ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងស្វែងរកដំណោះស្រាយការទូតជាមួយប្រទេសអ៊ីរ៉ង់ ជុំវិញករណីដែលនាវាដឹកប្រេងមួយគ្រឿងដែលបំពាក់ទង់ជាតិរបស់ខ្លួន ត្រូវបានឃាត់ទុកដោយកម្លាំងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ នៅក្នុងច្រកសមុទ្រ Hormuz។
ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានផ្សាយឲ្យដឹងថា មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Koh Kyung-sok ដែលជាប្រធានការិយាល័យកិច្ចការអាហ្វ្រិក និងមជ្ឈិមបូព៌ា បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោកSaeed Badamchi Shabestari ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារម្សិលមិញ ជុំវិញការចាប់នាវាដឹកប្រេងរបស់កូរ៉េខាងត្បូងនោះ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា មន្រ្តីការទូតរបស់ខ្លួនមួយក្រុម នឹងធ្វើដំណើរទៅអ៊ីរ៉ង់ ដើម្បីចរចាឲ្យដោះលែងនាវាដឹកប្រេងឈ្មោះ MT Hankuk Chemi និងអ្នកធ្វើការលើនាវានោះទាំងអស់ចំនួន២០នាក់ ដែលរួមមានជនជាតិកូរ៉េខាងត្បូង៥នាក់ មីយ៉ាន់ម៉ា១១នាក់ ឥណ្ឌូនេស៊ី២នាក់ និងវៀតណាម២នាក់។
ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានដាក់ពង្រាយកម្លាំងប្រឆាំងចោរសមុទ្រ ចំនួន៣០០នាក់ ជាមួយនាវាពិឃាដ Choi Young ដែលមានទម្ងន់៤,៤០០តោន ទៅតំបន់នោះផងដែរ។
កម្លាំងយោធារបស់អ៊ីរ៉ង់និយាយថា ខ្លួនបានចាប់នាវាដឹកប្រេងរបស់កូរ៉េខាងត្បូងMT Hankuk Chemi នៅពេល ដែលនាវានេះ កំពុងធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ទៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយសារទំនងជាបានរំលោភបរិស្ថាន។
ការចាប់នាវាដឹកប្រេងនេះ កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលនៃទីក្រុងតេហេរ៉ង់និងរដ្ឋាភិបាលនៃទីក្រុងសេអ៊ូល កំពុងស្ថិតក្នុងភាពជាប់គាំង ក្នុងការចរចាដើម្បីដោះលែងថវិការបស់អ៊ីរ៉ង់ដែលមានទឹកបា្រក់៧ពាន់ លានដុល្លារ ដែលត្រូវបានបង្កកដោយធនាគារកូរ៉េខាងត្បូង ចាប់តាំងពីសហរដ្ឋអាមេរិក បានរឹតបន្តឹងការដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ក្នុងពេលកន្លងមក។ អ៊ីរ៉ង់ចង់ប្រើប្រាស់ថវិកានោះ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមរយៈការទិញ និងចែកចាយនៃកម្មវិធីវ៉ាក់សាំងបង្ការជាសាកលរបស់អង្គការសហប្រជាជាតិ COVAX៕