អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ នឹងចូលខ្លួនទៅជំនុំជម្រះផ្ទាល់នៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីអ្នកនយោបាយជំទាស់រូបនេះត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះការអត្ថាធិប្បាយពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំសង្កាត់កន្លងទៅជាមួយកាសែតឌឹខេមបូឌាដេលី (The Cambodia Daily)។
លោក សុន ឆ័យ អាយុ៦៦ ឆ្នាំ បានទទួលរងពាក្យបណ្តឹងពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលមិនយល់ស្របនឹងការអត្ថាធិប្បាយរបស់លោក សុន ឆ័យ តាមការប្រើប្រាស់ពាក្យពេចន៍មួយចំនួនពាក់ព័ន្ធលទ្ធផលបោះឆ្នោត ដូចជាការនិយាយថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ។ វាមានការទិញ។ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។ ចំណែកគ.ជ.ប.បានអះអាងថា ពាក្យសម្តីរបស់លោក សុន ឆ័យ ជុំវិញការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនានោះមានចរិតបរិហារកេរ្តិ៍ស្ថាប័នជាតិរៀបចំការបោះឆ្នោត។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាយល់ថា ចំណាត់ការច្បាប់របស់តុលាការមកលើលោក សុន ឆ័យ នេះជាការវាយប្រហារទៅលើគណបក្សប្រឆាំងដែលចាប់ផ្តើមដំណើរការឡើងវិញ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ហើយក៏នឹងធ្វើឱ្យគណបក្សនេះធ្លាក់ប្រជាប្រិយភាព មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
អ្នកវិភាគនយោបាយលោក សេង សារី កត់សម្គាល់ថា លោក សុន ឆ័យ ជាបុគ្គលម្នាក់ដែលមានប្រជាប្រិយភាពក្នុងគណបក្សភ្លើងទៀន ដូច្នេះការប្តឹងផ្តល់របស់គណបក្សកាន់អំណាចទំនងជាចង់បន្ថយសំឡេងគាំទ្ររបស់គណបក្សប្រឆាំងដែលទើបចាប់ផ្តើមដំណើរការឡើងវិញនេះ។
លោកបន្ថែមថា ពាក្យបណ្តឹងប្រឆាំងនឹងលោក សុន ឆ័យ យ៉ាងដូច្នេះទៀតសោតគឺដើម្បីកុំឱ្យមានការរាំងស្ទះនូវផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាទៅមនុស្សជំនាន់ថ្មីរបស់ខ្លួន ខណៈពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិធំៗតួយ៉ាងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលនាំឱ្យបញ្ហាកម្ពុជាមិនត្រូវបានគេយកចិត្តទុកដាក់នោះឡើយ។
លោកថ្លែងថា៖ «កត្តាមួយទៀត ដែលជាកត្តារាំងស្ទះគឺទាក់ទងកម្លាំងនយោបាយដែលកំពុងតែមានចំនួនប្រមាណជិត២លាន[នាក់]នេះនឹងអាចចូលរួមការបោះឆ្នោតឆ្នាំ២០២៣។ ហើយកម្លាំងនេះនៅតែជាក្តីបារម្ភរបស់គណបក្សប្រជាជន ហើយជាពិសេសក្តីបារម្ភនៅក្នុងការផ្ទេរអំណាចរបស់គណបក្សប្រជាជនទៅមនុស្សជំនាន់ថ្មីរបស់ខ្លួនដែរ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា បង្ហាញក្តីបារម្ភអំពីការរួមតូចបន្ថែមទៀតនៃលម្ហសេរីភាពក្នុងការបញ្ចេញមតិ នៅពេលលោកសុន ឆ័យ ត្រូវបានតុលាការចោទប្រកាន់ចំពោះការហ៊ានចេញមុខរិះគន់ភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ។
