កាលពីពេលថ្មីៗនេះ អ្នកស្រី ស៊ុំ រ៉ុន កសិករម្នាក់នៅខេត្តពោធិ៍សាត់បានមកបូមទឹកពីប្រឡាយមេមួយក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ដើម្បីដាក់ស្រែរបស់អ្នកស្រីដែលមានចម្ងាយពីប្រព័ន្ធទឹកប្រមាណ៦គីឡូម៉ែត្រ។ ប៉ុន្តែការបូមនោះមិនជោគជ័យឡើយ ដោយសារមានគេលួចបូមទឹក តាមប្រឡាយតូចមុននឹងដល់ស្រែរបស់អ្នកស្រី។ កសិករវ័យអាយុ៥១ឆ្នាំ ដែលធ្វើស្រែ១ហិកតាកន្លះរូបនោះ បានឱ្យដឹងថា កាលឆ្នាំមុន កសិករអាចធ្វើស្រែស្រូវប្រាំងបាន ដោយសារតែមានទឹកភ្លៀង និងមានទឹកបឹង។
ផ្ទុយទៅវិញក្នុងឆ្នាំនេះ ខ្វះទឹក ហើយមេឃក៏មិនភ្លៀង ទើបធ្វើឱ្យខ្វះខាតទឹកទាំងស្រុង។ ម្យ៉ាងទៀត ស្រែរបស់អ្នកស្រីឋិតនៅផ្នែកខាងក្រោមមិនមានទឹកហូរចុះមកដល់។
កសិករដែលមានកូន២នាក់រូបនោះថ្លែងថា៖ «បើខ្ញុំដឹងព័ត៌មាន ក៏ខ្ញុំអត់ធ្វើដែរស្រែ។ បើពួកយើងអត់មានថវិកាបូមទឹក ពីនេះទៅវាឆ្ងាយ។ បើដឹងថា អត់មានទឹកមកពីលើ ខ្ញុំអត់ធ្វើដែរ។ បើធ្វើទៅ វាអត់មានទឹកមកពីលើទៅ ខាតអស់ច្រើន»។
អ្នកស្រី ស៊ុំ រ៉ន ជាកសិករម្នាក់ក្នុងចំណោមកសិកររាប់ពាន់នាក់ផ្សេងទៀត ដែលរងគ្រោះដោយសារខ្វះទឹកស្រោចស្រពស្រែប្រាំង។ អាជ្ញាធរខេត្តពោធិ៍សាត់បានអំពាវនាវកុំឲ្យពលរដ្ឋធ្វើស្រែប្រាំង ដោយសារខ្វះទឹក។ ប៉ុន្តែអ្នកស្រី ស៊ុំ រ៉ន ថា អ្នកស្រីមិនបានដឹងព័ត៌មានមុនឡើយ ហើយអ្នកស្រីនៅតែបន្តធ្វើស្រែប្រាំងដើម្បីអាចរកប្រាក់ចំណូលបានខ្លះ ដោះស្រាយបំណុលដែលអ្នកស្រីត្រូវបង់ប្រមាណ៥០ម៉ឺនរៀលក្នុងមួយខែ។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «មួយៗជំពាក់គេច្រើន ចេះតែធ្វើស្រូវប្រាំងខ្លាចអត់បានលុយសង់បំណុលគេ ដល់អត់បានស្រូវប្រាំងដឹងបានអីសងគេ? ជំពាក់លើសដើម ពីរត្រួតហើយ»។
កសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់អះអាងថា ការធ្វើស្រែប្រាំងក្នុងឆ្នាំនេះហាក់មិនសូវអំណាយផល ដោយសារតែកង្វះខាតទឹកសម្រាប់ធ្វើស្រែដែលធ្វើឱ្យកសិករខាតបង់ថវិកា និងជំពាក់បំណុល។
កសិករម្នាក់ទៀត លោក ដៀប ហៃ ប្រាប់វីអូអេថា ស្រែប្រាំងរបស់លោកប្រហែល២ហិកតាខូចអស់៧០%ហើយ ដោយសារកង្វះទឹកសម្រាប់ផ្គត់ផ្គង់ស្រែ។ លោកបន្ថែមថា រូបលោកមិនបានទទួលព័ត៌មានទាក់ទងនឹងបញ្ហាកង្វះទឹកសម្រាប់ធ្វើស្រែនារដូវនេះឡើយ មុនពេលខាងរដ្ឋបាលខេត្តប្រកាសកាលពីដើមខែមករាឆ្នាំ២០២៤។
លោក ដៀប ហៃ ថ្លែងថា៖ «អត់បានប្រាប់ផង! អត់មានប្រកាសមុនទេ! ដល់តែពេលយើងផ្ដើម ថ្ងៃទីប៉ុន្មានទេ ខែមករា ដូចជាថ្ងៃទី១០ បានគេប្រកាសថា យើងធ្វើលើសហិកតា អស់ទឹក។ គេថា យើងធ្វើលើស។ ហើយអត់មានជូនដំណឹងមុនផងហ្នឹង!»
