គណបក្សប្រឆាំងមួយចំនួនបានបង្ហាញការគាំទ្រការចងសម្ពន្ធភាពជាមួយគ្នា ដើម្បីជាកម្លាំងរួមគ្នា ក្នុងការបង្កើនសំឡេងជំទាស់ក្នុងសភានៅឆ្នាំ២០២៣ ដែលពួកគេអះអាងថាដើម្បីទប់ទល់ឥទ្ធិពលរបស់គណបក្សកាន់អំណាច។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃអង្គារនេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅភោជនីយដ្ឋានអូក្រា ក្នុងខណ្ឌទួលគោក ដោយបានប្រកាសជាផ្លូវការនូវបំណងរបស់គណបក្សក្នុងការចងសម្ពន្ធភាពជាមួយគណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាច ឱ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ដើម្បីរួមកម្លាំងគ្នាធ្វើឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា និងបង្កើនសំឡេងជំទាស់ក្នុងរដ្ឋសភា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបញ្ជាក់ថាការរៀបចំ និងដំណើរការនៃសម្ព័ន្ធភាព២០២៣នេះ ធ្វើឡើងអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ហើយឈរលើសសរស្តម្ភចំនួន៤ រួមមានគោលបំណង គុណតម្លៃ គោលការណ៍ និងគោលនយោបាយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់ចេញសំណើដល់គណបក្សដទៃដែលមានបំណងចងសម្ពន្ធភាព ឬសហការគ្នានូវជម្រើសចំនួន៣ រួមមាន ទី១ការចែកមណ្ឌលគ្នាឈរឈ្មោះ ទី២ ការរួមគ្នាក្រោមឈ្មោះគណបក្សណាមួយ និងទី៣ ការរួមគ្នាបង្កើតគណបក្សថ្មីមួយ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានថាមូលហេតុដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ចងសម្ព័ន្ធ និងសហការជាមួយគណបក្សដែលមាននិន្នាការដូចគ្នា ឱ្យបានមុនឆ្នាំ២០២៣ គឺដើម្បីបង្កើតសំឡេងពហុបក្សឱ្យមានច្រើនក្នុងសភា ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់បក្សកាន់អំណាចក្នុងរដ្ឋសភា និងធ្វើឱ្យរដ្ឋសភាមានភាពរស់រវើកឡើងវិញ។
លោកបន្តថាម្យ៉ាងទៀតលោកមិនចង់ឱ្យមានការបាត់បង់សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋ ដែលមិនគាំទ្រគណបក្សកាន់អំណាច ដូចឆ្នាំ២០១៨កន្លងទៅ។ អ្នកនយោបាយរូបនេះបន្ថែមថាការចងសម្ព័ន្ធភាពនេះ ក៏មិនមែនចង់ទៅផ្តួលរំលំគណបក្សណាមួយនោះទេ ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏មិនចង់បានអាសនៈនៅរដ្ឋសភា ដើម្បីអង្គុយនោះដែរ។
លោកថ្លែងថា៖ «រឿងការសហការគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលនេះជារឿងសំខាន់ណាស់។ រឿងសំខាន់មែនទែន ហើយអាហ្នឹងមិនមែនយើងចេះតែនិយាយទេ គឺយើងយក[តួ]លេខកន្លងមក មកនិយាយ។ ហើយលេខបញ្ជាក់ច្បាស់តែម្តង។ បើយើងមិនសហការគ្នាទេ ប្រជាពលរដ្ឋដែលមាននិន្នាការមិនគាំទ្រគណបក្សកាន់អំណាច គាត់នឹងពិន័យយើងហើយ។ ពិន័យយើងទី១ គាត់អត់ទៅបោះឆ្នោត ពិន័យយើងទី២ គាត់ទៅបោះឆ្នោតចោល ដូចឆ្នាំ២០១៨ ... ហើយពិន័យទី៣ រុញទូកបណ្តោយទឹក»។
លោកបន្ថែមថាប្រសិនបើគណបក្សដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច មិនរួមសាមគ្គីគ្នា ឬសហការគ្នាទេ នោះឆ្នាំ២០២៣ដែលជាពេលបោះឆ្នោតថ្នាក់ជាតិ គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបានសំឡេងកើនឡើងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «កាលណាយើងបែបបាក់គ្នា គឺលេខ [ប្រជាពលរដ្ឋបោះឆ្នោត] វាប្រាប់ថាអ៊ីចឹងហើយ...បើបែកបាក់គ្នា គណបក្សប្រជាជននឹងទទួលជោគជ័យយ៉ាងស្រួល។ គាត់អាចបាន៥លានសំឡេងជាងឆ្នាំ២០២៣ហ្នឹង ពីព្រោះឆ្នាំ២០១៨ គាត់បាន៤លានសំឡេង...»។
