កម្មករ​រោងចក្រ​ R.G Footwear​ស្នើ​ឱ្យ​ក្រសួង​ការងារ​ពិនិត្យ​រឿង​ក្ស័យ​ធន​របស់​រោងចក្រ

កម្មកររោងចក្រ R.G Footwear (Cambodia),.Ltd ជួបជុំតវ៉ាដើម្បីស្វែងរកដំណោះស្រាយលើប្រាក់ឈ្នួលនិងអត្តប្រយោជន៍ផ្សេងៗ សម្រាប់កម្មករ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (Facebook / Central)

មន្ត្រី​សហជីព និង​កម្មករ​រោង​ចក្រ​ R.G Footwearមួយ​ចំនួន នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​មតិចម្រុះ​ ជុំវិញ​ការផ្តល់​សំណង​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ពី​ក្រសួង​ការងារ​ទៅ​ឱ្យ​កម្មករ​ បន្ទាប់​ពី​រោង​ចក្រ​នោះ​ត្រូវ​ភ្លើង​ឆេះរាប​ដល់​ដី​កាល​ពី​សប្តាហ៍​មុន​។

កម្មករ​ចំនួន​ជាង​២០០០​នាក់​ បាន​បាត់​ការងារ​ បន្ទាប់​ពីគ្រោះ​អគ្គិភ័យ​នោះ​។ ក្រុមហ៊ុន​បាន​ប្រកាស​ក្ស័យ​ធន តែកម្មករ​មួយ​ចំនួន​នៅ​មិន​ទាន់​ជឿ ហើយ​ស្នើ​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះ បណ្តាល​វិជ្ជា​ជីវៈ​ ពិនិត្យ​មើល​ឡើង​វិញ​ ដើម្បី​កុំឱ្យ​ប៉ះពាល់​ផលប្រយោជន៍​ ទាក់​ទិន​ការទូទាត់​សំណង​ប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​។ នេះ​បើ​តាម​មន្ត្រី​សហជីព​ និង​កម្មករ​។

អនុ​ប្រធាន​សហជីព​សេរី​ឯករាជ្យ​នៃ​រោងចក្រ R.G Footwear លោក​ជឹម សុភា អាយុ ៤២ឆ្នាំ​ ប្រាប់​វីអូអេ​ថា​ រោង​ចក្រពិត​ជា​ត្រូវ​បាន​ឆេះ​ពិត​មែន​ ប៉ុន្តែ​លោក​មិន​យល់​ស្រប​ចំពោះ​ការលើក​ឡើង​របស់​រោង​ចក្រដែល​ប្រកាស​ថា​ក្ស័យ​ធន​ ក្រោយ​ឧប្បត្តិហេតុឆេះ​រោងចក្រ​នោះ​ទេ​។

លោក​ថ្លែងថា​៖«​ការប្រកាស​ក្ស័យ​ធន​គាត់​អត់​មាន​ជម្រះ​បញ្ជី​ផ្លូវ​តុលាការ​ទេ។ ទីពីរ​ក្រុមហ៊ុន​គាត់​មាន​ធានារ៉ាប់រង​ ហើយ​គាត់​ប្រកាស​ថា​ ក្ស័យ​ធន​ហ្នឹង​គាត់​អត់​មាន​ប្រកាស​ប្រាប់​កម្មករ​ថា ឥឡូវ​ធានារ៉ាប់រង​គេ​សង​គាត់​ប៉ុណ្ណេះ ហើយ​ជម្រះ​បញ្ជី​ផ្លូវ​តុលាការ​គេ​ជម្រះ​ហើយ​ម៉េច? ខាង​ក្រសួង​ផង​ដែរ​សូម​លោក​ជួយ​ពិនិត្យ​ ពិសេស​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ឡើង​ថ្មី​ ដែល​មាន​ប្រសាសន៍​ ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​កម្មករ​កម្មការនី។ មិនមែនចង់​ទាមទារ​ឱ្យ​រោង​ចក្រ​ធ្វើ​អី​ខុស​ច្បាប់​ទេ បើ​ក្ស័យ​ធន​ប្រាកដ​មែន ឱ្យ​ប្រាកដ​ថា​មាន​អី​ជា​អំណះអំណាង​ថា​ក្ស័យ​ធន​មែន»។

រោង​ចក្រ​ R.G Foot​wear ដែល​ជា​អ្នកផលិត​ស្បែក​ជើង​ឱ្យ​ក្រុមហ៊ុន​ Brunt Footwear របស់​សហរដ្ឋ​អាមេរិក​ និង​ក្រុមហ៊ុន Puma របស់​អាល្លឺម៉ង់​ ត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះ​ ទាំង​ស្រុង​កាល​ពី​ថ្ងៃទី​១៨ ​ខែមីនា ឆ្នាំ​២០២៤ ដោយ​សារ​មាន​ការ​ផ្ទុះ​ម៉ូទ័រ​ក្នុង​រោង​ចក្រ​ ពេល​កម្មករ​ភាគច្រើន​បាន​សម្រាក​ពី​ការងារ​។​ នេះ​បើ​តាម​មន្ត្រី​សហជីព​។

