ប្រជាពលរដ្ឋមួយចំនួនដែលកំពុងប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬហៅថាសូឡា បង្ហាញការព្រួយបារម្ភថា ពួកគេអាចនឹងសម្រេចចិត្តឈប់ប្រើបន្ទះសូឡា ប្រសិនបើត្រូវចំណាយថវិកាបន្ថែមលើការប្រើប្រាស់។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយស្តីពីការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដោយអះអាងថា មានអ្នកប្រើប្រាស់អគ្គិសនីមួយចំនួនបានដំឡើងបន្ទះសូឡាប្រើថាមពលពន្លឺព្រះអាទិត្យពុំមានការអនុញ្ញាត។
លោក យឹម សំណាង ម្ចាស់សិប្បកម្មផលិតត្រីងៀតក្នុងខេត្តសៀមរាបប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកបានប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ឬបន្ទះសូឡាចំនួន១៥គីឡូវ៉ាត់ម៉ោង នៅពេលថ្ងៃ ហើយប្រើអគ្គិសនីជាតិនៅពេលយប់។ លោកថា លោកត្រូវចំណាយយ៉ាងហោចណាស់ជាង២លានរៀលសម្រាប់ថ្លៃអគ្គិសនីក្នុងមួយខែ ប្រសិនបើលោកមិនមានប្រើប្រាស់បន្ទះសូឡា។
ម្ចាស់សិប្បកម្មផលិតត្រីងៀតក្នុងខេត្តសៀមរាបរូបនេះបន្តថា លោកព្រួយបារម្ភជាខ្លាំងនៅពេលដែលអាជ្ញាធរអគ្គិសនីជាតិតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើស្វ័យប្រកាស ដែលអាចនឹងបង់ថ្លៃបន្ថែមទៀតលើការប្រើប្រាស់បន្ទះសូឡា។
លោកថ្លែងថា៖ «ខាងភ្លើងរដ្ឋហ្នឹងប្រសិនជាគាត់ឱ្យយើងទៅប្រកាសពន្ធទាក់ទងនឹងយើងប្រើប្រាស់សូឡា អ៊ីចឹងយើងត្រូវសិក្សាមើលថាប្រសិនបើខាងអគ្គិសនីឱ្យយើងបង់ពន្ធអស់ច្រើនពេកលើសពីអ្វីដែលយើងទទួលបានពីខាងសូឡា យើងប្រឈមមុខឈប់ប្រើសូឡា ព្រោះអីយើងបង់វាអស់ច្រើនជាងសូឡាមកបាន។
លោក យឹម សំណាង សង្ឃឹមថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងយោគយល់ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលចំណេញ នៅពេលដែលពួកគេបង់ថ្លៃលើការប្រើប្រាស់បន្ទះសូឡាជូនអាជ្ញាធរអគ្គិសនីកម្ពុជា។
ប្រជាពលរដ្ឋមួយរូបទៀតដែលមានកសិដ្ឋានដាំបន្លែលើទឹក លោក រុំ សារី ប្រាប់វីអូអេថា លោកបានដាក់ឯកសារអំពីការប្រើប្រាស់បន្ទះសូឡារបស់លោកចំនួន៦,៥គីឡូវ៉ាត់ម៉ោងទៅកាន់អាជ្ញាធរអគ្គិសនីខេត្តសៀមរាបកាលពីព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែចំនួននោះគឺតិចជាងការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ លោកថា អាជ្ញាធរអគ្គិសនីកម្ពុជាបានតម្រូវឱ្យលោកធ្វើស័្វយប្រកាស ដើម្បីបញ្ជាក់ថា លោកពិតជាបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលពិតប្រាកដមែន។
លោកថ្លែងថា៖ «បាទគ្រាន់តែយើងត្រូវតែធ្វើស្វ័យប្រកាសដើម្បីបញ្ជាក់ថាយើងបានប្រើប្រាស់ភ្លើងរួមគ្នារវាងសូឡា និងអគ្គិសនីរបស់រដ្ឋ»។
វីអូអេមិនអាចទាក់ទងលោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលពាក់ព័ន្ធនឹងការបារម្ភរបស់ប្រជាពលរដ្ឋជុំវិញការបង់ប្រាក់បន្ថែមលើការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យបានទេ។
កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីបំភ្លឺមួយអំពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលថា ដើម្បីឱ្យប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរអគ្គិសនីកម្ពុជា ថាទទួលបានការអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ស្របតាមច្បាប់។
