តំណាង​គណបក្ស​មួយ​ចំនួន​ជំរុញ​ គ.ជ.ប​ ធានា​អព្យាក្រឹតភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នាពេល​ខាងមុខ

រូប​ឯកសារ៖ ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/វីអូអេ)

តំណាង​គណបក្ស​នយោបាយមួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ​ខាង​មុខ​បានបង្ហាញ​ក្តី​ព្រួយ​បារម្ភ​មួយ​ចំនួន​និង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)រក្សា​អព្យាក្រឹតភាព​និង​សុក្រឹត្យភាព។

សមាសភាព​នៃ​ថ្នាក់​ដឹកនាំ​កំពូល​ទាំង​៩នាក់​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ត្រូវបាន​ផ្លាស់​ប្តូរ​ដោយ​មិន​មាន​វត្តមាន​របស់​មន្រ្តី​មក​ពី​គណបក្ស​ប្រឆាំង​ដ៏ធំ​គឺ​អតីត​គណបក្ស​សង្រ្គោះជាតិ​ឡើយ​ក្រោយ​គណបក្ស​មួយ​នេះ​ត្រូវបាន​រំលាយ​កាលពី​ឆ្នាំ​២០១៧។ សមាសភាព​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​នេះ​ក៏រងការ​រិះគន់​ផង​ដែរ​ថា​មិន​អាច​ធានា​ការ​បោះ​ឆ្នោត​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​បាន​ឡើយ។

​ប្រធាន​ស្តី​ទី​គណបក្ស​ភ្លើង​ទៀន​លោក ​ថាច់ ​សេដ្ឋា​ ថ្លែងថា​លោក​មិនមាន​ជំនឿ​ថា​គ.ជ.ប​អព្យាក្រឹត្យ​ទាំងស្រុង​នោះ​ទេ​ដោយ​លោក​ថា​ស្ថាប័ន​នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​តែ​មួយ គឺគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច។

លោកថ្លែង​ថា៖ «បើ​និយាយ​ពី​រឿង​ជំនឿ​អា​ហ្នឹង​យើង​មិនទាន់​មាន​ជំនឿ​ទាំង​ស្រុង​ថាមួយ​ភាគរយ​ដែល​មាន​អព្យាក្រឹត្យ​អី​ទេ ដែល​យើង​ឃើញ​ទាំងអស់​គ្នា​យើង​ដឹង​ហើយ ​គ.ជ.ប​វា​មាន​តែ​គណបក្ស​តែ​មួយ​ទេ ដែល​គេ​រៀបចំ​ហ្នឹង ដូច្នេះ​វា​មិន​ទាន់​អាច​ធានា​បាន​នូវ​អព្យាក្រឹតភាព​របស់​ខ្លួន​នៅ​ឡើយ​ទេ»។

លោក​បន្ត​ថា​មុន​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​លោក​ចង់ឃើញ​ការ​ធានា​បរិយា​កាស​នយោបាយ​ការ​បើកលំហ​ប្រជាធិបតេយ្យ​និងការ​មិនមាន​ការ​ចាប់ចង​ឬ​គំរាម​កំហែង​ណាមួយ​ដើម្បី​ធានា​បាន​នូវការ​បោះ​ឆ្នោត​មួយដោយ​សេរី​និង​យុត្តិធម៌។

លោក ​ថាច់ សេដ្ឋា​ បន្ថែម​ថា​បើទោះ​គណបក្ស​ភ្លើង​ទៀត​បាន​ចុះ​បញ្ជីបេក្ខជន​បាន​ចំនួន​១.៦៤៩​ឃុំសង្កាត់ ក្នុង​ចំណោម​១.៩៥២ឃុំ​សង្កាត់ ទូទាំង​២៥​ ខេត្ត​ក្រុង​ក៏ដោយ​ក៏​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​សម្រេចជា​ផ្លូវ​ការ​ចំពោះ​ការចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅឡើយ​ទេ។

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ និង​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក​ អ៊ូ ច័ន្ទរ័ត្ន​ និយាយ​ថាគណបក្ស​កែទម្រង់​កម្ពុជា​មិនមាន​ជម្រើស​ច្រើន​ក្រៅ​ពី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់នោះទេ​បើ​ទោះ​បី​ជា​លោកមិន​បាន​បង្ហាញ​ទំនុក​ចិត្ត​មក​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោតក៏​ដោយ។

