ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរខេត្តកណ្តាល​ថា មន្ត្រីជំនាញ​កំពុងពិនិត្យវិវាទនៅ​រោងចក្រ​ស្តារឡៃថ៍ (Starlight)


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

វិវាទ​ការងារ​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​រោងចក្រ​ស្តារឡៃថ៍អឹភែរឹល (Starlight Apparel Manufacturing) ដែល​ស្ថិត​នៅ​ស្រុកខ្សាច់​កណ្ដាល​ ខេត្ត​កណ្តាល​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ស្រប​តាម​នីតិវិធី​របស់​ក្រសួង​ការងារ​ ក្រោយ​ការ​ដាក់​ញត្តិរបស់​ក្រុមកម្មករ។ នេះបើតាម​អ្នក​នាំ​ពាក្យរដ្ឋបាល​ខេត្ត​កណ្តាល។ ការ​ដាក់​ញតិ្ត​របស់​កម្មករ​រោងចក្រ​ស្តារឡៃថ៍​អឹភែរឹល កើតមាន​ឡើង បន្ទាប់ពីមាន​ការ​តវ៉ា​ជិត​មួយខែ​ ជុំវិញ​ការ​បញ្ឈប់​កម្មករ​និយោជិត​ និង​ការ​មិនពេញ​ចិត្ត​លើ​អ្នក​គ្រប់គ្រង​រោង​ចក្រ​ចំនួន​ពីរនាក់ ​ដែល​កម្មករ​កំពុង​ទាមទារ​ឱ្យ​ដក​ដេញ ដើម្បី​សម្រួលដល់​ការ​ដោះ​ស្រាយ​ជម្លោះ។ ​

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល​ លោក គ្រុយ ម៉ាឡែន ប្រាប់​វីអូអេ​នៅ​ថ្ងៃស្រុក​នេះថា​ ក្រសួង​ការងារ​បាន​ទទួល​ញត្តិ​តវ៉ា​របស់​កម្មករ​ហើយ​ ហើយ​ការដាក់​ញត្តិនោះកំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មន្ត្រីជំនាញ​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ការងារ។ ដោយ​ឡែក​ លោកបាន​ច្រាន​ចោល​នូវសេចក្តី​រាយការណ៍​ដែល​ថា ​អាជ្ញាធរ​បាន​រារាំង​កម្មករ​មិន​ឱ្យ​ដាក់​ញត្តិទៅ​ក្រសួង​ការងារ។

លោក​ថ្លែង​ថា៖ «អាជ្ញាធរ​ស្រុក​ ក៏​ដូចជា​ខេត្ត​ អត់​មាន​ការ​រារាំង​ទេ​ តំណាង​ក្រសួង​បាន​អញ្ជើញ​ចុះទៅ​ទទួល​យក​ញត្តិ​ទៅដល់​ស្រុក​តែម្ដង​ មិន​ចាំបាច់​ឱ្យ​បងប្អូន​លំបាក​ទេ​ អ៊ីចឹង​បាន​ថៅកែ​ គឺអត់​មាន​ការ​រារាំង​ទេ គឺ​ញត្តិ​បាន​ទទួល​ ហើយ​ចាត់ចែង​ដល់​ក្រសួង​ហើយ»។

អ្នក​នាំពាក្យ​រូបនេះ​បន្ដ​ថា​ អាជ្ញាធរ​បានចុះ​ធ្វើអន្ដរា​គមន៍​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដដែល​ បើទោះបី​ជា​មាន​ផលវិបាក​មួយ​ចំនួន​ ពាក់​ព័ន្ធនឹង​ការ​ទាមទារ​របស់​កម្មករ​ដែល​លោកថា​ មាន​តម្រូវ​ការ​ខ្ពស់​ ហើយ​ខុសពី​លក្ខខណ្ឌ​ការងារ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុមកម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ស្តារឡៃថ៍​អឹភែរឹល មេនូ​ហ្វេក​ឆឺរីង ប្រមាណ​ជាង​ ៦ រយ​នាក់​ បាន​ចេញ​ដង្ហែ​ញត្តិ​ដាក់​ទៅក្រសួង​ការងារ​ ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​របស់​ពួកគេ​ ដោយស្នើ​ចំនួន​ ៩ ចំណុច​រួមមាន​កុំព្យួរ​ការងារ​ស្ត្រី​មាន​ផ្ទៃពោះ និង​ថ្នាក់​ដឹកនាំ​សហជីព ត្រូវ​ទូទាត់​ប្រាក់​សំណង​តាម​ច្បាប់​ស្ដីពី​ការងារ​រាល់​កម្មករ​ដែល​ត្រូវបាន​ព្យួរឈ្មោះ និង​បញ្ឈប់ ​ព្រម​ទាំង​ស្នើ​ឱ្យ​ដក​ប្រធាន​គ្រប់គ្រង​ថ្មី​ទាំង ២ នាក់​ចេញ​ពី​រោងចក្រ។

