តម្លៃ​ស្រូវ​ទាប​នាំ​ឱ្យ​​កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង​ចេញ​មុខ​តវ៉ា

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ហាល​ស្រូវ​ ក្នុងវត្ត​មួយ​ ក្នុង​ឃុំពាមរក៍​ ស្រុកពាមរក៍​ ខេត្ត​ព្រៃ​វែង កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ​២០២០។​ (ហ៊ាន​ សុជាតា​/វីអូអេ)

ប្រជា​កសិករ​ធ្វើ​ស្រែ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៥រយៈ​ពេល​ខ្លី ក្នុង​គោល​បំណង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម ធានាដំឡើង​ថ្លៃ​ស្រូវ​ដែល​ពួកគេ​ថា​មាន​តម្លៃ​ទាប​ខ្លាំង​នា​ពេល​នេះ។

ការ​បិទ​ផ្លូវ​នេះធ្វើ​ឡើងនៅ​ក្នុង​នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

ប្រភេទ​ស្រូវ​ដែល​ពលរដ្ឋ​កំពុង​ត្អូញត្អែរ​នោះ ជា​ប្រភេទ​ស្រូវ​អូអឹម (OM) ​ដែល​ភាគ​ច្រើន​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ដូចជាប្រទេស​វៀត​ណាម ហើយ​វា​មាន​តម្លៃ​ចន្លោះ​ពី​៧០០ ​ទៅ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​តែ​ប៉ុណ្ណោះ។

ប្រជាកសិករ​ដែល​តវ៉ា​បាន​លើក​ឡើង​ថា​តម្លៃ​នេះ​ទាប ដែល​មិន​អាច​ទូទាត់​ថ្លៃ​ចំណាយ​បាន​ឡើយ។

ក្នុង​ការ​បិទ​ផ្លូវ​នោះ ពលរដ្ឋ​ខ្លះ​ដឹកស្រូវ​ដាក់​លើ​គោយន្ត​ចត​លើ​ផ្លូវ និង​ខ្លះ​លើក​បដារ​ដោយ​មាន​សរសេរ​សំណូម​ពរ​ឱ្យ​ក្រសួង​កសិកម្ម​ដំឡើង​តម្លៃ​ស្រូវ។ នេះ​បើ​តាម​ឃ្លីប​វីដេអូ​ដែល​បង្ហោះ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម ​កាល​ពីថ្ងៃ​ចន្ទ។

ក្នុង​ឃ្លីប​វីដេអូ​នោះ ប្រជាពលរដ្ឋ​ដែល​បិទ​ផ្លូវ​លើក​ឡើង​ថា៖ «សូម​ឱ្យ​ស្រូវ​ឡើង​ថ្លៃ​ បើ​សិន​ជា​ស្រូវ​ថោក​ខ្ញុំ​ជា​កសិករ​មិន​អាច​ដោះ​ស្រាយ​បំណុល​ជីគេ​បាន​ទេ​ បើ​អ៊ីចឹង​ទេ​ខ្ញុំ​នឹង​រត់​ចោល​ស្រុក​ហើយ។ សូម​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ដោះ​ស្រាយ​ដំណាំ​ស្រូវ​ដល់​នាង​ខ្ញុំ​ផង។ បើសិន​ជា​ស្រូវ​ចុះ​ថោក​ ខ្ញុំ​នឹង​វេច​ក្រវេច​នាំ​កូន​ទៅ​ធ្វើ​ខ្ញុំ​គេ​នៅ​ស្រុក​ថៃ​ហើយ ខ្ញុំ​មិន​អាច​នៅ​បាន​ទេ។ ស្រែ​ជួល​គេ​១ហិកតា ១លាន[...]​ជួយ​មើល​ដាក់​តម្លៃ​ស្រូវ​ឧទាហរណ៍​ថា​ដាក់​តម្លៃ​១​ពាន់​ឱ្យ​នៅ​ត្រឹម​តម្លៃ​១​ពាន់​ហ្នឹង​ហើយ​ កុំ​ឱ្យ​តែ​បាន​តែ​១ថ្ងៃ​ បាន​តែ​២​ម៉ោង​ អស់​លោក​ទម្លាក់​ចុះ​៦​លេខ​៧​លេខ​ តើ​ឱ្យ​ខ្ញុំ​កសិករ​យក​ទៅ​ដោះ​ស្រាយ​បំណុល​គេ​ម៉េច​រួច»។

