អាណា​ព្យាបាល​មួ​យ​ចំនួន​ត្អូញ​ត្អែរ​អំពី​អាកាសធាតុ​ក្តៅ​​ប៉ះពាល់​ដល់​កូន​តូចៗ​

អ្នកស្រី ស្រ៊ឺ ស៊ីណែត អាយុ៣១ឆ្នាំ អង្គុយលើកៅអីនៅបរិវេណខាងក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ឪពុក​ម្តាយ​និង​អ្នកលក់ដូរ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​នៃ​អាកាសធាតុ​ក្តៅ​ដែល​បណ្តាល​ឱ្យ​កូនៗ​របស់​ពួក​គេ​ឈឺ​ថ្កាត់ ​ហើយ​ការ​រក​ស៊ី​របស់​ពួកគេ​ធ្លាក់​ចុះ​ផង​ដែរ។

កំពុង​បី​កូន​ និង​អង្គុយ​លើកៅ​អី​ឈើ​នៅ​ខាង​ក្រៅបរិវេណ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​ ដើម្បីរង់​ចាំ​ឡាន​ឈ្នួ​ល​មក​យកត្រឡប់​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ចាម​វិញ​ អ្នកស្រី ​ស្រ៊ឺ​ ស៊ីណែត ​អាយុ​៣១​ឆ្នាំ ​បាន​រៀប​រាប់​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេថា ដោយ​សារ​បច្ចុ​ប្បន្ន​នេះ ​អាកាស​ធាតុក្តៅ ​ ទើប​បណ្តាល​ឱ្យ​កូន​របស់​អ្នក​ស្រី​អាយុ១​ខួប​១៥​ថ្ងៃ​មាន​ជំងឺ​«រលាក​ទង​សួត»​ ដែល​តម្រូវ​អ្នកស្រី​ និង​កូនស្រី​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់ចាម ​មក​បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជា​ប្រចាំ ​ក្នុង​រយៈពេល​៤​ឬ៥​ថ្ងៃ​ម្តង។​

អ្នកស្រីថ្លែង​ថា៖ ​«ខែ​មួយ​ ខែ​ពីរ ​នេះ​វា​[កូនស្រី]​រៀង​ឈឺ​ក្អក ​ហត់​ខ្លាំង​ ​មក​បើក​ថ្នាំ​ទៅ»។​

ស្រ្តី​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្តាល ​អ្នក​ស្រី ​នាង​ ស្រី​ខួច ​អាយុ​៣៤​ឆ្នាំ ធ្វើ​ការ​ជា​អ្នក​រៀប​បន្ទប់នៅ​ខុនដូ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​យកកូន​ស្រី​អាយុ​ជិត​២​ខួប ​មក​ពិនិត្យ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​រាជ​ធានី​ភ្នំពេញ​ដែរ។ អ្នកស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នក​សារ​ព័ត៌មានវីអូអេ​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ អាកាស​ធាតុ​ក្តៅ​ពេក ​កូន​របស់​អ្នក​ស្រី បាន​ផ្តាសាយ​ និង​ហៀរ​សំបោរ​ជាដើម។

អ្នក​ស្រី​បញ្ជាក់​ថា៖​ «ចា៎ហ្នឹង​ហើយ​ មក​ពី​ក្តៅ​ពេក។​ ប៉ុន្មាន​ថ្ងៃ​នេះ​ក្តៅ ​ហើយ​ដល់​ពេល​ក្តៅ​អ៊ីចឹង​គាត់​លេង​ទឹក​ដាក់​នឹង​កាធុន​ទៅ​វា​លេង​អ៊ីចឹង​ទៅ​វា​ឈ្លក់​ទឹក ​ឈ្លក់​អី​ផង​ទៅ​ វា​ត្រាំ​យូរ ​វា​ក្តៅ​វា​ទៅ​ជា​ផ្តាសាយ»។​

