គណបក្ស​មួយ​ចំនួន​ស្នើឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​បង្កើន​សាមគ្គីភាព​ដោះស្រាយ​បញ្ហា​ពលរដ្ឋ

រូបឯកសារ៖ មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​បាន​ចាក់​សន្លឹក​ឆ្នោត​ដើម្បី​រាប់នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណា/វីអូអេ)

ស្រប​ពេល​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំការ​បោះឆ្នោត ​(គ.ជ.ប)​ ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​អាណត្តិទី​ ៤ ​នា​ថ្ងៃ​អង្គារ​នេះ​ គណបក្ស​នយោ​បាយ​មួយ​ចំនួន​ បាន​អំពាវ​នាវ​ដល់សមាជិក​ក្រុម​ប្រឹក្សា ​កុំ​ប្រកាន់​និន្នា​ការ​នយោ​បាយ ​ហើយ​ត្រូវ​ធ្វើ​ការ​រួមគ្នា​ដោះ​ស្រាយ​ក្តី​កង្វល់​ និង​បញ្ហា​ប្រឈមផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​។ ​

​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា ឬ​ហៅថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌអាណត្តិ​ទី ៤ បាន​បញ្ចប់​កាលពី​ទី​ ២៦ ខែ​ឧសភា ឆ្នាំ​ ២០២៤​។ គណ​បក្ស​នយោបាយ​ចំនួន​ ៥ ​បាន​ចូលរួមប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​អសកល​មួយ​នេះ ​ដែល​រួមមានគណបក្ស​កម្លាំង​ជាតិ គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណ​បក្ស​ឆន្ទៈ​ខ្មែរ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ខ្មែរ​រួបរួមជាតិ​។

លទ្ធផលបោះឆ្នោត​ផ្លូវការ ​បានបង្ហាញ​ថា ​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ដែល​មាន​អាសនៈ​សរុប​ចំនួន​ ៥៥៩ ​គឺ​គណបក្សប្រជាជន​ទទួល​បាន ​៥០៤​ អាសនៈ​ គណ​បក្ស​ឆន្ទៈខ្មែរ​ទទួល​បាន​ ៤៧ ​អាសនៈ និង​គណបក្ស​កម្លាំងជាតិ​ទទួល​បាន​ ៨ ​អាសនៈ​។ ចំណែក​អាសនៈ​ក្រុមប្រឹក្សា​ក្រុង ស្រុក ​ខណ្ឌ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សរុប​ ៣.៦៤១ ​អាសនៈ​ គឺ​គណ​បក្ស​ប្រជាជន​ទទួល​បាន​ចំនួន​ ៣.២​៥៧ ​អាសនៈ​ គណ​បក្ស​ឆន្ទៈ​ទទួល​បាន​ចំនួ​ន ​៣១២ ​អាសនៈ គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិចបាន​ទទួល​បាន​ចំនួ​ន ២ ​អាសនៈ ​គណបក្ស​កម្លាំងជាតិ​ទទួល​បាន​ចំនួន​ ៦៩ ​អាសនៈ​ និង​គណបក្ស​ខ្មែរ​រួបរួមជាតិ​ ទទួល​បាន​ចំនួ​ន​ ១ អាសនៈ​។ នេះ​បើតាម​អ្នក​នាំពាក្យ​ គ.ជ.ប​។

​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ​ លោក​ គង់ មុនីកា ​ប្រាប់​វីអូអេ​ថា​ គណបក្ស​ឆន្ទៈខ្មែរ ​ទទួល​យក​លទ្ធ​ផល​បោះឆ្នោតនេះ បើទោះ​បីជាគណបក្ស​បាន​កត់​សម្គាល់​ឃើញភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ជា​ពិសេស​រូបភាព​គំរាម​កំហែង ​ការ​បំភិត​បំភ័យ​ និង​ការចាប់​ខ្លួន​សកម្មជន​របស់​គណ​បក្សឆន្ទៈខ្មែរ នៅមុនថ្ងៃ​បោះ​ឆ្នោត។

លោក​មាន​សុទិដ្ឋិ​និយម​ថា ​មន្ត្រី​ដែល​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​រាជ​ធានី ​ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ ​នឹង​ធ្វើការ​រួមគ្នា​ ដើម្បី​បម្រើ​ផល​ប្រយោជន៍របស់​ប្រជាពលរដ្ឋ ដោយមិន​ប្រកាន់​និន្នាការ​នយោ​បាយ ព្រោះ​ការ​ប្រកាន់​និន្នាការ​នយោបាយ ​គឺជា​ឧបសគ្គ ​រារាំង​ដល់​ការ​បំពេញ​ភារកិច្ច​របស់​សមាជិក​ក្រុមប្រឹក្សា​ ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នានា​របស់ប្រជា​ពលរដ្ឋ​។ ​

