំឱ្យមានអស្ថិរភាពថែមទៀតនៅក្នុងតំបន់ ហើយផ្តោតការយកចិត្តទុកដាក់លើការចាត់វិធានការជាក់ស្តែងឆ្ពោះទៅកាន់ការបំពេញតាមការសន្យានិងកាតព្វកិច្ចអន្តរជាតិរបស់ផងខ្លួនវិញ»។
កាសែត Rodong Sinmun នៃប្រទេសកូរ៉េខាងជើងបានពុម្ពផ្សាយសេចក្តីថ្លែងការណ៍មួយប៉ុន្មានម៉ោងមុនការបង្ហោះកាំជ្រួចមីស៊ីល នេះ ថាលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye គួររៀបចំ«ក្រណាត់សម្រាប់រុំសព»លោកស្រីឱ្យហើយទៅ៕