កូរ៉េ​ខាងត្បូង​បញ្ចេញ​យន្តហោះ​ចម្បាំង​ពេល​យន្តហោះ​ចម្បាំង​ចិន​និង​រុស្ស៊ី​ចូល​កៀក

រូប​ឯកសារ៖ យន្តហោះចម្បាំង​កូរ៉េខាងត្បូង​បានបាញ់​យន្តហោះ​រុស្ស៊ី​កាលពីថ្ងៃទី​២៣ កក្កដា ឆ្នាំ២០១៩។

យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃសុក្រ​ថា​ខ្លួន​បាន​បញ្ជា​ឱ្យ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ធ្វើ​ប្រតិបត្តិការ​បន្ទាន់ ពេល​យន្តហោះ​យោធា​ចិន ៥ គ្រឿង​និង​យន្តហោះ​យោធា​រុស្ស៊ី ៦ គ្រឿង​បាន​ហោះកាត់​តាម​តំបន់​ការពារ​ដែន​អាកាស​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

យន្តហោះ​យោធា​របស់​ចិន​ទាំង ៥ គ្រឿង​និង​របស់​រុស្ស៊ី​ទាំង ៦ គ្រឿង​នេះ​បាន​ចូល​និង​ចេញ​ពី​តំបន់​កំណត់​ដែន​ការពារ​អាកាស​របស់​កូរ៉េ​ខាងត្បូង (KADIZ) នៅ​សមុទ្រ​ខាងកើត (East Sea) និង​សមុទ្រ​ខាងត្បូង (South Sea) ពី​ម៉ោង ៩:៣៥ នាទី​ព្រឹក​ដល់​ម៉ោង ១:៥៣ នាទី​រសៀល​កាលពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង។

ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​រៀបរាប់​ថា យន្តយោះ​ទាំង​នោះ​បាន​ឆ្លង​ចូល​តំបន់​កំណត់​ដែន​ការពារ​អាកាស​របស់​កូរ៉េ​ខាងត្បូង «ដោយ​មិន​បាន​រំលោភ​ចូល​ដែន​អាកាស​របស់​កូរ៉េ​ខាងត្បូង​ទេ»។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា យោធា​កូរ៉េ​ខាងត្បូង «បាន​កំណត់​អត្តសញ្ញាណ​យន្តហោះ​នោះ​មុន​ពេល​វា​ចូល​ក្នុង​តំបន់ KADIZ ហើយ​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​ជើង​អាកាស​ទៅ​ចាត់​វិធានការ​បែប​យុទ្ធវិធី​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ស្ថានភាព​អាសន្ន​ណាមួយ»។

តំបន់​កំណត់​ដែន​ការពារ​អាកាស​គឺជា​តំបន់​ធំ​ជាង​ដែន​អាកាស​របស់​ប្រទេស​មួយ ដែល​ប្រទេស​នោះ ព្យាយាម​គ្រប់គ្រង​ការ​ហោះហើរ​របស់​យន្តហោះ​ផ្សេងៗ​ដោយសារ​មូលហេតុ​សន្តិសុខ តែ​គោល​គំនិត​កំណត់​ដែន​ការពារ​អាកាស​នេះ​មិន​បាន​កំណត់​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ណាមួយ​ទេ។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​ចាត់ទុក​ការ​ហោះហើរ​នោះ​ថា​ជា «ការ​ល្បាត​យុទ្ធសាស្ត្រ​រួមគ្នា​លើក​ទី ៩ របស់​ខ្លួន​ជាមួយ​រុស្ស៊ី» ដែល​បាន​ធ្វើឡើង​លើ​សមុទ្រ​ជប៉ុន (Sear of Japan) ដែល​នៅ​កូរ៉េ​ខាងត្បូង​គេ​ហៅ​ថា​សមុទ្រ​ខាងកើត (East Sea)។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​បន្ថែម​តាម​សារ​បង្ហោះ​លើ​ទំព័រ​បណ្តាញ​សង្គម​អនឡាញ​ផ្លូវការ​របស់​ខ្លួន​ថា​ការ​ហោះហើរ​នោះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃសុក្រ «ទៅតាម​ផែនការ​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​រវាង​យោធា​ចិន​និង​យោធា​រុស្ស៊ី»៕