បើតាមលោក គង់ មុនីកា ​ជាទូទៅមន្ត្រី​ដែល​មាន​តួនាទី​ក្រុម​ប្រឹក្សា គឺ​ជា​មន្ត្រី​របស់​ប្រជា​ពល​រដ្ឋ ពោល​គឺ​ពួក​គេ​មិន​អាច​បម្រើ​ប្រយោជន៍​គណ​បក្ស​នយោ​បាយឡើយ​។

លោក​បន្ថែម​ថា​៖ «​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ ក៏​ដូចគ្នាយើង​ឃើញ​ពី​បញ្ហា​លំបាក​របស់​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ​ដែល​ជាប់​ឆ្នោត​ហើយ តែមិន​អាច​អនុវត្ត​តួនាទី​មុខងារ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ ​ដោយសារការ​នៅ​តែ​ប្រកាន់​និន្នាការ​នយោបាយ​ ហើយ​ដូចថា​គិត​ថា​សំឡេង​ភាគ​តិច ភាគច្រើន​អីហ្នឹង​។​ ដូច្នេះ​ហើយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស្រុក ​ក្រុម​ប្រឹក្សា​ខេត្ត​នេះ ខ្ញុំ​អត់ចង់​ឃើញ​របៀបធ្វើ​ការ​បែបហ្នឹងទៀតទេ។ ខ្ញុំចង់​ឱ្យ​ពួក​គាត់​ធ្វើ​យ៉ាង​ណា​រួម​កម្លាំងគ្នា​ក្នុងនាម​ជាមន្ត្រី​សាធារណៈ ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​ទាំង​អស់​គ្នា​ កុំឱ្យ​មាន​ការ​រើស​អើស​ ហើយ​ជា​ពិសេស​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវទៅតាម​តួនាទី ភារកិច្ច​ និង​មុខងារដែលច្បាប់បានកំណត់​នោះ​»។

អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ​រូប​នេះ ​បន្ថែមថា ​ក្រុម​ប្រឹក្សា​ជាប់ឆ្នោត នឹង​ដើរ​តួនាទី​ជាភ្នែក​ច្រមុះ​របស់​ប្រជា​ពលរដ្ឋ​ ក្នុងការ​រក​ដំណោះ​ស្រាយ​លើបញ្ហា​សំខាន់ៗមួយ​ចំនួនៗ​ ដូច​ជា​បញ្ហា​ដីធ្លី ​និង​កសិផល​គ្មាន​ទីផ្សារ​ជាដើម​។ ​ពួកគេ​ក៏​នឹង​លើកឡើងពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ដឹង​ឮ​ដល់​ថ្នាក់ដឹកនាំប្រទេស​ផងដែរ​។​

ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក ​រ៉ុង ឈុន ប្រាប់​វីអូអេ​ថា ​គណបក្ស​កម្លាំង​ជាតិ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត​ប្រមាណ​៨​អាសនៈ ​និងក្រុមប្រឹក្សាស្រុក ​ខណ្ឌ​ប្រមាណ៧០​អាសនៈ ​នៅ​ក្នុង​ការ​បោះឆ្នោត​អសកល​មួយ​នេះ​។ ​

លោក​សង្ឃឹម​ថា ​ការ​បញ្ចេញ​មតិរបស់​សមាជិក​ក្រុម​ប្រឹក្សា​ដែល​មក​ពី​គ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ត្រូវ​បានយកចិត្ត​ទុក​ដាក់​ ដោយ​គ្មាន​ការ​រើស​អើង​ខាងផ្នែក​នយោ​បាយ​។

លោក រ៉ុង ឈុន ​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ចង់​ឃើញ​ថា​ការ​អនុវត្ត​ត្រូវ​តែ​ដំណើរ​ទៅ​តាម​ច្បាប់​កំណត់ ហើយ​ត្រូវ​គោរព​តាម​សំឡេង​ភាគតិច​ នៅ​ពេល​ដែល​សំឡេង​ភាគតិច​ត្រូវ​បាន​លើក​ឡើង​នៅ​បញ្ហា​ប្រជាពលរដ្ឋ​ ត្រូវ​តែ​ពិនិត្យ​សម្រេច​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​»។​