លោកថ្លែងថា៖ «នៅពេលដែលចរន្តនៃការប្តឹងអ្នកដែលមានសំឡេងរិះគន់ចំណុចអវិជ្ជមានច្រើននោះកើតឡើង អ៊ីចឹងលទ្ធផល ឬក៏វិសាលភាពទម្រង់នៃការបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយហ្នឹងវាបាត់នូវលំហ នូវសេរីភាពក្នុងការបញ្ចេញមតិធំណាស់។ ជាពិសេសចេញពីសង្គមស៊ីវិល និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល លែងសូវមានមតិលើកឡើងពាក់ព័ន្ធចំណុចខ្វះខាត ចំណុចអវិជ្ជមាន»។
ចំណែកមន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ចង់ឃើញរដ្ឋាភិបាល និងស្ថាប័នគ.ជ.ប. បង្ហាញលទ្ធភាពនៃការទម្លាក់ចោលការចោទប្រកាន់លើលោក សុន ឆ័យ ដើម្បីធ្វើឱ្យបរិយាកាសមុនការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ មានភាពប្រសើរសម្រាប់ការចូលរួមប្រកួតប្រជែងដល់គ្រប់ភាគី គណបក្ស និងសកម្មជននយោបាយ។
បើតាមដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះផ្ទាល់ ចុះថ្ងៃទី៩ ខែសីហារបស់សាលារាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ប្លង់ សុផល បានសម្រេចចោទលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយមានភ្ជាប់ភ័ស្តុតាងដែលជាបទសម្ភាសន៍របស់លោក សុន ឆ័យ ក្នុងកម្មវិធី IDEA TALK របស់សារព័ត៌មាន The Cambodia Daily និងការអះអាងផ្សេងៗទៀតពាក់ព័ន្ធចម្លើយ និងការដាក់ឯកសារជាភ័ស្តុតាងរបស់ជនសង្ស័យលោក សុន ឆ័យ និងមេធាវី។
វីអូអេបានទាក់ទងទៅអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប៉ុន្តែលោកឱ្យអ្នកសារព័ត៌មានទៅសួរមេធាវីតំណាងលោកវិញ។
លោក ជួង ជូងី មេធាវីក្តីតំណាងឱ្យលោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកនឹងពិភាក្សាជាមួយកូនក្តីទាក់ទងនឹងនីតិវិធីបន្តបន្ទាប់ទៀត។ ប៉ុន្តែលោកបញ្ជាក់ជាថ្មីទៀតថា លោក សុន ឆ័យ មិនបានប្រមាថ កាតទានគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប.នោះទេទាក់ទងការបោះឆ្នោតកន្លងមក និងថា បណ្តឹងរបស់គ.ជ.ប.ប្រឆាំងនឹងលោក សុន ឆ័យ ជាសញ្ញាណមិនល្អចំពោះការរៀបចំការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ។
លោកថ្លែងថា៖ «គាត់ជាអ្នកនយោបាយមានប្រជាប្រិយក្នុងគណបក្សក្រៅរដ្ឋាភិបាល ហើយកន្លងមកហ្នឹងគាត់លើកពីបញ្ហាមិនប្រក្រតីពាក់ព័ន្ធការបោះឆ្នោត ប៉ុន្តែបែរជាគ.ជ.ប. ជាអាជ្ញាកណ្តាលគឺបែរជាមកប្តឹងគាត់។ អាហ្នឹងក្នុងលក្ខណៈមួយថា អាជ្ញាកណ្តាលមកធ្វើជាកីឡាករមកប្រដាល់ជាមួយគាត់វិញ។ អាហ្នឹងដូចជាខ្ញុំមើលឃើញទៅវាមិនសូវល្អ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជាតាមរយៈប្រព័ន្ធទូរស័ព្ទបាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសលោក សុខ ឥសាន យល់ថា ពាក្យសម្តីរបស់លោក សុន ឆ័យ សមនឹងទទួលបានការឆ្លើយតបពីតុលាការ ដោយសារការនិយាយរបស់គាត់កន្លងមកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះធ្វើឡើងដោយគ្មានមូលដ្ឋាន និងប៉ះពាល់សិទ្ធិអ្នកដទៃ។
