គណបក្ស​មួយ​ចំនួន​អំពាវ​នាវ​កុំ​ឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល ដើម្បី​អាច​មាន​តំណាង​ក្នុង​សភា

រូបឯកសារ៖ បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតបំពេញការងារនៅមណ្ឌលបៅះឆ្នោតមួយ ដែលជាថ្នាក់រៀនក្នុងសាលារៀនមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

នៅ​គ្រា​អវត្ត​មាន​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ គណ​បក្ស​នយោបាយ​មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​សម្រាប់​គណបក្ស​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ ដើម្បី​កុំ​ឱ្យ​សភា​មាន​លក្ខណៈ​ឯក​បក្ស​បន្ត​ទៀត។

ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​មក​ពី​គណបក្ស​ជំទាស់ ស្រប​ពេល​ដែល​លោក សម រង្ស៊ី ​អតីត​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ជា​បន្ត​បន្ទាប់ ដោយ​ណែ​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ដោយ​សម្ងាត់។

លោក យ៉េង វីរៈ ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ប្រាប់​វីអូអេ​ថា​ការ​គូស​សន្លឹក​ឆ្នោត​ចោល នឹង​នាំ​ឱ្យ​ប្រជា​ជន​ខាត​បង់ ហើយមិន​បាន​ផ្តល់​ឱកាស​ដល់​អ្នក​នយោបាយ​ផ្សេង​ទៀត​អាចការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។

លោក​ថ្លែង​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «សូម​មេត្តា​កុំ​ឱ្យ​មាន​ការ​ខាត​សំឡេង​ប្រជា​ធិប​តេយ្យ​រយៈ​ពេល​៥​ឆ្នាំ​បន្ត​ទៀត។ សូម​បង​ប្អូន​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ ដើម្បី​យើង​ផ្តល់​ឱកាស​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ ការ​ពារ​ប្រយោ​ជន៍​ធ្វើ​ម៉េច​កុំ​ឱ្យ​នៅ​អាណតិ្ត​ក្រោយ​នេះ​សភា​ដឹក​នាំ​ប្រទេស​ដែល​មាន​សំឡេង​ដឹក​នាំ​បក្ស​តែ​មួយ។ សូម​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ដើម្បី​ប្រយោ​ជន៍​បង​ប្អូន ដើម្បី​ប្រយោ​ជន៍​ប្រទេស​ជាតិ​យើង»។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់​វីអូអេ​ថា​ ការ​គូស​សន្លឹក​ឆ្នោត​ចោល​គឺ​ជា​ការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គណបក្សដទៃ​ទៀត​ ជា​ពិសេស​វា​មិន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​នោះ​ឡើយ។

លោក​ថា៖«ការ​គូស​ខ្វែង​ឬ​ការ​បំផ្លាញ​សន្លឹក​ឆ្នោត​ណា​មួយ​ ជា​ការ​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ ជា​ពិសេស​សម្រាប់​គណបក្ស​យើង​[គណ​បក្ស​ហ៊្វុនស៊ិនប៉ិច]ជា​គណ​បក្ស​មួយ​ដែល​មានប្រវត្តិ​តស៊ូ​ ហើយ​ចូល​រួម​ធ្វើ​ឱ្យ​មាន​សុខសន្តិភាព​ ជា​ពិសេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នេះ​ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​តែ​បន្ត​បេសកកម្ម។ គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច​យើង​មាន​ភាពឯករាជ្យ​ ជា​ពិសេស​មាន​គោលដៅ​ច្បាស់​លាស់​ណាស់»។

លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​អះ​អាង​ថា​ការ​គូស​សន្លឹក​ឆ្នោត​ត្រឹម​ត្រូវ​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ ប្រសើរ​ជា​ជាង​ការ​គូស​សន្លឹក​ឆ្នោត​ចោល។

កាល​ពី​កន្លង​ទៅ លោក ញឹក ប៊ុន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ បាន​ថ្លែង​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រគណបក្ស​របស់​លោក ដើម្បី​អាច​ក្លាយ​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​តស៊ូមតិ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ដែល​រង​អំពើ​អយុត្តិធម៌ និង​ការ​រើស​អើង។

យ៉ាង​ណា​មិញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ស ខេង បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ខេត្ត​បាត់​ដំបង​ថា​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ សុទ្ធ​តែ​ជា​គណបក្ស​នយោ​បាយ​ប្រកួត​ប្រជែង ហើយ​ក៏​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន។

លោក​ថ្លែង​ថា​៖ «មាន​ការ​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​មាន​បក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ ប៉ុន្ដែ​យើង​ពិនិត្យ​ជា​រួម​ឃើញ​ថា​ គណ​បក្ស​ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​សុទ្ធ​តែ​គណបក្ស​ប្រកួត​ប្រជែង​ មិន​មែន​អត់​មាន​ទេ​ ព្រោះ​មិន​ដែល​ថា​ចូល​រួម​ប្រកួត​ប្រជែង​ហើយ​ ទៅ​គាំទ្រ​គណ​បក្ស​នយោបាយ​របស់​គេ​ទេ​ ត្រូវ​គាំទ្រ​គណបក្ស​របស់​ខ្លួន។ ដូច្នេះ​វា​មាន​ប្រឆាំង​ វា​មាន​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​មួយ​ទៀត​រាប់​ទាំង​គណបក្ស​កាន់​អំណាច​ផង»។

លោក​បន្ថែម​ទៀត​ថា​អវត្តមាន​នៃ​គណ​បក្ស​ភ្លើង​ទៀន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ គឺ​ដោយ​សារ​តែ​កំហុស​ឆ្គង​របស់​គណបក្ស​ភ្លើង​ទៀន​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «គណបក្ស​ដែល​មិន​បាន​ចុះ​ឈ្មោះ​ឆ្នោត​នោះ​ [គណ​បក្ស​ភ្លើង​ទៀន]​ដោយ​សារ​គាត់​បាន​ធ្វើ​កំហុស​ដោយ​ខ្លួន​ឯង​ទេ​ ក្នុង​ឋានៈ​ជា​រដ្ឋា​ភិបាល​ បាន​បំពេញ​តាម​សំណូម​ពរ​របស់​គាត់ អ្វី​ដែល​ក្រសួង​មហាផ្ទៃ​ បាន​ឆ្លើយ​ទៅ​គាត់​ មិន​មែន​ឆ្លើយ​ដោយ​ស្មាន​ទេ។ ឥឡូវ​បើ​តិះ​ទៀន​រិះ​គន់​មក​ខ្ញុំ​ថា​ខ្ញុំ​ធ្វើ​ខុស ក៏​អត់​បាន​ដែរ​ ពីព្រោះ​[ខ្ញុំ]​ធ្វើ​តាម​សំណើ​របស់​គាត់​ដែល​គាត់​បាន​ស្នើ»៕