យ៉ាង​ណាមិញ​ លោក​បាន​បញ្ជាក់​ថា​ មុន​ពេល​ដំណើរ​ការ​បោះឆ្នោត​តែង​កើត​មាន​នៅ​ភាព​មិន​ប្រក្រតី ​ការ​រឹតត្បិត​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស ដែល​រូបភាព​ទាំង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិយាកាស​ការ​បោះ​ឆ្នោត​។

ទោះបី​ជា​មាន​ការ​បកស្រាយ​ពីអ្នក​នយោបាយ​ជំទាស់​អំពី​ភាព​ប្រក្រតី​មួយចំនួនជុំវិញ​ដំណើ​ការបោះឆ្នោត​ក្តី ​ក៏​ស្ថាប័ន ​គ.ជ.ប ​បាន​វាយ​តម្លៃ​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ​ខណៈ​អង្គបោះឆ្នោត​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​ ៩៩,​៧៩%​ ឬ​អង្គ​បោះឆ្នោត​មិន​បាន​បាន​ចេញ​ទៅ​បោះឆ្នោតចំនួន​ ២៤ ​នាក់ ​ក្នុង​ចំណោម​អង្គ​បោះ​ឆ្នោត​សរុប​ ១១.​៦២២ ​នាក់​។ ​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចុះថ្ងៃទី ​២៦ ខែ​ឧសភា ឆ្នាំ ​២០២៤។​

អ្នក​នាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​លោក​ សុខ ឥសាន យល់ស្រប​នឹងការវាយ​តម្លៃរបស់ គ.ជ.ប​ ទាក់ទិន​បរិយាកាស​បោះឆ្នោត​ និងថា​គណបក្ស​នយោ​បាយ​ទាំង​អស់​ មិនថាគណបក្ស​ដែល​ទទួល​បាន​សំឡេង​ភាគច្រើន ​និង​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​តិច​ គឺ​ត្រូវ​បម្រើ​ជាតិ​ និង​ប្រជា​ជន​រួម​គ្នា​។

លោកថ្លែងថា៖ «​យើង​មាន​ច្បាប់​ស្ដីពី​ការ​រៀបចំ​នឹង​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋាបាល​ថ្នាក់​ក្រោម​ជាតិ​ហើយ អ៊ី​ចឹង​ការ​សម្រេច​របៀប​ណា​យើង​យក​មតិ​ភាគ​ច្រើន​លើស​ពី ​៥០% ​បូក ១។ អ៊ី​ចឹង​ពេល​ដែល​យើង​សម្រេច​ក្រុម​ប្រឹក្សា​ គេ​ប្រជុំគ្នា​សម្រេច​ដោយ​លើក​ដៃ​បោះឆ្នោត​យក​សំឡេង​ភាគច្រើន អ៊ីចឹង​គឺ​យើង​ត្រូវ​តែ​គោរព​តាម​គោល​ការណ៍​នេះ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់»​។

លោក​បន្ថែម​ថា​ ​ដំណើរ​ការ​បោះឆ្នោត​អសកល​អាណត្តិ​ទី ៤ ​នេះ ​គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ ដូចការ​ចោទប្រកាន់​របស់​គណ​បក្ស​នៅ​ក្រៅ​រដ្ឋា​ភិបាល​នោះ​ទេ​។

ដោយ​ឡែក​ អ្នក​នាំពាក្យ ​គ.ជ.ប ​លោក ​ហង្ស ពុទ្ធា ​បាន​កត់​សម្គាល់​ថា​ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​ច្រើន​ជាង​គណ​បក្ស​ផ្សេង ដូច្នេះ​មន្ត្រីមក​ពី​គណ​បក្ស​កាន់​អំណាច​ នឹង​ក្លាយប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​ទាំង​ ២៥ ​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក ​ខណ្ឌ​នៅ​ទូទាំង​ប្រទេស​។

បើតាម​ច្បាប់​ស្តីពី​ «ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ​ក្រុង​ ស្រុក ​ខណ្ឌ​» ​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ក្រុង ​ស្រុក ខណ្ឌ ​មាន​អាណត្តិ​ ៥ ​ឆ្នាំ​ ដែល​មានន័យថា អាណត្តិ​របស់​ក្រុម​ប្រឹក្សា​ រាប់​គិត​ចាប់​តាំងពីថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា ​រហូត​ដល់​ផុត​កំណត់​នៃ​ថ្ងៃ​បោះ​ឆ្នោត​បន្ទាប់​។

