កូរ៉េខាងត្បូងបានកោះហៅឯកអគ្គរដ្ឋទូតរុស្សីដើម្បីតវ៉ាចំពោះកិច្ចព្រមព្រៀងការពារជាតិថ្មីរបស់ប្រទេសរុស្ស៉ីជាមួយកូរ៉េខាងជើងកាលពីថ្ងៃសុក្រ ខណៈដែលភាពតានតឹងនៅតាមព្រំដែនបានបន្តកើនឡើងជាមួយនឹងការគំរាមកំហែងមិនច្បាស់លាស់ និងយ៉ាងខ្លី ដែលហាក់ដូចជាការវាយលុកលុយដោយចៃដន្យដោយទាហានកូរ៉េខាងជើង។
នៅព្រឹកថ្ងៃសុក្រ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចេញមុខគំរាមសងសឹក បន្ទាប់ពីសកម្មជនកូរ៉េខាងត្បូងបានបង្ហោះបាឡុងដែលមានបិតខិត្តបណ្ណឃោសនាប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែន ហើយយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានបាញ់ព្រមានកាលពីថ្ងៃមុន ដើម្បីបណ្តេញទាហានកូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនរបស់គូជម្លោះជាលើកទី ៣ ក្នុងខែនេះ។
ការណ៍នោះបានកើតឡើងពីរថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងព្យុងងយ៉ាងឈានដល់កិច្ចព្រមព្រៀងមួយដោយប្តេជ្ញាផ្តល់ជំនួយការពារគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារណាមួយ ហើយក៏កើតឡើងមួយថ្ងៃក្រោយដែលរដ្ឋាភិបាលក្រុងសេអ៊ូលបានឆ្លើយតបដោយនិយាយថា ខ្លួននឹងពិចារណាផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kim Hong Kyun បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgy Zinoviev ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Kim Jong Un ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងមូស្គូបញ្ឈប់ជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលរងការចោទប្រកាន់នោះ។
លោក Kim ដែលជាអ្នកការទូតកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលជួយកូរ៉េខាងជើងបង្កើនសមត្ថភាពយោធារបស់ខ្លួននឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូងនិងបានព្រមានពីផលវិបាកសម្រាប់ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងសេអ៊ូលជាមួយរដ្ឋាភិបាលក្រុងមូស្គូ។
ក្រសួងការបរទេសបាននិយាយថា លោក Zinoviev បានឆ្លើយតបថា លោកនឹងបង្ហាញការព្រួយបារម្ភរបស់ទីក្រុងសេអ៊ូលទៅកាន់ថ្នាក់លើរបស់លោកនៅទីក្រុងមូស្គូ។
យុទ្ធនាការតាមខិតបណ្ណដោយសកម្មជនស៊ីវិលកូរ៉េខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានជំរុញឱ្យមានការចាប់ផ្តើមឡើងវិញនៃសង្គ្រាមចិត្តសាស្ត្របែបសង្គ្រាមត្រជាក់នៅតាមព្រំដែនអន្តរកូរ៉េ៕