កូរ៉េខាង​ត្បូង​និង​ស.រ.អា.នឹង​ពិភាក្សា​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធការពារ​មីស៊ីល

អ្នក​ដំនើរ​ដើរកាត់​ទូរទស្សន៏​ដែល​កំពុង​ចាក់​ផ្សាយ​ការ​បង្ហោះ​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ៏​រថភ្លើង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង​ ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៦។

ប្រទេសកូរ៉េខាង​ត្បូង​និង​ស.រ.អា. នឹង​ពិភាក្សា​គ្នា​ជាផ្លូវការអំពី​ការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការ​ពារនឹង​កាំជ្រួចមីស៊ីលមួយ​ដែល​គេ​ស្គាល់ថា​ THAAD ក្រោយពីប្រទេស​កូរ៉េខាងជើង​បានអះអាង​ថា​ខ្លួន​បានបង្ហោះផ្កាយ​រណប​មួយ​ចូល​ទៅ​ក្នុងអវកាស។

សេចក្តី​ថ្លែងការណ៍​រួមមួយ​ដោយ​ក្រុម​យោធា​នៃប្រទេសទាំង​ពីរ​បាននិយាយ​ថា​កិច្ចចរចា​គ្នានឹង «ស្វែង​រក​លទ្ធភាព​នៃ​ការដាក់ពង្រាយ THAAD ទៅ​កាន់​ឧបទ្វីបកូរ៉េ​និងធ្វើ​ប្រតិបត្តិការ​នៅលើ​ឧបទ្វីបនេះ​នៅ​ថ្ងៃខែ​ណាមួយដែលឆាប់​បំផុតតាម​ដែល​អាចធ្វើបាន។»

យោងតាម​ទី​ភ្នាក់ងារ​ស.រ.អា.​ ខាង​ការពារ​ប្រឆាំង​នឹង​កាំជ្រួចមីស៊ីល ថាប្រព័ន្ធ​ស្ថានីយ៍​ការពារ​តំបន់​ខ្ពស់ក្នុង​អាកាស​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Terminal High Altitude​ Area Defense ហៅ​កាត់​ថា​ THAAD មាន​ប្រដាប់បាញ់​បង្ហោះ​មួយតម្លើងនៅ​លើ​ឡាន​មួយ​គ្រឿងដែល​អាចបាញ់​ស្ទាក់​និង​បំផ្លាញកាំ​ជ្រួច​ផ្លោង​ «នៅ​ខាងក្នុង​ឬ​នៅ​ខាង​ក្រៅ​បរិយាកាស។»

លោក Yoo Jeh-Seung អនុរដ្ឋមន្ត្រី​ការពារជាតិ​ទទួល​បន្ទុក​ខាងគោលនយោបាយ​នៃរដ្ឋាភិបាល​ក្រុង​សេអ៊ូលបាននិយាយ​ថា «យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ​ចាប់ផ្តើម​ធ្វើការ​ចរចា​ជា​ផ្លូវការអំពី​លទ្ធភាព​នៃ​ការ​ដាក់ពង្រាយប្រព័ន្ធ​ THAAD នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ជា​ផ្នែក​មួយ​នៃវិធានការនានា​ដើម្បី​បង្កើនកិច្ចការពារ​ប្រឆាំង​នឹង​កាំជ្រួចមីស៊ីលរបស់​សម្ព័ន្ធភាពកូរ៉េ-ស.រ.អា.។»

លោក​ Yoo បាននិយាយ​នៅក្នុងការប្រជុំ​ខ្លី​មួយ​ប្រាប់ទៅក្រុមអ្នក​កាសែត​ជាមួយ​លោកឧត្តមសេនីយឯក​ Thomas Vandal​ អគ្គមេបញ្ជាការនៃកងទ័ពស.រ.អា. ទី៨​មានមូលដ្ឋាន​នៅ​ក្នុងប្រទេស​កូរ៉េខាង​ត្បូងថា «សម្ព័ន្ធភាព​កូរ៉េ-ស.រ.អា. គ្មានជម្រើសក្រៅ​ពីធ្វើ​សក​ម្មភាព​ការពារ​មួយពី​ព្រោះ​កូរ៉េខាង​ជើង​បានបង្ករឿងញុះញង់​ខាងយុទ្ធសាស្ត្រហើយ​បាន​ប្រកែក​មិន​ព្រម​ធ្វើការ​សន្ទនា​គ្នា​ជាក់លាក់​មួយ​អំពី​ការដកអាវុធ​បរមាណូ៕»