នៅក្នុងសវនាការជំនុំជម្រះនាថ្ងៃព្រហស្បតិ៍នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានការពារខ្លួននៅសាលាដំបូងរាជធានីភ្នំពេញថា លោកមិនបានបរិហារកេរ្តិ៍ស្ថាប័នរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលបានប្តឹងរូបលោកកាលពីខែមិថុនា ឆ្នាំ២០២២នោះទេ។
ក្រោយពីបញ្ចប់សវនាការជំនុំជម្រះរយៈពេលជាង៣ម៉ោងលើសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)នោះ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានថា លោកមិនបានធ្វើអ្វីខុស និងមិនបានបរិហារកេរ្តិ៍ ឬចោទប្រកាន់គ.ជ.ប.ថា លួច និងទិញសន្លឹកឆ្នោតប្រជាពលរដ្ឋ ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ។ លោកថា លោកគ្រាន់តែលើកឡើងពីភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់ដើម្បីឱ្យគ.ជ.ប.ពិនិត្យ និងកែសម្រួលឱ្យល្អតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គឺជាក់ស្តែងយើងអត់មានកំហុសអ្វីទាល់តែសោះ អត់មានចំណុចណាដែលខ្ញុំនិយាយបរិហារកេរ្តិ៍គ.ជ.ប.សោះ។ ទោះបីជានិយាយអំពីការលួចសន្លឹកឆ្នោត ការបំភិតបំភ័យ យើងអត់បាននិយាយពីគ.ជ.ប.ទៅបំភិតបំភ័យអ្នកណា។ យើងអត់បាននិយាយគ.ជ.ប.ទៅទិញដូរសន្លឹកឆ្នោតទាល់តែសោះ»។
លោក សុន ឆ័យ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅក្នុងអង្គសវនាការ ភ័ស្តុតាងដែលគ.ជ.ប.សំអាងដើម្បីដាក់បន្ទុកលើរូបលោកគឺមិនបានបង្ហាញអ្វីជាក់លាក់នោះទេ ដោយយកត្រឹមតែសេចក្តីសំអាងរបស់អយ្យការក្នុងការដាក់បន្ទុក ដែលលោកថា វាមិនសមហេតុផលនោះទេ។ លោកថា ភ័ស្តុតាងរបស់លោកគឺសំអាងតាមទិដ្ឋភាពជាក់ស្តែងនៃភាពមិនប្រក្រតី ដែលរួមមានគណបក្សយ៉ាងតិច៣ និងអង្គការសង្គមស៊ីវិលក៏បានកត់សម្គាល់ពីភាពមិនប្រក្រតីនោះដូចគ្នា។
លោកបន្តថា៖ «គ.ជ.ប. គាត់យកសំអាងពីអ្នកសង្កេតការណ៍អន្តរជាតិអីជាដើម ប៉ុន្តែយើងមិនឃើញរបាយការណ៍គាត់ទេ ឃើញតែការសរុបរបស់តំណាងអយ្យការ។ ហើយក្នុងនោះមាននិយាយពី[មន្រ្តី]ទូតអូស្ត្រាលី៨រូប ហើយខ្ញុំបានជួបអគ្គរាជទូតអូស្ត្រាលី គាត់បានបញ្ជាក់ហើយអ្នក៨រូបគ្រាន់តែទៅមើលជាទូទៅទេ។ គាត់អត់បានធ្វើសេចក្តីថ្លែងការណ៍វាយតម្លៃអីទេ។ ដូច្នេះការយកសំអាងដោយអយ្យការមិនសមហេតុផលទេ។ អយ្យការបានយកសំអាងនេះសុទ្ធតែជាសំអាងមួយដែលគ្មានតម្លៃពិត មិនមានគុណភាព និយាយឱ្យចំ»។
លោក សុន ឆ័យ យល់ថា ការប្តឹងរូបលោកមិនគួរកើតមាននោះទេ ព្រោះការរិះគន់ពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត គឺគណបក្សផ្សេង និងអង្គការសង្គមស៊ីវិលក៏កត់សម្គាល់ និងរិះគន់ស្រដៀងគ្នានេះផងដែរ។
លោក សុន ឆ័យ បន្ថែមទៀតថា ចៅក្រមមិនសូវបានផ្តល់ឱកាសឱ្យមេធាវីរបស់លោកនិយាយ និងបកស្រាយទេ ខណៈចៅក្រមហៅតែមេធាវីតំណាងគ.ជ.ប.ឱ្យឡើងនិយាយច្រើនជាង។
លោក សុន ឆ័យ ត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះការអត្ថាធិប្បាយពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងទៅ ជាមួយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីកន្លងទៅ។ គ.ជ.ប.បានស្នើសុំតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប.ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ នេះ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់វីអូអេថា គ.ជ.ប.មិនអាចបញ្ជាក់អ្វីច្រើននោះទេ ព្រោះសំណុំរឿងនេះស្ថិតក្នុងដៃរបស់តុលាការហើយ។ ដោយឡែកទាក់ទងនឹងការលើកឡើងថា គ.ជ.ប.ជាអាជ្ញាកណ្តាល បែរទៅវាយអ្នកប្រកួតប្រជែង លោកបានប្រតិកម្មតបថា បើអាជ្ញាកណ្តាលត្រូវគេវាយ តើគួរប្តឹង ឬយ៉ាងណា?
លោកចោទសួរថា៖ «ខ្ញុំសូមដាក់សំណួរវិញថា នៅក្នុងការប្រកួតបាល់ទាត់ ប្រសិនជា អាជ្ញាកណ្តាលត្រូវគេវាយបែកក្បាល សួរថា គួរតែប្តឹង ឬមិនប្តឹង?»
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បាននៅឡើយទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានតាមដានសវនាការនេះ ប្រាប់អ្នកសារព័ត៌មានថា ការបញ្ចេញមតិទាក់ទងដំណើរការបោះឆ្នោតត្រូវតែដោះស្រាយតាមយន្តការរបស់គ.ជ.ប. ដោយមិនគួរដោះស្រាយ ឬប្តឹងផ្តល់នៅតុលាការនោះទេ។ ម្យ៉ាងទៀត លោកថា គ.ជ.ប.ត្រូវតែទទួលយកការរិះគន់ដើម្បីធ្វើការកែលម្អក្នុងការធ្វើឱ្យប្រជាពលរដ្ឋទុកចិត្តបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ហើយអ្វីដែលគេទិតៀន គ.ជ.ប.គួរតែទទួលយកនូវការទិតៀនទាំងអស់នោះដើម្បីយកមកកែទម្រង់ខ្លួនឯងដើម្បីធ្វើឱ្យប្រជាជនទុកចិត្តថា គ.ជ.ប.ជាស្ថាប័នមួយដែលឯករាជ្យ។ អានេះគឺត្រឹមត្រូវវិញ បាទ»។
បើតាមលោក សុន ឆ័យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ តុលាការនឹងប្រកាសសាលក្រមទាក់ទងសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងដោយគ.ជ.ប. ហើយក្នុងថ្ងៃដដែលនេះ តុលាការក៏នឹងបើកសវនាការតតាំងក្តីពីបទបរិហារកេរ្តិ៍មួយទៀតតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារសំណងពីរូបលោកប្រមាណ១លានដុល្លារអាមេរិក។ ពាក្យបណ្តឹងនោះគឺពាក់ព័ន្ធនឹងការថ្លែងរបស់លោក សុន ឆ័យ ភ្ជាប់ជាមួយពាក្យពេចន៍មួយចំនួន ដូចជាថា «លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»៕