សេចក្តីបំភ្លឺដដែលបន្ថែមថា ការអនុវត្តថ្លៃប៉ះប៉ូវផ្សេងៗ គឺអនុវត្តចំពោះដែលអ្នកប្រើប្រាស់ធំៗប៉ុណ្ណោះរួមមាន រោងច្រកឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬអាគារធំៗ ដែលមានផ្ទាំងប្រព័ន្ធពន្លឺព្រះអាទិត្យលើសពី១៦ផ្ទាំង ឬប្រមាណ១០គីឡូវ៉ាត់។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែកក្កដាថា ការប្រកាសឱ្យមានការធ្វើស្វ័យប្រកាសលើការដំឡើង និងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ គឺដើម្បីឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាបានដឹងអំពីចំនួនអ្នកដែលបានប្រើប្រាស់ប្រព័ន្ធសូឡា។ លោកថា ការធ្វើស្វ័យប្រកាសនេះមិនប៉ះពាល់ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់តាមលំនៅឋាន និងទីតាំងអាជីវកម្ម ដែលមិនភ្ជាប់នឹងចរន្តអក្គិសនីជាតិឡើយ។
លោកថ្លែងថា៖ «គោលការណ៍ដែលយើងធ្វើនេះសម្រាប់តែអ្នកដែលដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ហើយភ្ជាប់ការប្រើប្រាស់ជាមួយប្រព័ន្ធប្រើប្រាស់ក្នុងផ្ទះរបស់គាត់ ដែលបណ្តាញប្រើប្រាស់របស់គាត់មានភ្ជាប់ពីបណ្តាញផ្គត់ផ្គង់របស់បណ្តាញ ប្រភពអគ្គិសនីបណ្តាញជាតិ។ ដោយឡែកដែលយើងហៅថាប្រព័ន្ធដាច់ដោយឡែកអត់មានពាក់ព័ន្ធមិនចាំបាច់ធ្វើស្វ័យប្រកាសនោះទេ»។
ចំណែករដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលោក ទី នរិន្ទ លើកឡើងក្នុងសន្និសីទសារព័ត៌មាននោះដែរថា ការគ្រប់គ្រង និងចុះបញ្ជីការដាក់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅលើដំបូលដែលភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិ គឺដើម្បីបញ្ចៀសហានិភ័យដល់ជីវិតនៅពេលដែលមានអ្នកជំនាញជួសជុលផ្តាច់ចរន្តអគ្គិសនី ដើម្បីជួសជុលខ្សែបណ្តាញនានា។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជាបញ្ហានេះត្រូវបានគ្រប់គ្រង យើងគ្រប់គ្រងប្រភពមួយដើម្បីឱ្យដឹងថាកន្លែងណាខ្លះមានចំនួនប៉ុន្មាន មានអនុភាពប៉ុន្មាន ហើយប្រព័ន្ធដែលភ្ជាប់គ្នានេះយើងគ្រប់គ្រងដោយសារថាប្រព័ន្ធកាលណាមានពន្លឺព្រះអាទិត្យកាលណាភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ វាអត់នៅហ្នឹងទេ ដោយសារវាប្រែប្រួលទៅតាមធាតុអាកាស»។
លោក ទី ប៊ុនលី ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុនសូឡាសូជី (SOGE) ប្រាប់វីអូអេថា ប្រជាពលរដ្ឋក្នុងទីក្រុងភាគច្រើននិយមប្រើប្រាស់ប្រព័ន្ធសូឡាដែលភ្ជាប់ជាមួយនឹងបណ្តាញអគ្គិសនីជាតិ ដែលប្រព័ន្ធសូឡានេះត្រូវបានពឹងផ្អែកទាំងស្រុងទៅលើបណ្តាញអគ្គិសនីជាតិដើម្បីបំពេញថាមពលប្រើប្រាស់។
នៅពេលសួរពាក់ព័ន្ធអំពីការបង់ប្រាក់បន្ថែមទៅលើការប្រើប្រព័ន្ធសូឡាដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ លោក ទី ប៊ុនលី បញ្ជាក់ថា ក្រុមហ៊ុនសូឡាសូជី (SOGE) បានបង់ពន្ធនៅពេលនាំចូលបន្ទះសូឡាមកកម្ពុជា ប៉ុន្តែលោកថា មិនបានដឹងអំពីការបង់ប្រាក់បន្ថែមរបស់អ្នកប្រើប្រាស់ជូនអាជ្ញាធរអគ្គិសនីកម្ពុជានោះទេ។
ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុនសូឡាសូជី (SOGE) រូបនេះបន្ថែមថា ការកំណត់ឱ្យមានការបង់ប្រាក់បន្ថែមលើការប្រើប្រាស់ប្រព័ន្ធសូឡានេះ ក៏អាចនឹងធ្វើឱ្យអ្នកប្រើប្រាស់មានការខ្លាចរអាក្នុងសម្រេចចិត្តដំឡើងប្រព័ន្ធសូឡា ដោយសារតែពួកគេគិតថា នៅពេលដែលប្រើប្រាស់ប្រព័ន្ធសូឡានឹងអាចជួយកាត់បន្ថយការចំណាយថ្លៃអគ្គិសនីបានមួយកម្រិត៕
ភ្នំពេញ —