អនុ​ប្រធាន​សហជីព​អំណាច​យុវជន​កម្ពុជា​ លោក រស់ សំបូរ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​តវ៉ា​រយៈពេល ២០ ថ្ងៃមក​នេះ កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​អហិង្សា​ ខណៈមាន​ការចុះ​សម្រប​សម្រួល​ពី​អភិបាល​ខេត្តកណ្ដាល កាល​ពី​ថ្ងៃទី ១៣ ខែមិថុនា។ លោក​បន្ថែមថា ក្រុម​កម្មករ​បាន​លើក​ឡើង​ការ​ទាមទារ​របស់​ពួកគេ​មាន​ ៩ ចំណុច ប៉ុន្ដែ​មាន​តែ ៨​ ចំណុចប៉ុណ្ណោះ​ដែលត្រូវ​បាន​យល់ស្រប​ដោយ​ភាគី​ក្នុងវិវាទ​ការងារ។

លោក​ថ្លែងថា​៖ «ចំណុច​ដែល​សះជា​គឺ​បាន​ ៨ ​ហើយ នៅ​តែមួយ​ចំណុច​ហ្នឹងទេ ​គឺជា​ចំណុច​ដែលក្ដៅ​ គឺ​ពួកគាត់​ទាមទារ​សុំឱ្យ​ថៅកែ​រោងចក្រ​ធ្វើការ​ផ្លាស់ប្ដូរ​នាយក​គ្រប់គ្រង់​រាល់ថ្ងៃ​ និង​ប្រធាន​រដ្ឋបាល​ គឺ​ពួកគាត់​លើក​ឡើង​មកថា​ ជាក់ស្ដែង​ពួកគាត់​គ្រប់គ្រង​លក្ខណៈ​គាបសង្កត់​ រឹតត្បិត​សិទ្ធិ​សេរីភាព​ មាន​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​របស់​ពួកគាត់»។

អ្នកស្រី អិន គឹមលាង ជា​កម្មករ​ស្តារឡៃថ៍​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​ដង្ហែ​ញត្តិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នោះ​ បាន​លើក​ឡើង​ថា ​សំណើ​របស់​កម្មករ​ចំនួន​ ៩ ចំណុច​ ដែល​ក្នុង​នោះ​គឺ​ការ​ទាមទារ​ផ្លាស់ប្ដូរ​អ្នក​គ្រប់គ្រង់​ថ្មី​ ដែល​មិន​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមានពី​អាជ្ញាធរ​ និង​ថៅកែ​រោងចក្រនៅ​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «តាំងពី​គាត់ឡើង​មក និយាយ​ទៅ​គាត់​គាប​សង្កត់​កម្លាំង​ខ្លាំង​ហ្នឹង​ ដូចជា​ពួកខ្ញុំ​កាលមុន​ ១០ ម៉ោង​ ៨០០ ​[ភាគរយ] ឥឡូវ​តែ ៤ ម៉ោង​អី គាត់​ទាមទារ​ ៨០០ [ភាគរយ] ដែល​ ហើយ​កម្មករ​ចេះ​តែ​ថយ​ គេ​កាត់​បន្ថយ​ អ៊ីចឹង​វា​ខុស​ពី​បរទេស​កាន់»។

គួរ​បញ្ជាក់​ផង​ដែរថា រោងចក្រ​ស្តារឡៃថ៍ អឹភែរឹល មេនូ​ហ្វេក​ឆឺរីង (Starlight Apparel Manufacturing) ដែល​មាន​ទី​តាំងស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មករ​សរុប​ជាង ៤​ពាន់​នាក់ ក្នុង​នោះ​ជាង​ ៣០០០​នាក់ កំពុង​ធ្វើ​ការ​ហើយ​ជាង ៣០០​រយនាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ខណៈ​កម្មករ​ជាង ៣​ពាន់​នាក់ទៀត​ កំពុងប្រឈម​នឹង​ការ​ព្យួរ​ការងារ ដោយសារ​ពួក​គេ​ចេញ​មុខ​តវ៉ា​ទាមទារ​ការ​គោរព​សិទ្ធិ​ការងារ៕

XS
SM
MD
LG