ប្រទេសកូរ៉េខាងត្បូងបានផ្អាកកិច្ចព្រមព្រៀងទាំងស្រុងមួយជាមួយកូរ៉េខាងជើង ដែលបានប្រើក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងជាមួយប្រទេសនេះ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលបន្តធ្វើឡើងវិញនូវសកម្មភាពយោធានៅតាមបណ្តោយព្រំដែននៃប្រទេសកូរ៉េទាំងពីរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។
ការសម្រេចនេះ ដែលត្រូវបានយល់ព្រមដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol គឺជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួន ក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបង្ហោះបាឡុងជាច្រើនគ្រឿងដែលផ្ទុកដោយកាកសំណល់សម្រាមនិងលាមកមកលើប្រទេសកូរ៉េខាងត្បូងនោះ។
ការសម្រេចនេះនឹងផ្តល់ដល់កងយោធាកូរ៉េខាងត្បូងអាចធ្វើសមយុទ្ធយោធារបស់ខ្លួនឡើងវិញ ដែលក្នុងនោះក៏មានសមយុទ្ធបាញ់គ្រាប់ពិតផងដែរនៅតាមបណ្តោយព្រំដែន និងនៅជិតកោះជួរមុខនានារបស់ខ្លួន។ ការសម្រេចនេះក៏នឹងអនុញ្ញាតឱ្យដាក់ឧបករណ៍បំពងសំឡេងធំៗ ដែលជាការផ្សព្វផ្សាយការឃោសនាទៅកាន់កូរ៉េខាងជើងឡើងវិញផងដែរ។
ភាពតានតឹងអន្តរកូរ៉េបានកើនឡើងកាលពីសប្តាហ៍មុន ក្រោយពីកូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយគ្រឿង ដែលផ្ទុកពេញដោយកាកសំណល់សម្រាមនិងលាមក មកទម្លាក់នៅតាមដងផ្លូវមមាញឹកនានា និងនៅតាមមុខផ្ទះរបស់ពលរដ្ឋកូរ៉េខាងត្បូង ក៏ដូចជានៅតាមកន្លែងសាធារណៈផ្សេងៗនៅទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។
ប្រទេសកូរ៉េខាងជើងនិយាយថា បាឡុងរបស់ខ្លួនដែលផ្ទុកដោយកាកសំណល់សម្រាមទាំងនោះ ជាការសងសឹកដល់ប្រទេសកូរ៉េខាងត្បូង ក្រោយពីសកម្មជនសិទ្ធិមនុស្សដែលល្បីឈ្មោះមួយរូប ដែលមានការិយាល័យក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះបាឡុងរបស់ខ្លួនជាច្រើនគ្រឿង ដែលភ្ជាប់ជាមួយនឹងសារឃោសនាប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជាខ្លឹមសារវប្បធម៌ទាន់សម័យរបស់កូរ៉េខាងត្បូងទៅក្នុងប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ យោធាកូរ៉េខាងត្បូងនិយាយថា សកម្មភាពរបស់កូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាជនកូរ៉េខាងត្បូង និងបានប្តេជ្ញាចិត្តធ្វើការសងសឹកដ៏ចាស់ដៃមួយតបវិញ រាល់អំពើបង្កហេតុណាមួយក្នុងពេលអនាគតរបស់កូរ៉េខាងជើង៕