ប្រទេស​កូរ៉េ​ខាង​ត្បូង​បដិសេធ​ការ​ទាមទារ​របស់​លោក​ត្រាំ​ចំនួន​១ពាន់​លាន​ដុល្លារ​ថ្លៃ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD

យន្តហោះ​ប្រតិកម្ម​ល្បឿន​លឿន​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​តំបន់ Seongju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០១៧។

រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយ​បដិសេធ​ភ្លាមៗ​ចំពោះ​ការ​ស្នើ​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណល់ ត្រាំ​ដែល​សុំ​ឱ្យ​រដ្ឋបាល​ទីក្រុង​សេអ៊ូល​បង់ប្រាក់​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD។

ក្រសួង​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​បញ្ជាក់​ថា «មិន​មាន​ការ​ផ្លាស់​ប្តូរ​រវាងគោលជំហរ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ទេ​ក្នុង​ការ​ទទួល​រ៉ាប់រង​តម្លៃ​នៃ​ការ​ថែទាំ ប្រតិបត្តិការ និង​ការ​តម្លើង​ប្រព័ន្ធ​កាំជ្រួច​ការពារ​មីស៊ីល​ THAAD។

ការ​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​មុន​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​ និង​លោកស្រី ​Park Geun-hye​ ដែល​ជា​ប្រធានាធិបតី​កាល​ពី​ពេល​នោះ។ លោក​ស្រី Park អាច​គេច​ផុត​ចេញ​ពី​ការ​ទាមទារ​នេះ​បាន​ដោយ​ស្នើ​ឱ្យ​មាន​ការ​អនុម័ត​យល់ព្រម​ពី​សភាជាតិ​លើ​កិច្ច​ព្រមព្រៀង​នេះ​ ហើយ​ប្រកាស​ថា មិន​មាន​ការ​ទាមទារ​ប្រាក់​បន្ថែម​ចំពោះ​ការ​ដាក់​តម្លើង​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD ទេ។

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​ Reuters ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា​លោក​ចង់​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចេញ​ថ្លៃ​ចំណាយ​លើ​ការ​តម្លើង​ប្រព័ន្ធ​កាំជ្រួច​ការពារ​មីស៊ីល THAAD។

អតីត​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប៉ាន់ស្មាន​ថា​ តម្លៃ​នៃ​ប្រព័ន្ធ​ការពារ​នេះ​មាន​ប្រហែល​មួយ​ពាន់​ពីរ​រយ​លាន​ដុល្លារ ប៉ុន្តែ​បាន​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​មិន​ចង់​លក់​ប្រព័ន្ធ​ THAAD នេះ​ទៅឱ្យ​រដ្ឋបាល​ទីក្រុង​សេអ៊ូល​ទេ។

លោក​ត្រាំ​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ថា ​លោក​ចង់​ដោះស្រាយ​វិបត្តិនេះ​ដោយ​សន្តិវិធី​ ដែល​អាច​តាម​រយៈការ​ប្រើប្រាស់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ​បាន​បន្ថែម​ថា «អាច​នឹង​មាន​ឱកាស​ដែល​នឹង​បញ្ចប់​ដោយ​មាន​ទំនាស់​យ៉ាង​ធំ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង‍»៕