លោកប្រាប់វីអូអេថា៖ «ហើយបើយើងនិយាយប្រើសិទ្ធិរបស់យើងអត់មានព្រំដែនអ៊ីចឹង វាប៉ះសិទ្ធិអ្នកដទៃ។ ហើយបើប៉ះសិទ្ធិអ្នកដទៃ គេត្រូវរកអាជ្ញាកណ្តាលគឺតុលាការហ្នឹងហើយ។ ដល់គេមិនរកតុលាការ ថាគេប្រើច្បាប់ព្រៃ។ ទាល់តែគេរកតុលាការ ហៅថា គេចង់ជិះជាន់ យកតុលាការធ្វើជាខែល។ អាហ្នឹងវាមិនត្រឹមត្រូវទេ»។
ស្រដៀងគ្នានឹងការអត្ថាធិប្បាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែរ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ចាត់ទុកថា សម្តីរបស់លោក សុន ឆ័យ ដែលផ្តល់បទសម្ភាសន៍ជាមួយកាសែត The Cambodia Daily ជាការប្រមាថ ពោលគឺមិនមែនជាទម្រង់នៃការបញ្ចេញមតិទេ។
លោកថ្លែងថា៖«ការលើកឡើងអំពីភាពមិនប្រក្រតីវាជាសិទ្ធិបញ្ចេញយោបល់របស់ភាគីពាក់ព័ន្ធ ក៏ប៉ុន្តែការប្រមាថត្រង់ៗ ដែលចោទប្រកាន់ស្ថាប័នជាតិមួយថា ជាចោរគឺមិនមែនជាការបញ្ចេញមតិទេ»។
បើតាមលោក សោម សូរីដា នៅពេលណាលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ នោះគ.ជ.ប.នឹងពិចារណាបញ្ឈប់ការប្តឹង។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និយាយថា ការចោទប្រកាន់របស់តុលាការមកលើលោក សុន ឆ័យ ជាការគំរាមកំហែងផ្នែកនយោបាយ និងអាចធ្វើឱ្យប្រទេសកម្ពុជារងការថ្កោលទោសពីសហគមន៍អន្តរជាតិចំពោះការមិនធ្វើឱ្យប្រសើរឡើងនៃដំណើរការប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «យើងមិនអាចទទួលយកបានទេ សូមឱ្យវែកញែកឱ្យដាច់ពីគ្នា ឱ្យច្បាស់ពីគ្នា ថាតើការប្រមាថមានលក្ខណៈបែបណា ហៅថាប្រមាថ? ហើយចុះពេលដែលបោះឆ្នោត យើងមានច្បាប់បទបញ្ញត្តិណាមួយដែលបានចែងពីរឿងប្រមាថទេ។ ការរិះគន់ ការវាយប្រហារគ្នាទៅវិញទៅមក ដូចជាក្នុងប្រទេសប្រជាធិបតេយ្យក្នុង[ប្រទេស]នានាលើសកលលោក ការវាយប្រហារ ការរិះគន់គ្នាបែបនេះគឺជាការប្រមាថដែរឬ? អាហ្នឹងសូមញែកឱ្យដាច់»។
បន្ថែមពីនេះ លោកទាមទារឱ្យស្ថាប័នគ.ជ.ប.គួរតែយកពេលស្តាប់នូវការលើកឡើងរបស់គណបក្សនយោបាយផ្សេងៗ និងសង្គមស៊ីវិលក្នុងការកែលម្អដំណើរការបោះឆ្នោតឱ្យមានភាពល្អប្រសើរជាជាងការចោទប្រកាន់បែបនេះ។
កន្លងមក លោក សុន ឆ័យ ដែលជាអតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ បានផ្តល់ការពន្យល់ទៅកាន់ស្ថាប័នអយ្យការអមតុលាការរាជធានីភ្នំពេញថា ការឆ្លើយតបរបស់គាត់ទៅនឹងអ្នកកាសែត The Cambodia Daily ដោយយោងលើព្រឹត្តិការណ៍កើតឡើងអំឡុងពេលនៃការរៀបចំការបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាកន្លងមកនោះ គឺគ្មានការបំភ្លៃខុសការណ៍ពិត ផ្តល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុស និងមួលបង្កាច់ ដែលប៉ះពាល់ដល់កិត្តិយសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សកាន់អំណាចនោះឡើយ៕