លោកបញ្ជាក់បន្ថែមទាក់ទងនឹងសំណើរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយជម្រើសទី១ ការចែកមណ្ឌលគ្នាឈរឈ្មោះ និងជម្រើសទី២ ការរួមក្រោមឈ្មោះគណបក្សណាមួយ គឺប្រហែលអាចមានការច្របាច់បញ្ចូលគ្នា នៅពេលមានការពិភាក្សាជាមួយបក្សដទៃ។ លោកថាជម្រើសនេះ ត្រូវតែមានជជែកឯកភាពគ្នា និងព្រមព្រៀងគោលនយោបាយរវាងគណបក្សទាំងអស់ដែលចូលរួមចងសម្ព័ន្ធ។
បើតាមលោក យ៉ង សាំងកុមារ បើគណបក្សនយោបាយណាមួយមិនចង់ចូលជាសម្ពន្ធភាពជាមួយគ្នា គឺគណបក្សទាំងនោះក៏នៅតែអាចរកវិធីសាស្ត្ររួមគ្នា ទាក់ទងក្រមសីលធម៌ កុំឱ្យមានការជេរប្រមាថគ្នា និងឈប់លាបពណ៌គ្នាជាដើម។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន យល់ថាការចងសម្ពន្ធភាពរវាងគណបក្សនយោបាយ គឺជារឿងល្អ ដើម្បីអាចរួមកម្លាំងគ្នាក្នុងការតស៊ូមតិ។ ប៉ុន្តែលោកថាថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមិនទាន់បានជួបប្រជុំគ្នា គិតគូរថានឹងត្រូវចងសម្ព័ន្ធភាពជាមួយគណបក្សដទៃបែបណានោះទេ។
លោកថ្លែងថា៖ «ការរួមគ្នាជាការល្អហើយ ដែលយើងមើលឃើញ។ អ្វីដែលជាការរួបរួមអ្នកប្រជាធិបតេយ្យ គឺជាការមួយវាត្រូវតែរួមកម្លាំង អាហ្នឹងបានវាអាចទៅជាកម្លាំងមួយខ្លាំងក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើងហ្នឹង។ គ្រាន់តែដោយឡែកចំពោះគណបក្សភ្លើងទៀន នៅពេលនេះ យើងកំពុងតែមមាញឹកនៅក្នុងការរៀបចំរចនាសម្ព័ន្ធរបស់យើងឱ្យរឹងមាំ»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានគាំទ្រចំពោះការបង្កើតឱ្យមានការចងសម្ព័ន្ធ ឬសហប្រតិបត្តិការរវាងគណបក្សដែលមាននិន្នាការដូចគ្នានេះផងដែរ។ លោកយល់ថានេះជាកម្លាំងប្រជាធិបតេយ្យធំមួយ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែលោកថាការសហការគ្នានេះ ត្រូវតែមានកំណត់គោលការណ៍ និងការជជែកគ្នាឱ្យបានច្បាស់លាស់។
លោកបញ្ជាក់ថា៖ «យើងយល់អំពីការចង់បានរបស់ម្ចាស់ឆ្នោត យល់អំពីការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះហើយ ខ្ញុំគិតថាយើងអាចធ្វើការរួមគ្នាក្នុងរូបភាពណាមួយក៏បាន ប៉ុន្តែត្រូវតែមានគោលការណ៍មួយច្បាស់លាស់។ ហើយគោលការណ៍ទាំងអស់នោះ ត្រូវជជែកគ្នាឱ្យបានច្បាស់លាស់ជាមុនសិន»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បញ្ជាក់ថាគណបក្សរបស់លោកស្វាគមន៍ជានិច្ចចំពោះការចូលរួមសហការគ្នាជាមួយគណបក្សដទៃទៀត ដែលមាននិន្នាការប្រជាធិបតេយ្យ។ ប៉ុន្តែលោកទាមទារឱ្យមានការកំណត់លក្ខខណ្ឌ និងគោលការណ៍ច្បាស់លាស់នៅពេលដែលធ្វើការរួមគ្នាផងដែរ ដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាប្រសិនបើមានរៀបចំយន្តការច្បាស់លាស់ ឱ្យមានលក្ខខណ្ឌត្រឹមត្រូវក្នុងការចូលរួម ទោះបីក្រោមឆត្រគណបក្សណាមួយក៏ដោយឱ្យតែមានលក្ខខណ្ឌច្បាស់លាស់ មានគោលការណ៍ច្បាស់លាស់ ខ្ញុំជឿថាវាជាប្រយោជន៍ហើយ ព្រោះកាលណាយើងនៅបែកខ្ញែកគ្នា វាខាតសំឡេង [ហើយ]សំឡេងរប៉េសរប៉សហ្នឹង វាអាចឱ្យអាសនៈហ្នឹងវាបានតិច...។ ហើយបើយើងរៀបចំត្រឹមត្រូវ កុងត្រាច្បាស់លាស់ ខ្ញុំជឿថាវាចំណេញទាំងអស់គ្នាទេ»។
បើតាមផែនការកសាងសម្ពន្ធភាពឆ្នាំ២០២៣នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានគ្រោងធ្វើឱ្យចប់នៅមុនខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអាចមានពេលវេលាត្រៀមខ្លួនក្នុងការរៀបចំឯកសារផ្លូវការផ្សេងៗ៕
គណបក្សប្រឆាំងមួយចំនួនគាំទ្រការចងសម្ពន្ធភាពជាមួយគ្នា ដើម្បីជាកម្លាំងរួមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយ
ភ្នំពេញ —