អ្នកស្រី នាង ស្រីខួច អាយុ៣៤ឆ្នាំ អង្គុយលើកៅអី ក្បែរមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ស្ត្រីដែល​មាន​កូន​៤​នាក់​នេះ​បន្ថែម​ថា ​កូន​របស់​អ្នកស្រី​បី​នាក់​ទៀត​ក៏​ផ្តាសាយ​ដែរ ​តែ​គ្រាន់​តែ​លេប​ថ្នាំ​ទៅ​បាត់។​

ប្រធាន​មន្ទីពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ លោក ​គី សង់ទី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ចំនួន​ក្មេងៗ​ដែល​មក​ពិនិត្យ​ព្យាបាល​ជំងឺកើន​ឡើង ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ​និង​២០២២។ ​លោក​បន្ថែម​ថា​ជំងឺ​ភាគ​ច្រើន​របស់​កុមារ​ទាំង​នោះ​ គឺរលាក​ទង​សួត​ និង​ជំងឺ​ទូទៅ​ផ្សេងៗ។​

លោក​ថ្លែង​ថា៖​ «ឆ្នាំ​នេះ​គឺ​អ្នក​ជំងឺ​កុមារ​មាន​ការ​កើន​ឡើង ​ដែល​មក​ពិគ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​មុនៗ​ ពីឆ្នាំ២០២១ ​ឆ្នាំ​២០២២​នោះ​គឺ ​ឆ្នាំ​២០២៣​នេះ​យើង​មាន​ការ​កើន​ឡើង»។​

លោក​បន្ថែម​ថា ​ជំងឺ​រលាក​ទង​សួត​ភាគ​ច្រើនកើត​មាន​នៅ​ពេល​រដូវ​រំហើយ​ និង​ឈាន​មក​ដល់​រដូវ​ក្តៅ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កុមារ​ឆាប់​ឈឺ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ក្នុង​ខែ​កុម្ភៈឆ្នាំ​២០២៣​ កុមារ​ឈឺ​មានចំនួន​ជាង​៧​ម៉ឺន​៣​ពាន់​នាក់ ​រីឯ​ខែ​មីនា​ថយ​ចុះ​ជាង​ខែ​កុម្ភៈ​ប្រមាណ​១​ពាន់​នាក់ ​ដែល​មាន​ចំនួន​ជាង៦​ម៉ឺន​៥​ពាន់​នាក់។​

ស្ត្រីម្នាក់ ដើរចេញពីមន្ទីរពេទ្យគន្ធបុប្ផា ក្នុង រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពី​អ្នកស្រី ​ឱ វណ្ណឌីន ​និង​អ្នក​ស្រី ​យក់ សម្បត្តិ​ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

ក្រសួង​សុខាភិបាល​បាន​បង្ហោះ​សារ​លើ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​នៅ​ថ្ងៃទី២ ​ខែ​មេសា​នេះ​ ដោយ​ប្រាប់​ប្រជា​ពលរដ្ឋ​ឱ្យ​ថែទាំ​សុខភាព ​និង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​រដូវ​ក្តៅ​នេះ។​

ក្រសួង​បញ្ជាក់​ថា៖​ «អាកាសធាតុ​ក្តៅ​ទៅ​ក្តៅ​ទៅ​ហើយ! ​សូម​ប្រជាជន​ទាំងអស់​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ល្អ។ ​សូម​ពិសា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​លើស​ពី​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​ បើ​ទោះជា​មិន​ស្រេក​ទឹក​ក៏​ដោយ។ កុំ​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ផ្ទាល់​យូរ​ពេក។ ​សូម​ប្រយ័ត្ន​នូវ​ភាព​អាច​ឆេះ​ផ្ទះ​សម្បែង​ផង​ដែរ!»។​

អាកាសធាតុ​ក្តៅ​នា​ពេល​ថ្មីៗនេះ ​ក៏​ប៉ះពាល់​ដល់​ការ​រកស៊ី​មួយ​ចំនួន​ផង​ដែរ ​ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ និង​អ្នក​លក់​ដូរ​តាម​ផ្លូវ​ជាដើម។ ​