លោកថ្លែង​ថា៖ «ប៉ិន​ថា​ឲ្យ​យើង​ទុកចិត្ត​តែ​ម្តង​យើង​មិនមាន​ទំនុក​ចិត្ត​ទេ។ លើកលែង​តែ​ស្ថាប័ន​មួយ​នេះ​រៀបចំ​ឡើង​ដោយ​បុគ្គល​ឯករាជ្យ​ប្រសិន​ជា​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ​នៅ​តែ​ដឹកនាំ​ដោយ​បុគ្គល​ដែល​ចេញ​ពី​និន្នាការ​នយោបាយ​ចេញ​ពី​គណបក្ស​នៅ​តែ​មិន​បាន​ទទួល​ការ​ទុក​ចិត្ត​ពីម្ចាស់​ឆ្នោត​អ៊ីចឹង»។

លោក ​អ៊ូ​ ច័ន្ទរ័ត្ន បញ្ជាក់​ថា​លោក​ឃើញ​ថា ការ​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ និង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៧ ដែល​នា​ពេល​នេះ​គណបក្ស​សង្រ្គោះជាតិ​ដែលជា​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំទ្រ​មួយ​ភាគ​ធំ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ទំនុក​ចិត្ត​ពី​សាធារណជន និង​សហគមន៍​អន្តរជាតិ។

រូប​ឯកសារ៖ មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអេ)

ចំណែក​ស្ថាបនិក​គណបក្ស​កម្ពុជានិយម​លោក​ អូក អ៊ី ក៏មិន​មានជំនឿ​ចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ផងដែរ។

លោក​ថ្លែង​ថា៖ «ទាក់ទង​នឹង​ថា​តើ​អាច​ជឿ​កម្រិត​ណា​នោះ រហូត​ដល់​ពេល​នេះ​យើង​គ្រាន់​តែ​សង្ឃឹម​ថា គ.ជ.ប.​នឹង​អាច​រក្សា​អព្យាក្រឹត្យ​របស់​ខ្លួន​ឲ្យ​ល្អ។ ទោះបី​រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា ឃុំ​សង្កាត់​មួយ​ចំនួន​មាន​ការ​គំរាម​កំហែង​មាន​ការ​រឹតត្បិត​ពី​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ក្តី»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​ ឡឹក សុធារ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​ទោះ​បី​ជាគណបក្ស​លោក​មិនសូវ​សប្បាយ​ចិត្ត​ចំពោះ​គ.ជ.ប​ដែលលោក​ថា​«កែប្រែរបៀប​នីតិវិធី​នៃ​ការ​កត់ត្រា​សន្លឹក​ឆ្នោត​ក្តី» ក៏​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រូវ​តែ​ចូលរួម​ការ​បោះឆ្នោត«ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ផ្ទេរ​អំណាច​នៅ​ថ្នាក់​មូលដ្ឋាន»។

កាលពី​ឆ្នាំមុន គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ស្នើ​សុំ​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ស្តីពី​សមាស​ភាព​ស្ថាប័ន​គ.ជ.ប ដែល​ចែង​ពី​ដើម​ឡើយ​ថា​សមាសភាព​៤​រូប ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ដឹក​នាំ​រដ្ឋា​ភិបាល ៤​រូប​ទៀត​ត្រូវ​ជ្រើស​រើស​ដោយ​គណ​បក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូល​រួម​ក្នុង​រដ្ឋាភិបាល និង​មួយ​រូប​ទៀត​ជ្រើស​រើស​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណ​បក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ស្នើ​ថា​ក្នុង​ករណី​ដែល​មាន​តែ​គណ​បក្ស​នយោ​បាយមួយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដែល​បច្ចុប្បន្ន​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា សមាស​ភាព​គ.ជ.ប ចំនួន​៤​រូប ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​៥​រូប​ទៀត ត្រូវ​ជ្រើស​រើស​ដោយ​បើក​ចំហ និង​តម្លាភាព។

អគ្គ​លេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​ សោម សូរីដា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថាជា​មតិ​ឯកជន​របស់​គណបក្ស​នយោ​បាយ​ផ្សេងៗ​ជុំវិញ​ឯករាជ្យភាព​និង​អព្យាក្រឹតភាព​របស់​គ.ជ.ប។​

