ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសកូរ៉េខាងត្បូងជឿថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងផ្លោងជាងមួយលានគ្រាប់ទៅឱ្យប្រទេសរុស្ស៊ីតាំងពីខែសីហាមកដើម្បីជួយផ្គត់ផ្គង់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើសមាជិកសភាម្នាក់ដែលបានចូលរួមក្នុងការប្រជុំជូនដំណឹងបិទទ្វារមួយនៅថ្ងៃពុធនេះជាមួយនឹងក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់។
កូរ៉េខាងជើងនិងរុស្ស៊ីបានជំរុញយ៉ាងសកម្មនូវភាពលេចធ្លោនៃភាពជាដៃគូរបស់ពួកគេនៅក្នុងការប្រឈមនឹងការប្រឈមមុខដាក់គ្នាខ្លាំងក្លាដាច់ដោយឡែកពីគ្នាជាមួយនឹងសហរដ្ឋអាមេរិក។
ការទូតរបស់ប្រទេសទាំងពីរដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Putin កាលពីខែកញ្ញា បានបង្កឱ្យមានក្ដីបារម្ភថាកូរ៉េខាងជើងអាចនឹងផ្គត់ផ្គង់ដល់រុស្ស៊ីនូវសព្វាវុធដែលត្រូវការចាំបាច់បំផុតដើម្បីជាថ្នូរនឹងការទទួលបានបច្ចេកវិទ្យាទំនើបរបស់រុស្ស៊ីដែលនឹងពង្រឹងដល់យោធាប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់លោក Kim។
ទាំងកូរ៉េខាងជើងនិងទាំងរុស្ស៊ីសុទ្ធតែបានប្រឆាំងនឹងការអះអាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលថា កូរ៉េខាងជើងកំពុងផ្ទេរគ្រឿងផ្គត់ផ្គង់ជាសព្វាវុធដល់រុស្ស៊ី។
បើយោងតាមសមាជិកសភាកូរ៉េខាងត្បូងលោក Yoo Sang-bum ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងជឿថាកូរ៉េខាងជើងបានដឹកជញ្ជូនគ្រាប់ផ្លោងកាំភ្លើងធំជាងមួយលានគ្រាប់ទៅឱ្យប្រទេសរុស្ស៊ីតាមកប៉ាល់និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតតាំងពីដើមខែសីហាមក ដើម្បីជួយជំរុញដល់សមត្ថភាពធ្វើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Yoo បាននិយាយថា គ្រាប់ផ្លោងទាំងនោះអាចស្មើនឹងការផ្គត់ផ្គង់រយៈពេលប្រហែលពីរខែដល់រុស្ស៊ី។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងជឿថា កូរ៉េខាងជើងបានធ្វើប្រតិបត្តិការរោងចក្រសព្វាវុធរបស់ខ្លួនពេញទំហឹងដើម្បីបំពេញតាមតម្រូវការសព្វាវុធរបស់រុស្ស៊ី និងបានកៀរគរពលរដ្ឋឱ្យបង្កើនផលិតកម្ម។ នេះបើតាមការបញ្ជាក់របស់លោក Yoo។
គេក៏ឃើញមានសញ្ញាផងដែរថា កូរ៉េខាងជើងបានបញ្ជូនអ្នកជំនាញផ្នែកសព្វាវុធទៅកាន់ប្រទេសរុស្ស៊ីកាលពីខែតុលាដើម្បីផ្ដល់ប្រឹក្សាដល់មន្ត្រីរុស្ស៊ីអំពីវិធីប្រើសព្វាវុធដែលកូរ៉េខាងជើងបានបញ្ជូនទៅឱ្យរុស្ស៊ី។
មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំឱ្យបញ្ជាក់អំពីការអះអាងរបស់លោក Yoo អំពីការប្រជុំនេះទេ៕