លោកបន្ថែមថា កាលពីឆ្នាំមុន មានទឹកភ្លៀងខ្លះ គ្រាន់អាចធ្វើស្រែបាន ប៉ុន្ដែឆ្នាំនេះអត់ភ្លៀង ហើយខ្វះទឹកទៀត ទើបធ្វើឱ្យស្រែរបស់លោកខូចអស់ និងខាតបង់ប្រាក់ជាច្រើន ថែមទាំងជំពាក់បំណុលធនាគារផងដែរ។
កសិករម្នាក់ទៀត លោក ងិន សៅហ៊ូ អាយុ៦៥ឆ្នាំ ជួបបញ្ហាដូចគ្នាទៅនឹងកសិករខាងលើ។ លោកប្រាប់វីអូអេថា ស្រូវស្រែប្រាំងរបស់លោកដែលកំពុងចេញផ្លែ ខណៈពេលដែលខ្វះទឹកផ្គត់ផ្គង់ស្រែ ស្រូវរបស់លោកប្រែទៅជាស្វិតស្រពោនអស់។
លោកថ្លែងថា៖ «ខាតច្រើនណាស់ តែខាងខ្ញុំទាំងអស់។ ពួកដែលមក មកហ្នឹងគឺអត់មានទឹកអីទេ។ ស្រូវចេញ ហើយស្រពោនស្វិតអស់។ ហើយម្នាក់ៗខាតពីរបីពាន់ដុល្លារឯណោះ»។
កសិកររូបនេះត្រូវសងបំណុលធនាគារ និងសងលុយដែលជំពាក់ពីការទិញរបស់របរផ្សេងៗ រួមមានជី ថ្នាំ ប្រេងសម្រាប់ម៉ាស៊ីនបូមទឹកជាដើម។
លោកថ្លែងថា៖ «ខ្ញុំ ឆ្នាំហ្នឹង ជំពាក់លុយគេច្រើន ដោយសារលុយជីផង លុយទិញប្រេងសម្រាប់ម៉ាស៊ីនបូមផង។ យើងទិញថ្នាំគេ ជឿគេ បណ្ដាក់គេរហូត។ បើនិយាយទៅ បណ្ដាក់ទាំងអស់។ វាអត់មានលុយឯង។ លុយឯងធ្វើស្រែវស្សាបានតែមួយហិកតា ដល់យើងធ្វើចូលពីរហិកតា វាអស់ច្រើន។ យើងរុញដី រុញអីផង អ៊ីចឹងខាតច្រើនណាស់ ឆ្នាំនេះ»។
កាលពីដើមខែមករា រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីណែនាំឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ដោយថា ប្រជាកសិករបាននាំគ្នាធ្វើស្រែប្រាំងកើនឡើងផ្ទៃដីជិត២ដងនៃផែនការប្រើប្រាស់ទឹក ដែលមានន័យថា ទឹកក្នុងស្ទឹង និងប្រឡាយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។
បើតាមសារបង្ហោះលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះធ្វើអន្តរាគមន៍បែងចែកទឹកជូនប្រជាកសិករក្នុងស្រុកកណ្ដៀង តាមការស្នើសុំ និងបានបញ្ជាឱ្យអាជ្ញាធរស្រុកដាក់កម្លាំងសមត្ថកិច្ចប្រចាំការទៅតាមគោលដៅសំខាន់ៗ មិនអនុញ្ញាតឱ្យប្រជាកសិករបូមទឹកដាក់ស្រែ មុនអាជ្ញាធរសម្រេចឱ្យបូមនោះឡើយ។
លោក ខូយ រីដា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ ប្រសិនបើទឹកនៅក្នុងអាងស្តុបទឹកដល់គំនូសដែលត្រូវបញ្ឈប់ អាជ្ញាធរនឹងផ្អាកអន្ដរាគមន៍ផ្ដល់ទឹកសម្រាប់ពលរដ្ឋក្នុងការធ្វើស្រែ ព្រោះដើម្បីទុកទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ជាពិសេសការបរិភោគ។
អភិបាលខេត្តរូបនេះថ្លែងថា៖ «ប្រសិនជាទៅមុខនេះបែកខាងលើជួរភ្នំក្រវាញកណ្ដាល ទំនាបរបស់យើងនេះមានទឹកកើនឡើង យើងនៅតែរុញមកបន្តបន្ទាប់ តែបើសិនជាទឹកអាងរបស់យើងលែងមានកម្រិតឡើង ដល់គំនូសដែលយើងត្រូវបញ្ឈប់ ឧទាហរណ៍ថា ១០០% យើងទុក៣០%សម្រាប់បរិភោគ»។
អភិបាលខេត្តរូបនេះលើកឡើងថា មូលហេតុដែលបណ្ដាលឱ្យមានបញ្ហាកង្វះទឹកក្នុងឆ្នាំនេះ ដោយសារតែតម្លៃស្រូវឡើងថ្លៃ ដូច្នេះកសិករសម្រុកធ្វើស្រែបីដងទៅបួនដងក្នុងមួយឆ្នាំ ជាពិសេសកសិករដែលមានស្រែនៅជិតប្រឡាយ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធត្រូវធានាថា ផ្តល់ព័ត៌មានអំពីកង្វះទឹកដល់កសិករទាំងអស់ដើម្បីពួកគាត់ដឹងមុន ហើយមិនខាតបង់ថវិកាក្នុងការធ្វើស្រែ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា [អាជ្ញាធរ]ខេត្តគួរត្រូវបានគិតគូរឱ្យបានស៊ីជម្រៅ ក៏ដូចជាឱ្យបានមាំទាំដែរ ទៅលើការរៀបចំបុកអណ្តូង ឬក៏ទាញពីប្រភពទឹកផ្សេងៗមកប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ ទីពីរ ជំរុញឱ្យមេឃុំ អភិបាលស្រុក ឬក៏ថ្នាក់ដឹកនាំក្រសួងផ្សេងៗទៀតគិតគូរក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាចំពោះមុខថា តើគួរទាញទឹក ឬក៏ប្រភពទឹកពីកន្លែងណាបាន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម និងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបាននៅឡើយទេ៕