អាជ្ញាធរតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេបន្តតាមដានកម្រិតជំនន់ទឹកភ្លៀង និងអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននឹងជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។
កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តយ៉ាងតិចចំនួន៥បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ខណៈតំបន់ខ្លះនៅក្នុងភូមិសាស្ត្ររបស់ពួកគេកំពុងជន់លិច ដោយជំនន់ទឹកភ្លៀង ហើយបង្កនូវផលប៉ះពាល់មួយចំនួន។ ប៉ុន្តែជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួនបានស្រកទៅវិញខ្លះហើយ។ នេះបើតាមមន្រ្តីតាមខេត្តទាំងនោះ។
ខេត្តទាំងនោះមានដូចជាខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងកំពត។ រដ្ឋបាលខេត្តទាំងនោះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ និងទឹកជំនន់ក្នុងភូមិសាស្ត្ររៀងៗខ្លួន ដោយបន្តឱ្យពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះហក់ឡើងខ្ពស់។
រដ្ឋបាលខេត្តកំពង់ធំបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងថា ជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមដងស្ទឹងសែន ដោយបង្កឱ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហឋាន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង។ រដ្ឋបាលខេត្តកណ្ដាលក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតាមស្ទឹងព្រែកត្នោតឱ្យមានការប្រុងប្រយ័ត្ន។
អ្នកនាំពាក្យអភិបាលខេត្តកណ្ដាល លោក លឹម បូរ៉ា ប្រាប់វីអូអេថា ការកើនឡើងនូវទឹកជំនន់នេះនឹងបង្កជាផលប៉ះពាល់ ប៉ុន្តែលោកថា ពុំទាន់មានទិន្នន័យបូកសរុបច្បាស់លាស់នៅឡើយទេ។
លោកថ្លែងថា៖ «ការ[ទឹក]ឡើងមកនេះ គឺនឹងមានផលប៉ះពាល់ហើយ ប៉ុន្តែគ្រាន់តែថា មកដល់ពេលនេះយើងអត់ទាន់បានតួលេខច្បាស់លាស់»។
លោកបន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបានធ្វើសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះអនាម័យ និងសុខភាព ហើយក៏បានជម្លៀសពលរដ្ឋមួយចំនួនទៅទីទួលសុវត្ថិភាពផងដែរ។
លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ប្រាប់វីអូអេថា នៅថ្ងៃទី១ ខែសីហា កម្ពស់ទឹកបានស្រកទៅវិញ មិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ។
លោកថ្លែងថា៖«លើកលែងតែករណីមានភ្លៀងខ្លាំងនៅខាងសំឡូតច្រើនបានយើងព្រួយបារម្ភ។ តាមមាត់ស្ទឹងមានស្រុក៖ ទី១ពីលើមកស្រុកសំឡូត ទីពីរមកស្រុករតនៈមណ្ឌល ទី៣មកស្រុកបាណន់ទី៤ ក្រុងបាត់ដំបង ស្រុកសង្កែ ហើយទី៥ ស្រុកឯកភ្នំ។ តាមដងស្ទឹងឥឡូវវាស្រកហើយ»។
លោក សឿម ប៊ុនរិទ្ធ បន្ថែមថា ទឹកជំនន់នៅចុងខែកក្កដានេះបានហូរស្រកទៅវិញអស់ មិនបានបង្កផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទឹកនៅពេញប្រៀបក្នុងវាលស្រែ។ លោកបន្តថា ខាងជំនាញកសិកម្មបានចុះទៅពិនិត្យ ហើយឃើញថា ករណីទឹកលិចត្រឹមពីរ ឬបីថ្ងៃមិនបានបង្កការខូចខាតដល់ដំណាំស្រូវទេ ប៉ុន្តែវាអាចជួយធ្វើឱ្យស្រូវល្អជាងមុន។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រាប់វីអូអេថា ផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរបស់លោកមិនមានផលប៉ះពាល់នោះទេ ប៉ុន្តែជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
លោកថ្លែងថា៖ «សាលារៀនមួយកន្លែងហ្នឹងគឺនៅឃុំចំការលើស្រុកថាឡាបរិវ៉ាត់។ ហើយស្ពានមួយកន្លែង គឺនៅឃុំអូរស្វាយស្រុកបុរីស្វាយសែនជ័យ បាទ! ហើយផ្លូវគឺនៅតាមបណ្តាស្រុកដែលរងផលប៉ះពាល់ទាំងអស់ហ្នឹងឯង»។
លោកបន្ថែមថា នៅតំបន់ដែលប៉ះពាល់មានឃុំអូរស្វាយ ឃុំសេកុង ឃុំព្រែកមាស ឃុំសន្តិភាព ស្រុកសៀមប៉ាង និងឃុំតាឡាតស្រុកសេសាន។
អភិបាលរងខេត្តពោធិ៍សាត់ លោក ហៀម ឃួន ប្រាប់វីអូអេជាអក្សរតាមតេឡេក្រាមថា បច្ចុប្បន្ននេះ ទឹកស្ទឹងពោធិ៍សាត់បានស្រកចុះ។ហើយជាទូទៅនៅពេលមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ទឹកស្ទឹងហក់ឡើង រួចស្រកចុះវិញ ប្រសិនបើភ្លៀងមិនបន្តធ្លាក់ជាប់ៗគ្នា។
លោកបន្ថែមថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ដល់ស្រូវនៅផ្នែកខ្លះក្នុងស្រុកកណ្តៀង។
យោងតាមការចុះផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅលើគេហទំព័រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ កងកម្លាំងអន្តរាគមន៍បានរៀបចំផែនការជួយសង្គ្រោះដែលមានជាសម្ភារៈជួយសង្គ្រោះ និងរថយន្តជួយសង្គ្រោះ ដើម្បីត្រៀមធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលរៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាននៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងធនធានទឹកនិងឧតុនិយមបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ក្រសួងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបបានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែនៅគ្រប់តំបន់ក្នុងប្រទេស និងបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗកើនឡើងជាបន្តបន្ទាប់ ព្រមទាំងបង្កជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនផងដែរ។
ក្រសួងធនធានទឹកបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង អាជ្ញាធរបានកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី។កាត់ផ្តាច់ទំនប់នេះធ្វើឡើងនៅទីតាំងចំនួន៣ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្នពីតំបន់ដែលរងការគំរាមកំហែងនិងជន់លិច៕