តុលាការ​កូរ៉េ​កាត់ទោស​នាយក​និង​ក្រុមនាវិក​កប៉ាល់​លិច​ដែល​សម្លាប់​មនុស្ស​៣០០​នាក់

នាវិក​នាយក Lee Joon-seok នាវា​ចម្លង​ Sewol (ទី៣​រាប់​ពី​ស្តាំ) អង្គុយ​ជាមួយ​នាវិក​ផ្សេង​ទៀត នៅក្នុង​ពេល​ចាប់ផ្តើម​ដំណើរការ​សាលក្រម​នៅ​ក្នុង​បន្ទប់​តុលាការ​មួយ​នៅក្រុង Gwangju នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។

នាវិក​នាយក ដែល​បាន​បោះ​បង់​នាវា​ចម្លង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​នៅ​ពេល​វា​លិច​កាល​ពី​ខែ​មេសានោះ បាន​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់គុក​៣៦​ឆ្នាំ។​ តុលាការ​មួយ​បាន​រក​ឃើញ​ថា​ លោក​និង​សមាជិក​នៃ​ពួកនាវិក​របស់​លោក​មាន​ការ​ធ្វេស​ប្រហែស​ ក៏​ប៉ុន្តែ​មិនទទួល​ខុស​ត្រូវ​ដល់​ការ​បណ្តាល​ឱ្យ​មាន​ការ​ស្លាប់​នៃ​អ្នក​ដំណើរ​៣០០​នាក់​ដែល​ភាគច្រើន​ជា​ពួក​សិស្ស​ទេ។

នាវិក​នាយក​ Lee Joon-seok ​ទំនង​ជា​នឹង​ចំណាយ​ពេល​វេលា​សេស​សល់​ក្នុង​ជីវិត​លោក​នៅ​ក្នុង​គុក។​ ពួក​រដ្ឋអាជ្ញា​ចង់​ឱ្យ​នាវិក​នាយកអាយុ​៦៨​ឆ្នាំ​រូប​នេះ​ទទួល​ទោស​ប្រហារ​ជីវិត​ ក៏​ប៉ុន្តែ​ពួក​ចៅក្រម​នៅ​ក្នុង​តុលាការ​នេះ​ក្នុង​ក្រុង​ Gwangju​ បាន​សម្រេច​ថា​ គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា​ លោក​ Lee​ ឬ​ពួក​នាវិក​របស់​លោក​ចង់​ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំង​នេះ​ស្លាប់ទេ។​ លោក​ Lee ​បាន​ត្រូវ​រក​ឃើញ​ថា​ មាន​ទោស​ពី​បទ​«ធ្វេស​ប្រហែស​ធ្ងន់ធ្ងរ»។​

នាវិក​នាយក​រូបនេះឋិត​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស​ដំបូង​គេ​ដែល​បាន​ត្រូវ​ជួយ​សង្គ្រោះ​នៅ​ពេល​នាវានោះលិច។​

ការ​កាត់​ទោស​ឱ្យ​លោក​ Lee​ ជាប់គុក​៣៦​ឆ្នាំមិន​គ្រប់គ្រាន់​ទេ​សម្រាប់​សមាជិក​ខ្លះ​នៃ​គ្រួសារ​ពួក​ជន​រង​គ្រោះ​ ដូច​ជា​លោក​ Kwon Oh-hyun ​ជាដើម​ដែល​មាន​ប្អូនប្រុស​ស្លាប់​នៅ​ក្នុង​កប៉ាល់​ចម្លង​នោះ។​

លោក​ Kwon​ និយាយ​ថា​ ជា​ការ​មិនអាច​យល់​បាន​ជា​ដាច់ខាត​ថា ​តើ​សាល​ក្រម​នេះ​បាន​ត្រូវ​សម្រេចដោយ​បែបណា។​ លោក​និយាយ​ថា​ សាលក្រម​នេះ​មិន​អាច​យក​មក​ទូទាត់​គ្នា​ជាមួយ​ការ​ស្លាប់​របស់​មនុស្ស​៣០៤​នាក់​បាន​ទេ។​

ជន​២៥០​នាក់​ក្នុង​បណ្តា​អ្នក​ដំណើរទាំង​នោះ​ជា​ពួក​សិស្ស​វិទ្យាល័យ​ដែល​ធ្វើ​ដំណើរ​ទស្សន​សិក្សា។​

សេចក្តី​រាយ​ការណ៍​នានា​ចែង​ថា​ ពួក​រដ្ឋអាជ្ញា​ក៏​មិន​សប្បាយ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ចៅក្រម​ដែរ ​ហើយ​នឹង​តវ៉ា​ទ្បើង​ឧទ្ធរណ៍។​

ជន​ខ្លះ​ក្នុង​បណ្តា​ពួក​អ្នក​ដំណើរ​ដែល​រួច​ជីវិត​ពី​មហន្តរាយ​នេះ​បាន​និយាយ​ថា​ ពួក​នាវិក​បាន​និយាយ​ប្រាប់​ពួក​គេ​ឱ្យ​ឋិត​នៅក្នុង​នាវា​នោះ​ នៅ​ពេល​វា​ចាប់ផ្តើម​លិច។

មនុស្ស​ខ្លះ​ក្នុង​បណ្តា​ពួក​នាវិក​១៤​នាក់​ទៀត​ដែល​បាន​ត្រូវ​កាត់​ទោស​បាន​ទទួល​ទោស​ជាប់គុក​ ​រយៈពេល​ផ្សេងៗ​គ្នា។​

វិស្វករទី​មួយ​នៃនាវា​ចម្លង​ Sewol ​បាន​ត្រូវ​រក​ឃើញ​ថា​ ទទួល​ខុស​ត្រូវ​ដល់​ការ​ស្លាប់​នៃ​នាវិក​ពីរ​នាក់​ដែល​ពួក​ចៅក្រម​និយាយ​ថា ​លោក​អាច​ជួយ​សង្គ្រោះ​បាន។

លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​៣០​ឆ្នាំ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ឈប់​ការ​ស្វែង​រក​អ្នក​ដំណើរ​៩​នាក់​ដែល​គេ​មាន​ជំនឿ​ថា ​សាកសព​ពួក​គេ​ឋិត​នៅ​ក្នុង​កប៉ាល់​ដែល​លិច​នោះ។​

លោក​ Lee Joo-young​ រដ្ឋមន្ត្រី​ក្រសួងនាវាចរណ៍សមុទ្រ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​ បាន​និយាយ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​រក​សាកសព​អ្នក​ដំណើរទាំង​នេះ​មាន​គ្រោះថ្នាក់​ច្រើន​ណាស់។​

លោក​ Lee និយាយ​ថា​ នៅ​ពេល​នេះ​រដ្ឋាភិបាល​នឹង​សម្រេច​ថា ​នឹងស្រង់​កប៉ាល់​នោះ​ពី​ទឹក​នៅ​ពេល​ណា​ និង​ដោយ​បែបណា។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ពិគ្រោះ​ជា​មួយ​គ្រួសារ​នៃ​ពួក​ជន​ដែល​នៅ​បាត់ខ្លួន​នៅ​ទ្បើយ​នោះ។​

លោក​រដ្ឋមន្ត្រី​ Lee​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​ការ​គ្មាន​ជោគជ័យ​ក្នុង​ការ​នាំយក​សាកសព​ទាំង​នោះ​មក​កាន់ច្រាំង​សមុទ្រ​ជា​បន្ទុក​របស់​លោក។​

លោក ឈឹម សុមេធ​ ប្រែ​សម្រួល