អ្នកស្រី​ផែន ស្រីរ័ត្ន​ អាយុ៣៦ឆ្នាំ កម្មកានី​រោង​ចក្រR.G Footwear មាន​ស្រុក​កំណើត​នៅខេត្ត​ពោធិ៍​សាត់​ បាន​ទទួល​យក​សំណង​ពី​ការ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ពី​ក្រសួង​ការងារ ប៉ុន្តែ​អ្នក​ស្រី ស្នើឱ្យ​ក្រសួង​ជួយ​ផ្តល់​ឱកាស​ការ​ងារ​ដល់​អ្នក​ស្រី​ និង​កម្មករ​ផ្សេង​ទៀត​ នៅទីតាំងជិត​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​។

អ្នកស្រី​ប្រាប់​វីអូអេ​ថា​៖ «ការបើក​ប្រាក់​ឈ្នួល​ហ្នឹង​ កម្មករ​ទាំង​អស់​យល់​ព្រម​ហើយ​បង គ្រាន់​តែ​ថា សុំ​ឱ្យ​ខាង​ក្រសួង​ឬ​មួយ​ខាង​រោង​ចក្រ​ហ្នឹង​ជួយ​រក​ការងារ​ឱ្យ​កម្មករ​នៅ​ជិត​រោង​ចក្រ​R.Gហ្នឹង​ធ្វើ​បង ព្រោះ​អី​ភាគ​ច្រើន​កម្មករ​នៅ​ផ្ទះ​ជួល​ជិត​រោង​ចក្រ​R.Gទាំង​អស់​បង»។

ចំណែក​ឯ​អ្នក​ស្រី ឃីម ស្រីណាត អាយុ២៥ឆ្នាំ​ កម្មការនី​រោង​ចក្រR.G ម្នាក់​ទៀត​ ក៏​បាន​ទទួល​យក​ការ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ពី​ក្រសួង​ការងារ បន្ទាប់​ពី​រោង​ចក្រ​បាន​ប្រកាស​បិទ​ដំណើរ​ការ​ក្រោយ​ហេតុ​ការណ៍​ឆេះ​រោង​ចក្រ​នោះ​។ ប៉ុន្តែ​អ្នក​ស្រី​ថា​ ក្រសួង​ក៏​ត្រូវ​គិត​គូរ​ពី​ការផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែម​ ​ចំពោះ​កម្មការនី​ដែល​កំពុងមាន​ផ្ទៃ​ពោះ​។

អ្នកស្រី​ថ្លែង​ថា​ ៖«ខ្ញុំ​ពោះ​ធំ​បង! ខ្ញុំ​ពោះ​ធំ​៧ខែ​ហើយ។ ថ្ងៃ​៣០ហ្នឹង​បើក​លុយ​ធម្មតា​ម៉េច បើ​ពោះ​ធំ​យើង​មិន​អាច​ទៅ​ធ្វើ​ការ​ណា​ផ្សេង​ទេ អ៊ីចឹង​ចង់​ឱ្យ​គេ​បើក​លុយ​ឱ្យ​យើង​ខ្លះ​»។

អ្នក​នាំ​ពាក្យ​ក្រសួងការងារ​លោក​កត្តា អ៊ន ប្រាប់​វីអូអេ​ថា ការប្រកាស​ក្ស័យ​ធន ឬ​មិន​មិន​ក្ស័យ​ធន​របស់​រោង​ចក្រ​R.Gគឺ​ជា​សិទ្ធិ​របស់​ម្ចាស់​រោង​ចក្រ​ តែ​លោក​ថា មាន​តែ​តុលាការ​ទេ​ដែល​ជា​អ្នក​មានសម្រេច​ក្នុង​ការផ្តល់​ភាព​ក្ស័យ​ធន​ ឬ​មិន​ក្ស័យ​ធន។ លោក​ថា កិច្ចការ​បន្ទាន់​ដែល​ក្រសួង​ត្រូវ​ដោះ​ស្រាយ​គឺ​ ការគិត​គូរ​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ​និយោជិត​ជា​មុន​សិន ស្រប​ទៅ​តាម​ច្បាប់​ការងារ​របស់​កម្មករ​។