លោកថ្លែង​ថា៖ «ធម្មតា​ការ​ផ្តល់​មតិ​ការ​ផ្តល់​យោបល់​ការ​មើលឃើញ​នូវ​ស្ថានភាព​ទូទៅ មាន​ការ​វាយតម្លៃ​ខុសៗ​គ្នា អ៊ីចឹង​ទេ នេះ​គ្រាន់​តែ​ជា​ការ​មាន​យោបល់​មួយ​ឬ​ក៏​ជា​មតិ​មួយ​របស់​អ្នក​ពាក់ព័ន្ធ​ដូចជា​គណបក្ស​នយោបាយ​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​គ.ជ.ប​កំពុង​តែ​គោរព​ និង​អនុវត្ត​នោះ គឺ​ការ​កំណត់​យក​ច្បាប់​ជា​គោល​ក្នុង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន»។

លោកបន្ថែម​ថាក្នុង​ករណី​មើល​ឃើញ​ថា មាន​ភាព​មិនប្រក្រតី​គណបក្ស​នយោបាយ​អាច​ដាក់​សំណើ​ជា​លាយលក្ខណ៍​អក្សរ​មក​កាន់​គ.ជ.ប​ឬ​ហៅ​ទូរសព្ទ​ផ្ទាល់​មក​កាន់​ថ្នាក់​ដឹកនាំ​គ.ជ.ប​ដើម្បី​ពិនិត្យ​ដោះស្រាយ​រៀបចំ​ជា​កិច្ចប្រជុំ​ពិភាក្សា​រវាង​គ.ជ.ប​និង​ភាគី​ពាក់ព័ន្ធ ឬ​ផ្តល់​ជា​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​លើ​មន្រ្តី​បោះឆ្នោត ឬ​បុគ្គល​មិនមែន​ជា​មន្រ្តី​បោះឆ្នោត​ដើម្បី​ប្តឹង​បន្ត​ទៅ​តុលាការ។

កាល​ពី​ថ្ងៃទី​១០ ខែមីនា ​ប្រធាន​គ.ជ.ប លោក ​ប្រាជ្ញ ចន្ទ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក Vitit Muntarbhorn។ ក្នុងជំនួប​តាម​វីដេអូ​អនឡាញ​នោះ លោក​ប្រាជ្ញ ចន្ទ ​បាន​លើក​ឡើង​ថា​ស្ថាប័ន​គ.ជ.​ប ត្រូវ​បំពេញ​បេសកកម្ម​របស់ខ្លួន​ដោយ​គោរព​និង​អនុវត្ត​តាមរដ្ឋធម្មនុញ្ញ​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប.​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​និង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គ.ជ.ប។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ ឈឹម ផលវិរុណ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថារាល់​ការ​បោះឆ្នោត​តែង​មាន​ការ​ត្រួតពិនិត្យ​និង​អង្កេត​ការណ៍​ត្រឹមត្រូវ​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​ធានា​បាន​នូវ​សុក្រឹត្យភាព។

លោកថ្លែង​ថា៖​«គណបក្ស​នយោបាយ​នីមួយៗ​គួរ​តែ​កុំ​ព្រួយបារម្ភ​ហើយ​ចោទ​ប្រកាន់​អ្នកដទៃ​ពីព្រោះ​ការ​បោះឆ្នោត​សុទ្ធ​តែ​មាន​ភ្នាក់ងារ​អង្កេត​ការណ៍មាន​ការ​ចួលរួម​ពី​អង្គការ​សង្គមស៊ីវិល​។ ហើយ​មាន​នីតិវិធី​ច្បាស់លាស់​ហើយ​ប្រជាពលរដ្ឋ​ក៏​គាត់​ចូលរួម​ទាំងអស់។ ដូច្នេះ​ វា​អត់​មាន​អ្វី​ដែល​គួរ​ព្រួយបារម្ភ​ទេ»។

បន្ទាប់​ពី​បិទបញ្ចប់​ការ​ទទួល​ពាក្យ​សុំចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​រយៈពេល​បី​ថ្ងៃ​គិត​មក​ទល់​ថ្ងៃទី​៦ ខែ​មីនា ​គណបក្ស​នយោបាយផ្លូវការ​ចំនួន​១៧​នឹង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា៕