ការធ្វើដំណើរកម្សាន្តដើម្បីស្វែងយល់អំពីខ្លួនឯង (soul-searching trip) ជាការធ្វើដំណើរតែម្នាក់ឯងដែលអាចជួយយុវជនកម្ពុជាឲ្យរកឃើញចំណង់ចំណូលចិត្ត ពិតប្រាកដនិងអាជីពដែលពួកគាត់ចង់បាននៅពេលអនាគត។ នេះជាការអះអាងរបស់លោក ត្រាំ លីរតនៈ អ្នកថតរូបបែបទេសចរណ៍និងជាអ្នកថតរូបខ្មែរដំបូងមួយរូបដែលប្រើបច្ចេកវិជ្ជាយន្តហោះគ្មានមនុស្សបើក (drone)។
Your browser doesn’t support HTML5
លោក ត្រាំ លីរតនៈ ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចំនួន២៣រួចទៅហើយនោះ បានថ្លែងនៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី (ហេឡូវីអូអេ) កាលពីថ្ងៃច័ន្ទទី១៩ ខែមករា ឆ្នាំ២០១៤ ថានៅប្រទេសនានាអាយុល្អសម្រាប់ធ្វើដំណើរបែបនេះមិនមានកំណត់ជាក់លាក់ទេ ប៉ុន្តែលោកផ្តល់យោបល់ថា៖
«សម្រាប់យុវជនកម្ពុជា ខ្ញុំគិតថាគួរធ្វើដំណើរនៅពេលដែលខ្លួនឯងទើបតែរៀនចប់ថ្នាក់ទី១២។ ប្រសិនបើអាចទៅរួចគឺប្រហាក់ប្រហែលថ្នាក់ទី១១ ចូលថ្នាក់ទី១២ នៅពេលវ៉ាកង(វិសមកាល)ធំ រយៈពេល៣ខែវាសមរម្យគួរសមដែរ គឺជាឱកាសមួយដ៏ល្អសម្រាប់ស្វែងយល់អំពីខ្លួនឯងឲ្យកាន់តែច្បាស់ ថាខ្លួនឯងស្រឡាញ់អ្វី ចង់បានអ្វីក្នុងអនាគត។»
លោកថ្លែងថា សិស្សវិទ្យាល័យអាចមានការលំបាកក្នុងការសម្រេចចិត្តថានឹងរៀនមុខជំនាញអ្វីនៅពេលចូលមហាវិទ្យាល័យ ហើយសូម្បីយុវនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានាក៏អាចជួបប្រទះនឹងការមិនពេញចិត្តនឹងជំនាញដែលខ្លួនកំពុងរៀននោះឬការងារដែលខ្លួនកំពុងធ្វើ។ នេះគឺដោយសារការសម្រេចចិត្តរបស់គាត់បានទទួលឥទ្ធិពលពីគ្រួសារ ឬ សង្គម ដែលធ្វើឲ្យពួកគេមិនបានដឹងពីគោលបំណងពិតប្រាកដរបស់ពួកគេទេ។
សព្វថ្ងៃ លោក រតនៈ បម្រើការខាងផ្នែកថតរូប ដែលខុសខ្លាំងពីការងារដែលលោកធ្លាប់បានបម្រើការនៅក្រសួងការបរទេស។ ម្យ៉ាងទៀតលោកក៏បានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈពីប្រទេសកូរ៉េខាងត្បូង និងបរិញ្ញាប័ត្រខាងប្រព័ន្ធផ្សព្វផ្សាយនិងបង្រៀនភាសាអង់គ្លេស។
លោកបានធ្វើការសម្រេចចិត្តប្តូរអាជីពបែបនេះនៅក្រោយលោកបានធ្វើដំណើរ soul-searching នេះ ដែលចុងក្រោយគឺរយៈពេលរហូត៦ខែនៅសហរដ្ឋអាមេរិក។ លោកថាការធ្វើដំណើរបែបនេះផ្តល់ប្រយោជន៍ជាងការធ្វើតេស្តសាកល្បងខ្លួនឯងនៅសាលារៀន ដែលជាកន្លែងយើងមានការស៊ាំរួចទៅហើយ (comfort zone)។
«វាធ្វើឲ្យយើងឆ្លងកាត់បទពិសោធន៍ថ្មីៗផ្សេងៗជាក់ស្តែងតែម្តង ជួបមនុស្សអស្ចារ្យជាច្រើន ហើយអាចជួបសកម្មភាពទេសភាព ឬក៏វប្បធម៌សង្គមនានា ដែលក្រៅពីសង្គមខ្មែរយើង។ ដូច្នេះវាបើកទូលាយចិត្តយើងឲ្យយើងដឹងខ្លួនឯងកាន់តែច្បាស់ ហើយយើងនឹងសម្រេចចិត្តសម្រាប់អនាគតយើងកាន់តែល្អជាងមុន។»
អ្នកថតរូបអាជីពរូបនេះទទួលស្គាល់ថា យុវជនកម្ពុជាអាចមានការលំបាកខ្លះក្នុងការរៀបចំធ្វើដំណើរបែបនេះជាលើកដំបូងដោយជួបប្រទះនឹងកង្វះថវិកាក៏ដូចជាកង្វល់អំពីសន្តិសុខជាដើម។ ប៉ុន្តែលោកថា នៅប្រទេសមួយចំនួន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផងដែរ មានការរៀចចំជាផ្ទះសំណាក់ឬសណ្ឋាគារយុវជន (youth hostel) ដែលមានតម្លៃថោកសមរម្យ ហើយយុវជនក៏អាចពិនិត្យលទ្ធភាពការប្រើបណ្តាញស្នាក់នៅតាមផ្ទះពលរដ្ឋសាមញ្ញ Couch Surfing ជាដើម។
ទោះបីការធ្វើដំណើរតែម្នាក់ឯងជាលើកដំបូងនេះអាចមានការលំបាកច្រើនក្តី ក៏លោក ត្រាំ លីរតនៈ មិនលើកទឹកចិត្តឲ្យធ្វើដំណើរជាមួយក្រុមគ្រួសារឬមិត្តភក្តិទេ ព្រោះការធ្វើដំណើរជាក្រុមនេះ នឹងមិនអាចផ្តល់បទពិសោធន៍នៃការនៅដាច់ពីមជ្ឈដ្ឋានដែលយើងស្គាល់ហើយនោះទេ ដើម្បីឲ្យយើងអាចដឹងអំពីខ្លួនឯងច្បាស់ជាងមុន៕