លោក ​ឆាយ ប៊ីន​ អាយុ​៥៨​ឆ្នាំ ​កំពុង​អង្គុយ​លើ​ម៉ូតូ ​និង​បាន​បក់​ដៃ​ហៅអ្នកជិះ​ នៅ​ក្បែរ​វត្ត​ភ្នំ។​ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ លោក​ប្រាប់​អ្នក​សារព័ត៌មាន​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បច្ចុប្បន្ន​នេះ ​លោក​រក​ចំណូល​មិន​សូវ​បាន​នោះ​ទេ ​ដោយ​សារ​ពលរដ្ឋ​មិន​សូវ​ជិះ​ម៉ូតូឌុប ​ក្នុង​ពេល​អាកាស​ធាតុ​ក្តៅ​ ហើយ​ពួកគេ​ងាក​ទៅ​ជិះ​កង់​បី​ច្រើន។

លោក​ថ្លែង​ថា៖ ​«វា​ក្តៅ​ពេក​ ប៉ុន្តែ​ចិត្ត​មនុស្ស​វា​ជិះ​កង់​បី​ច្រើន​ជាង។​ ដល់ពេល​ខ្ញុំ​ម៉ូតូ​ឌុប​ គេ​២​នាក់​មិន​សូវ​ឱ្យ​ឌុប​ ខ្លាច​ប៉ូលិស​ដែរ»។​

លោក​ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​ចំណូល​យ៉ាង​ដូច្នេះថា៖ «បាត់​បង់​ចំណូល​ហើយ ​ស្ថាន​ការ​ណ៍​ដូច​ថា ​គ្មាន​លុយ​ចាក់​សាំង ​ចាក់​អី​ដែរ​ហ្នឹង។ វា​អង្គុយ​[ចាំ​ក្រែង​មាន​គេ​ជិះ]​តែ​អ៊ីចឹង»។ ​

ចំណែក​អ្នក​លក់​ស៊ុបគុយទាវ​ដឹក​តាម​រទេះ​ អ្នក​ស្រី ​សួន សំណាង ​រស់​នៅ​ម្តុំ​ផ្សារ​ចាស់ ​រាជ​ធានី​ភ្នំពេញ ក៏​បានរអ៊ូ​រទាំ​ថា​ មួយ​រយៈ​នេះ ​អ្នក​ស្រី​ក៏​លក់​មិន​សូវដាច់និង​ធ្វើ​ឱ្យ​ចំណូល​អ្នកស្រី​ធ្លាក់​ចុះ​ផង​ដែរ។​

អ្នកស្រី​ថា៖ ​«មួយ​រយៈ​នេះ​រៀង​ស្ងាត់​គ្រប់​គ្នា។ ​បាន​តែ​ទិញ​អីវ៉ាន់​វិញ​ ហើយ​បាន​តែ​ហូប​នៅ​ក្នុង​ហ្នឹង។ ​ដល់​អ៊ីចឹង ​វា​អត់​បាន​សល់ ​ទិញអី​ក្រៅ​ហូប​អ៊ីចឹង​ ហូប​តែ​អាហ្នឹង​វិញ​[ស៊ុប​គុយទាវ]»។
វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពីលោក​ នេត្រ ភក្ត្រា​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​នៅ​ឡើយ​ទេ។ ​

នៅ​ដើមសប្តាហ៍​នេះ ​លោក នេត្រ ភក្ត្រា​ ​ប្រាប់​សារ​ព័ត៌មាន​ថ្មីៗ​ថា ​រដូវ​ប្រាំង​បាន​ធ្វើ​ឱ្យ​កម្រិត​នៃ​ខ្យល់ PM2.5​ កើតឡើង ​ហើយ​ខ្យល់ PM2.5 ​កើន​ឡើង​គឺ​ដោយសារ​ផ្សែង​ម៉ូតូ ​និង​ការដ្ឋាន​សំណង់​ជាដើម។​ លោក​បន្ថែម​ថា កម្រិត​នៃ​ខ្យល់​នេះ​អាច​ការពារ​បាន​តាមរយៈ​ការ​ពាក់ម៉ាស់ ​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ឡើយ៕​