តុលាការ​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​ពិនិត្យ​ការ​ចោទប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី Yoon

  • ​Reuters

អ្នក​ចូល​រួម​កាន់​ស្លាក​សញ្ញា​ក្នុង​អំឡុង​ពេល​ការ​ប្រមូល​ផ្តុំ​ទាមទារ​ឲ្យ​តុលាការ​ធម្មនុញ្ញ​បណ្តេញ​លោក​ប្រធានាធិបតី Yoon Suk Yeol ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤។ សញ្ញា​ទាំង​នោះ​សរសេរ​ថា «ចាប់​ខ្លួន​ជា​បន្ទាន់»។

តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ពិនិត្យ​កាលពី​ថ្ងៃ​ចន្ទ​នូវ​ការ​ចោទប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី Yoon Suk Yeol ដោយសារ​ការ​ប្រកាស​របស់​លោក​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​កាលពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ ការ​ពិនិត្យ​នេះ​គឺ​ជា​ការ​ចាប់ផ្តើម​នីតិវិធី​ដើម្បី​សម្រេច​ថាតើ​លោក Yoon នឹង​ត្រូវ​ដកចេញ​ពី​តំណែង​ឬ​ក៏​អត់ ខណៈ​ក្រុម​អ្នកស៊ើបអង្កេត​គ្រោង​នឹង​សួរចម្លើយ​រូប​លោក​ក្នុង​សប្តាហ៍​នេះ​អំពី​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ។

តុលាការ​នឹង​បើក​សវនាការ​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​តុលាការ​អ្នកស្រី Lee Jean ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយពី​ចៅក្រម​ទាំង ៦ រូប​នៃ​តុលាការ​ធម្មនុញ្ញ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ផែនការ​ពិនិត្យ​បទ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ដែល​បាន​ស្នើឡើង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ដោយ​រដ្ឋសភា​ជាតិ​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង។

តុលាការ​នេះ​មាន​ពេល ៦ ខែ ដើម្បី​សម្រេច​ថាតើ​ត្រូវ​ដក​លោក Yoon ចេញពី​តំណែង​ឬ​ក៏​អនុញ្ញាត​ឲ្យ​លោក​កាន់​តំណែង​ឡើងវិញ។ អ្នកនាំពាក្យ​តុលាការ​អ្នកស្រី Lee បាន​ថ្លែង​ថា សវនាការ​លើក​ទី​មួយ​នេះ​នឹង​ជា​សវនាការ «ត្រៀម» ដើម្បី​បញ្ជាក់​អំពី​បញ្ហា​ច្បាប់​សំខាន់ៗ​ក្នុង​សំណុំរឿង​នេះ​និង​កាលវិភាគ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត។

អ្នកស្រី Lee ថា លោក Yoon មិន​ត្រូវបាន​តម្រូវ​ឲ្យ​ចូលខ្លួន​ក្នុង​សវនាការ​នោះ​ទេ។

កាលពី​ឆ្នាំ ២០១៧ តុលាការ​នេះ​បាន​ចំណាយ​ពេល ៣ ខែ​ដើម្បី​ចេញ​សេចក្តីសម្រេច​ដក​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​អ្នកស្រី Park Geun-hye នៅ​ពេល​នោះ ក្រោយពី​អ្នកស្រី​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​អំណាច​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី។

លោក Yoon នឹង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ក៏​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​បះបោរ​ផងដែរ​ដោយសារ​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​មួយ​រយៈពេល​ខ្លី​នោះ។

ក្រុម​ការងារ​ចម្រុះ​មកពី​ស្ថាប័ន​ប៉ូលិស ក្រសួង​ការពារ​ជាតិ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​អញ្ជើញ​លោក Yoon មក​សួរ​ចម្លើយ​នៅ​ម៉ោង ១០ ព្រឹក ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​ពុធ​ខាងមុខ​ទាក់ទង​នឹង​បទ​ចោទប្រកាន់​នោះ។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters៕