សភា​​តំណាងរាស្រ្ត​នឹង​​មាន​​សមាជិក​​​ម្នាក់​​​ជា​​សាស្រ្តាចារ្យ​​មក​​ពី​​រដ្ឋ​​ Virginia

លោក Eric Cantor តំណាងរាស្ត្រ​ គណបក្ស​សាធារណ​រដ្ឋ​​​​​ថ្លែងសុន្ទរកថានៅ​ក្រុង Richmond​ រដ្ឋ​Virginia

សមាជិករដ្ឋសភា​របស់ស.រ.អា.​មានប្រវត្តិចម្រុះ​គ្នាគឺ​មានមេធាវី មានវេជ្ជបណ្ឌិត​ និង​មាន​ពាណិជ្ជករ។​ យ៉ាង​ហោច​ណាស់ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ៤​ ខែ​វិច្ឆិកា​នេះ​នឹង​មានសមាជិក​ម្នាក់ជា​សាស្រ្តាចារ្យ​មក​ពី​រដ្ឋ​ Virginia។

ម្នាក់​ជា​សាស្រ្តាចារ្យផ្នែក​សេដ្ឋកិច្ច។​ ម្នាក់​ទៀត​ជា​សាស្រ្តាចារ្យ​ផ្នែក​សង្គម​វិទ្យា។​ ទោះ​ជា​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​ក៏​ដោយ​ ក៏​លោក​ទាំង​ពីរ​មាន​ចំណុច​ដូច​គ្នា​មួយ​ គឺលោក​ទាំង​ពីរ​បង្រៀន​នៅ​មហា​វិទ្យាល័យ​ Randolph-Macon។

មួយ​សប្តាហ៍​មុន​ការ​បោះឆ្នោត​ សាលារៀន​នេះបានធ្វើ​ជា​អ្នក​រៀបចំការ​ពិភាក្សាដេញដោល​មតិ​គ្នា​រវាង​លោក​ David Brat​ នៃ​គណបក្ស​សាធារណ​រដ្ឋ​ និង​លោក​ Jack Trammel នៃ​គណបក្ស​ប្រជាធិបតេយ្យ។​ លោក​ទាំង​២​ បាន​បញ្ចេញ​មតិរបស់​លោក​រៀងៗ​ខ្លួន​ ហើយ​ក៏​បាន​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។​ លោក​ David Brat បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖​

«ខ្ញុំ​ជឿ​ថា​ យើង​ត្រូវ​បញ្ជូន​សេដ្ឋ​វិទូ​ម្នាក់​ទៅ​ក្រុង​វ៉ាស៊ីនតោន​ ទៅ​រដ្ឋសភា​ ដើម្បីជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ និង​ដើម្បី​រៀបចំ​ឲ្យ​មាន​សេចក្តី​ទុកចិត្ត​ឡើង​វិញទៅ​លើ​ស្ថាប័ននិង​គុណធម៌​របស់​ស.រ.អា.»។​

លោក​ Jack Trammell បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​សាស្រ្តា​ចារ្យសង្គមវិទ្យា បាន​អះអាង​ថា​ អ្វី​ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រូវការ​គឺ​អ្នក​តែង​ច្បាប់​ម្នាក់ដែល​មាន​ប្រវត្តិ​ខាង​វិស័យ​អប់រំ។​

«យើង​មាន​បញ្ហា​គ្រប់គ្រាន់​ហើយ​នៅ​ក្នុង​វិស័យ​អប់រំ​ ដូច្នេះ​យើង​ត្រូវការអ្នក​គរុកោសល្យ​វិទ្យាបន្ថែម​ទៀត។​ ​ ខ្ញុំ​យល់​ថា​ យើង​ត្រូវ​បញ្ជូន​អ្នក​គរុកោសល្យ​វិទ្យាម្នាក់»។​

កាល​ពី​ខែ​មិថុនា​មុន លោក​ David Brat​ បានទទួល​ជ័យ​ជំនះ​លើមេ​ដឹកនាំសំឡេងភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​គឺ​លោក​ Eric Cantor​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ពាស​ពេញ​ប្រទេស​អាមេរិក។​

លោក​ Robert R. Lingren​ ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​ Randolph-Macon​ បានថ្លែង​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ធ្វើ​ឲ្យ​សាលារៀន​លោក​មាន​សេចក្តី​ត្រេកអរផង​និង​សេចក្តី​សោក​ស្តាយ​ផង។​

«យើង​មាន​សេចក្តី​រំភើប​ចិត្ត​ដោយ​មាន​សាស្រ្តាចារ្យពីរ​នាក់​ឈរ​ឈ្មោះ​ជាបេក្ខជន​ ពីព្រោះ​លោក​ទាំង​ពីរជា​មនុស្ស​ល្អ​ណាស់។​ ខ្ញុំបាន​និយាយ​រួច​ហើយ​ថា​ ទោះ​ជា​អ្នក​ណា​ឈ្នះ​ក៏​ដោយ​ ស្រុកយើង​និង​ប្រទេសរបស់​យើងនឹង​បាន​ទទួល​ផល​ប្រយោជន៍​ពី​លោក​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា។​ តែ​ម្យ៉ាង​វិញ​ទៀត​ យើង​នឹងបាត់​បង់​សាស្រ្តាចារ្យ​ម្នាក់»។​

ទោះ​ជា​បេក្ខជន​ណា​ឈ្នះ ក៏​រដ្ឋសភា​លើក​ក្រោយ​នឹង​មាន​សាស្រ្តាចារ្យ​ម្នាក់​ដែលនឹង​ក្លាយ​ជា​អ្នក​តែង​ច្បាប់​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ខាង​មុខនេះ​ជា​មិន​ខាន៕

ប្រែ​សម្រួល​ដោយ​កែរ​ យ៉ាន