ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយថា លោកបានជំរុញមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ឲ្យទាក់ទងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីជួយស្រោចស្រង់កិច្ចប្រជុំរបស់កូរ៉េខាងជើងជាមួយនឹងសហរដ្ឋអាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី ១២ ខែមិថុនា ខាងមុខនេះ។ លោក Moon Jae In បាននិយាយដូច្នេះ នៅពេលដែលលោក និងលោក Kim Jong Un បានជួបប្រជុំគ្នាជាដ៏គួរឲ្យភ្ញាក់ផ្អើលជាលើកទីពីរកាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោក Moon Jae In បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះថា៖ «ខ្ញុំបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែទាក់ទងគ្នាដោយផ្ទាល់ដើម្បីជម្រះចោលនូវការយល់ច្រឡំណាមួយ ហើយការពិភាក្សាជាមុនតាមរយៈការចរចាកម្រិតការងារលើរបៀបវារៈសំខាន់ៗគឺសំខាន់ណាស់»។
កូរ៉េខាងជើងបានស្នើឲ្យមានជំនួបរវាងលោក Kim Jong Un និងលោក Moon Jae In នេះឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ក្នុងការលុបចោលជំនួបរបស់លោកដែលគ្រោងនឹងធ្វើឡើងជាមួយនឹងលោក Kim Jong Un។
លោក Trump បានបញ្ជាក់ថា ការសម្រេចរបស់លោកដូចនេះគឺធ្វើឡើងផ្អែកលើ «កំហឹងឆេវឆាវ និងការបង្កជម្លោះដោយបើកចំហដែលបានបង្ហាញឡើង» ដោយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការទាមទាររបស់សហរដ្ឋអាមេរិកដែលចង់ឲ្យកូរ៉េខាងជើងធ្វើតាមគំរូលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសលីប៊ី។
កូរ៉េខាងជើងយល់ឃើញថា គំរូលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងឲ្យបានឆាប់ដូចនេះគឺជាការគំរាមកំហែងចំពោះសន្តិសុខរបស់រដ្ឋាភិបាលលោក Kim Jong Un ដោយហេតុថា នៅពេលនោះ មេដឹកនាំប្រទេសលីប៊ីលោក Moammar Ghadafi ក្រោយមកត្រូវបានប្រជាពលរដ្ឋលីប៊ីផ្ដួលរំលំ និងសម្លាប់ចោល ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តយោធាពហុជាតិដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ៕