កូរ៉េ​ខាងត្បូង​ថា​ទាហាន​កូរ៉េ​ខាងជើង​ប្រហែល ៣០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន

ទាហាន​រុស្ស៊ី​បាញ់​តម្រង់​ទៅ​កាន់​ទីតាំង​អ៊ុយក្រែន​នៅ​ព្រំដែនរុស្ស៊ី។

ទាហាន​កូរ៉េ​ខាងជើង​ប្រហែល ៣០០ នាក់​ត្រូវបាន​សម្លាប់​និង ២.៧០០ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​ដែល​បាន​ប្រាប់​សមាជិក​សភា​កូរ៉េ​ខាងត្បូង​នៅក្នុង​ការ​ជូន​ដំណឹង​បិទ​ទ្វារ​មួយ​កាលពី​ថ្ងៃ​ចន្ទ។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ចូលរួម​នៅក្នុង​ការ​សួរ​ចម្លើយ​ទាហាន​កូរ៉េ​ខាងជើង​ជាច្រើន​នាក់​ដែល​កងទ័ព​អ៊ុយក្រែន​ចាប់ខ្លួន​បាន។

ការ​ជូន​ដំណឹង​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាស​អំពី​ការ​ចាប់ខ្លួន​បាន​ទាហាន​កូរ៉េ​ខាងជើង​ពីរ​នាក់​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី ដែល​នៅ​ទីនោះ​កងទ័ព​អ៊ុយក្រែន​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​កាលពី​ខែ​សីហា​ឆ្នាំ​មុន។

លោក Zelenskyy បាន​និយាយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​លោក​នឹង​បញ្ជូន​ទាហាន​កូរ៉េ​ខាងជើង​ដែល​ចាប់ខ្លួន​បាន​នោះ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​វិញ ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un រៀបចំ​ការ​ដោះដូរ​ជាមួយ​ទាហាន​អ៊ុយក្រែន​ដែល​កំពុង​ជាប់​ឃុំ​នៅ​រុស្ស៊ី។

លោក Zelenskyy ថា មិន​យូរ​មិន​ឆាប់​អ៊ុយក្រែន​គង់​នឹង​អាច​ចាប់ខ្លួន​ទាហាន​កូរ៉េ​ខាងជើង​បាន​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ និង​ថា​យោធា​រុស្ស៊ី «ពឹងពាក់​លើ​ជំនួយ​យោធា​ពី​កូរ៉េ​ខាងជើង»៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។