លោក​ថ្លែងថា​៖​ «​ក្រសួង​ការងារ​យើង​ ​បាន​ផ្ទៀង​ផ្ទាត់​ជា​មួយ​ឯកសារ​ផ្សេងៗ​របស់​រដ្ឋ​បាល​រោង​ចក្រ​យើង​ឃើញ​ថា កម្មករ​និយោជិត​បាន​ធ្វើ​ការងារ​ក្នុង​កិច្ច​សន្យា​មាន​ថេរវេលា​កំណត់​។ អ៊ីចឹង​យើង​តាម​ច្បាប់​ការងារ​ចំពោះ​បងប្អូន​ធ្វើ​ការងារ​តាម​កិច្ច​សន្យា​ថេរវេលា​កំណត់ ត្រូវ​បាន​ទទួល​៣ប្រភេទ​ ទី១​ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បើក ចែង​ក្នុង​មាត្រា១១៦ ទី២ ប្រាក់​បំណាច់​ទូទាត់​ជួសជុល​ការសម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់ មាត្រា១៦៦ ១៦៧ ។ទី៣ ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​យ៉ាង​តិច​៥%​នៃ​ប្រាក់​ឈ្នូល​ដែល​កម្មករ​បាន​បើក​ក្នុង​រយៈ​ពេល​នៃ​កិច្ចសន្យា​ យោង​តាម​មាត្រា៧៣នៃ​ច្បាប់​ការងារ​»។

លោក​បន្ថែម​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ឯកសារ​របស់​កម្មករនិយោជិត​បន្ថែម​ទៀត បើសិន​បើ​ពួកគេ​ការធ្វើ​តាម​កិច្ច​សន្យា​ការងារ​មិន​កំណត់​ថេរវេលា ក្រសួង​នឹង​ពិនិត្យ​មើល​តាម​ការជាក់​ស្តែង​បន្ត​ទៀត​ដោយ​ផ្អែក​លើ​ឯកសារ​តម្កល់​របស់រោង​ចក្រផ្ទាល់។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ភាគី​ខាង​ម្ចាស់​រោង​ចក្រ R.G Footwear បាន​នៅ​ឡើយ​ទេ។

បើតាមសេចក្តីជូនដំណឹង​របស់ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ចេញ​ផ្សាយ​កាលពីថ្ងៃទី​២៤ ខែ​មីនា​ ក្រសួង​នឹង​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ដល់​កម្មករ​និយោជិត​រោចក្រ​ អ.ជី​ ហ៊្វូត​វែរ ​(R.G Footwear Cambodia Co., Ltd)នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤​ខាង​មុខ​។ នេះ​មាន​ន័យ​ថា មក​ដល់​ពេល​នេះ​កម្មករ​មិន​ទាន់​ទទួល​បាន​សំណង​ណា​មួយ​ឡើយ​ពីម្ចាស់​រោង​ចក្រ​ដែល​តាម​មន្ត្រីសហជីព​ខ្លះ​ថា​ មាន​សញ្ជាតិ​ចិន​។ ​

ក្នុង​សេចក្តីជូនដំណឹង​ចុះថ្ងៃ​ទី​២៤ ខែមីនា​នេះ​ ក្រសួង​បាន​ពន្យល់​ថា​ កម្មករ​និយោជិត​នឹង​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ ៣ចំណុច​រួម​មាន​ ប្រាក់​ឈ្នួល​មិន​ទាន់​បើក​ក្នុង​ខែ​ចុង​ក្រោយ ប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ដែល​នៅ​សល់​ និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​៥%​។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់​ត្រាល់​លោក​ឃុន ថារ៉ូ យល់​ថា ​ការទូត​ទាត់​ផល​ប្រយោជន៍​កម្មកររបស់​ក្រសួង​ការងារ​ ដោយ​ប្រើ​ប្រាស់​កិច្ច​សន្យា​ដែល​មាន​ថេរវេលា​មាន​កំណត់នឹង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អតីតភាព​ការងារ​របស់​កម្មករ​រោង​ចក្រ R.G Footwear​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​ថ្លែងថា៖«ការកំណត់​ពួកគាត់​ស្ថិត​ក្រោម​កិច្ច​សន្យា​ដែល​មាន​ថេរវេលា​មាន​កំណត់​ហ្នឹង​ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អតីត​ភាព​ការងារ​របស់​ពួកគាត់​ ព្រោះ​រោង​ចក្ររីជិន​ [Regent] ហ្នឹងបាន​ដូរឈ្មោះ​មក​R.Gហ្នឹង​នៅក្នុង​ឆ្នាំ​ចុង​ឆ្នាំ​២០២២ អ៊ីចឹង​អតីតភាព​កម្មករ​និយោជិត​ចាស់​ពីមុន​មក​ ដែល​ធ្វើ​ការ​នៅ​រីជិន​ អ្នក​ខ្លះ​ធ្វើ​បាន​៤ ៥ឆ្នាំ​ ៦ ៧ឆ្នាំ​ វា​បាន​បាត់​បង់​នូវ​អត្ថប្រយោជន៍​របស់​ពួកគាត់​»។

លោកថា ភាគី​រោង​ចក្រ​ក៏​គួរ​ណាស់​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការគិត​គូរ​ដល់​កម្មករ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឱ្យ​កម្មករ​មាន​ការខាតបង់៕