កូរ៉េ​ខាង​ត្បូង​ថា ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង«បណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​សន្តិសុខ​យ៉ាង​ខ្លាំង»

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ញញឹមអំឡុងពេលជំនួបរបស់ពួកគេនៅអាកាសយានដ្ឋានអន្តរជាតិ Pyongyang Sunan នៅខាងក្រៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី ​«បណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​សន្តិសុខ​ដ៏​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ»។

ការអត្ថាធិប្បាយ​នៅឯ​ជំនួប​របស់​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​បាន​កើត​មាន​ឡើង​ បន្ទាប់ពី​លោក​ប្រធានាធិបតី Yoon និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការបញ្ជូន​កងទ័ព​កូរ៉េ​ខាង​ជើង​ទៅកាន់​សមរភូមិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​កើត​មាន​ឡើង «យ៉ាង​ឆាប់​រហ័ស​ជាង​ការរំពឹង​ទុក»។ នេះ​បើ​តាម​ការវាយ​តម្លៃ​ការស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង។

ក្រសួង​ការពារ​ជាតិ​សហដ្ឋ​អាមេរិក ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កងទ័ព​ប្រហែល ១ម៉ឺន​នាក់ ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ច្រើន​ជាង ៣ ដង​នៃ​ការប៉ាន់ស្មាន​កាលពី​ពេល​មុន។

អ្នក​ស្រី Sabrina Singh អ្នក​នាំពាក្យ​រង​ក្រសួង​ការពារជាតិ​អាមេរិក ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅឯ​មន្ទីរបច្ចៈកោណ​ថា៖ «យើង​ជឿ​ថា ​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ទាហាន​ទាំង​អស់​ប្រហែល ១ម៉ឺន​នាក់​ ទៅ​ហ្វឹកហាត់ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី​ ដែល​នឹង​ប្រហែល​បន្ថែម​កងទ័ព​រុស្ស៊ី​ នៅជិត​អ៊ុយក្រែន​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ»។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «មួយ​ផ្នែក​នៃ​ទាហាន​ទាំង​នោះ​បាន​រំកិល​ខិត​កាន់តែ​ជិត​ទៅ​នឹង​ប្រទេស​អ៊ុយក្រែន​ហើយ យើង​មាន​ការព្រួយ​បាម្ភ​យ៉ាង​ខ្លាំង​ថា​ រុស្ស៊ី​មាន​បំណង​ប្រើ​ប្រាស់​ទាហាន​ទាំង​អស់​នោះ​នៅ​ក្នុង​ការប្រយុទ្ធ​ឬគាំទ្រ​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អង្គការ​អូតង់​បាន​បញ្ជាក់​ថា ​ទាហាន​កូរ៉េ​ខាងជើង​ ៣ ពាន់​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ុយក្រែន ​ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ ជា​ទីកន្លែង​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ឈ្លានពាន​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយ​ កាលពី​ខែ​សីហា​ ហើយ​នៅ​កាន់កាប់​ទឹកដី​នោះ​នៅ​ឡើយ។

អគ្គលេខាងធិការ​អង្គការ​អូតង់​បាន​និយាយ​ថា ​ការបញ្ជូន​កងទ័ព​កូរ៉េ​ខាង​ជើង​ជា​សញ្ញា​មួយ​នៃ «ការអស់សង្ឃឹម​កាន់តែ​ខ្លាំង​ឡើង» ស្តីពី​ផ្នែក​មួយ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ លោក Rutte បាន​បន្ថែម​ទៀត​ថា​ កងទ័ព​រុស្ស៊ី​ជាង ៦សែន​នាក់ ​បាន​ត្រូវ​សម្លាប់​ ឬ​រងរបួស​ចាប់តាំងពី​ការឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២២​ មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press, Agence France-Presse និង Reuters