ក្រុម​ប្រឹក្សា​នីមួយ​ៗ ​ត្រូវ​ធ្វើ​ជា​តំណាង​ និង​ធ្វើ​សកម្មភាព​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​រស់នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្រុម​ប្រឹក្សា​ក៏​មាន​តួនាទី ​បង្កើត​ ជំរុញ​ និង​ធ្វើឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​ជំរុញ​ឱ្យមាន​ការ​ចូលរួម​ពី​សាធារណ​ជន​នៅ​ក្នុង​ដំណើរ​ការ​អភិបាល​កិច្ច​នៅ​ក្នុង​ស្រុក​ និង​ឃុំ​សង្កាត់ ​ហើយ​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ក្នុង​ស្រុក​របស់​ខ្លួន និង​សំណើ​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ ​

ក្រៅពីនោះ ក្រុម​ប្រឹក្សា​អាច​ស្នើ​ជា​លាយ​លក្ខណ៍អក្សរទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ដក​ហូត​អភិបាល​ និង​អភិបាល​រង​ចេញ​ពីមុខ​ដំណែង ក្នុង​ករណី​អភិបាល​ អភិបាល​រង បាត់​បង់​លក្ខណៈសម្បត្តិ​ជា​អភិ​បាល​ អភិ​បាល​រង​ ​ឬ​អសមត្ថ​ភាព ​បំពេញ​ការងារ​មិន​បានល្អ ​មាន​បញ្ហា​សុខភាព ឬ​បាត់​បង់​សម្បទា​វិជ្ជា​ជីវៈ​ បោះ​បង់​ចោល​ការងារ​ និង​ប្រព្រឹត្ត​ខុស​ឆ្គង​ពី​ក្រមសីល​ធម៌​វិជ្ជាជីវៈ​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ត្រូវ​ស៊ើប​អង្កេត​ជា​បន្ទាន់​នូវ​រាល់​សំណើ​របស់​ក្រុមប្រឹក្សា​ដើម្បី​រាយ​ការណ៍​ទៅ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ពិនិត្យ​ និង​សម្រេច​។ ​

ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា លោក​ ប៉ា ច័ន្ទរឿន ​លើកឡើងថា នៅក្នុង​ក្រប​ខណ្ឌអភិបាល​កិច្ច​ល្អ គេ​ឱ្យ​តម្លៃ​លើ​ភាព​ចម្រុះ​ ដែល​អាច​ផ្តល់​នូវ​គំនិតថ្មី ​ទស្សនៈ​ថ្មី និង​យន្តការ​តាម​ដាន​ត្រួត​ពិនិត្យ​បានគ្រប់​ជ្រុង​ជ្រោយ​ ដូច្នេះ​ក្រុម​ប្រឹក្សា​អាណត្តិ​ទី ៤ ដែល​មាន​ភាព​ចម្រុះ​បែប​នេះ ​គឺជា​សញ្ញា​ល្អ ​សម្រាប់​ដំណើរ​ការ​ប្រជាធិប​តេយ្យ​។

លោក​ប្រាប់​វីអូអេថា៖ ​«​រាល់កិច្ច​ការងារ ​និង​សកម្មភាព​របស់គាត់ គឺ​ត្រូវ​តែ​កំណត់​ខ្លួន​ឯង​ថា ​គាត់​គឺជា​អ្នក​បម្រើ​របស់​សង្គម​ បម្រើប្រជា​ពលរដ្ឋ ​ដោយ​បែង​ចែង​ការងារ​បក្ស និង​ការងារ​សាធារណៈ​ឱ្យបាន​ដាច់​ចេញ​ពីគ្នា និង​អនុវត្ត​នូវ​គោល​ការណ៍ ​គោល​នយោ​បាយ ក៏​ដូចជា​ផែនការ​ដែល​រាជ​ធានី​ខេត្ត ​នីមួយៗ​បាន​ដាក់​ចេញ​មក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​»។

បើ​យោង​តាម​ច្បាប់ស្តីពី​«ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត ​ក្រុង​ ស្រុក ​ខណ្ឌ​»​ អង្គ ប្រជុំសម្រាប់​ការ​ចូល​កាន់​តំណែង​របស់​ក្រុម​ប្រឹក្សា ​នឹង​ត្រូវរៀប​ចំ​ឡើងក្នុង​រយៈពេលមិន​ឱ្យ​លើស​១៤​ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដែល​គ.ជ.ប ​ប្រកាស​លទ្ធផល​ផ្លូវការ​៕