អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់​ផ្តើម​ល្បែង​សង្រ្គាម​ ខណៈ​មាន​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​

An Indian Muslim worker applies colors on Kalavas (sacred threads) in Ajmer in the Indian state of Rajasthan.

សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធាជារួម​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​គំរាម​ថា ខ្លួន​នឹង​សងសឹក​ប្រសិន​បើ​ល្បែង​សង្រ្គាម​នេះ​ក្លាយ​ទៅ​ជា​ការវាយប្រហារ​។ កូរ៉េខាងជើង​តែងតែ​ធ្វើ​ការគំរាមយ៉ាង​ដូច្នេះ​ជា​រៀងរាល់​ឆ្នាំ។

​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​មាន​រយៈពេល​៨​សប្តាហ៍ ​ហើយ​ត្រូវ​បាន​គេ​គ្រោង​ទុក​ជាមុន​យ៉ាង​ម៉ត់ហ្មត់។ សមយុទ្ធ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ចាប់​ផ្តើម​ឡើង​ដោយ​កងកម្លាំង​យោធា​របស់សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ជិះ​យានយន្ត​សម្រាប់​ប្រយុទ្ធ​ទៅ​កាន់​ឆ្នេរសមុទ្រ​មួយ​នៅ​ប៉ែក​ខាងកើត​ប្រទេស​កូរ៉េខាងត្បូង។

​ក្រសួង​ការពារ​ជាតិ​របស់​កូរ៉េខាងត្បូង​ហៅ​សមយុទ្ធ​នេះ​ថា​ជា​ «សមយុទ្ធ​ដ៏​ធំ​ជាងគេ​បង្អស់» ដោយ​មាន​កងកម្លាំង​យោធា​របស់​កូរ៉េខាងត្បូង​ចំនួន​៣០០.០០០​នាក់​និង​កងកម្លាំង​យោធា​របស់​អាមេរិក​មាន​យ៉ាងហោចណាស់​ចំនួន​១​៧.០០០នាក់​ចូលរួម។

នៅ​ក្នុង​សារលិខិត​មួយ​របស់​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​មុន​ពេល​ដែល​សមយុទ្ធ​នេះ​បាន​ចាប់​ផ្តើម​ មាន​សេចក្តី​ថា នាវា​ចម្បាំង​របស់​អាមេរិក​ចំនួន​ប្រមាណ​៥៥​គ្រឿង និង​នាវា​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​ចំនួន​៣០​គ្រឿង​កំពុង​តែ​ចូលរួម​នៅ​ក្នុង​ល្បែង​សង្គ្រាម​ក្បែរ​ទីក្រុង Pohang។

កងយោធា​របស់​កូរ៉េខាងជើង​បាន​ថ្លែង​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងកងកម្លាំង​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង ដោយ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ប្រយុទ្ធ​ដ៏​ច្បាស់​លាស់​និង​ខ្លាំងក្លាបំផុត​របស់​កូរ៉េ។

ជា​ការឆ្លើយតប​នឹង​ការគំរាមកំហែង​នេះ​ ក្រសួង​ការពារ​ជាតិ​របស់​កូរ៉េខាងត្បូង​ ក៏​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង Pyongyang ពី​ឥរិយាបថ​គឃ្លើន​និងបង្ករឿង​របស់កូរ៉េខាងជើង​ផង​ដែរ​៕