លោក​ពួកគេ​បន្ថែម​ថា៖ «សូម​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ខ្ញុំ​ភ្លាម ក្រសួងកសិកម្ម​ខេត្ត​បាត់​ទៅ​ណា​អស់​ហើយ លោក​បង្ហោះ​កាល​ខ្ញុំ​មិន​ទាន់​ច្រូត​ថា​ស្រូវ​ស្រងែ​មិន​ឱ្យ​ក្រោម​១​លាន​ទេ​ ដល់​ពេល​ខ្ញុំ​ច្រូត​បាន​តែ​៨០ ៩០»។

ក្រោយ​មាន​ការ​ចែក​ចាយ​ឃ្លីប​វីដេអូ​នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លើក​ឡើង​ថា​ប្រភេទ​ស្រូវ​ដែល​ប្រជាកសិករ​ធ្វើ​សម្រាប់​រោង​ម៉ាស៊ីន​នៅ​ក្នុង​ស្រុក​ស្រប​តាម​ការ​ណែនាំ​របស់ក្រសួង​រក្សា​បាន​តម្លៃ​ទីផ្សារ​ដដែល លើក​លែង​តែ​ប្រភេទ​ស្រូវ​ដែល​ប្រជាកសិករ​ធ្វើ ដើម្បី​លក់​ចេញ​ទៅ​ក្រៅ​ដូច​ជា​ទៅ​ទីផ្សារ​វៀត​ណាម​ជា​ដើម។ លោក​បន្ត​ថា​កាល​ពី​កន្លង​ទៅ អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ធ្វើ​ស្រូវ​ក្រអូប​ឱ្យ​បាន​ច្រើន ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​បន្ត​សម្រុក​ធ្វើ​ស្រូវ​នាំ​ចេញទៅ​វៀតណាម​នេះ។

លោក​រដ្ឋមន្រ្តី​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដាំ​ស្រូវ​សែន​ក្រអូបវិញ ដែល​លោក​ថា​មាន​ទីផ្សារ​ល្អ។ ប៉ុន្តែ​កសិករ​ខ្លះ​បាន​លើក​ឡើង​ថា​ ដី​របស់​ពួកគេ​ពិបាក​ដាំ​ស្រូវ​ប្រភេទ​សែន​ក្រអូបនេះ ដោយសារ​ខ្វះទឹក​ប្រើប្រាស់។

លោក ឌិត ទីណា ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា​៖ «យើង​ត្រៀម​ជួយ​ក្នុង​លក្ខខណ្ឌ​ចាំ​បាច់​មួយ​ចំនួន​ តែ​យើង​មិន​អាច​ជួយ​ដូច​ស្រូវ​ខ្មែរ​យើង​មាន​ទីផ្សា​ក្នុង​ស្រុក​របស់​យើង​បាន​ដែរ។ ប៉ុន្តែ​ជា​ការ​ជួយ​សម្រាប់​រយៈ​ពេល​វែង​។ នៅ​ថ្ងៃ​នេះ​ ខ្ញុំចង់​ជួប​សួរ​បងប្អូន​យើង​ជា​សហគមន៍ដែរ ថា​យើងចង់​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប​អត់​។ ក្នុង​ការងារ​ធ្វើ​សហគមន៍​កសិកម្ម​ទំនើប​នេះ​យើង​នឹង​ជួយ​បងប្អូន​យើង​ដែល​ធ្លាប់​ធ្វើ​ អូអឹមឱ្យ​ត្រឡប់​មក​ធ្វើ​សែន​ក្រអូប​ ជា​លក្ខណៈ​សហគមន៍​កសិកម្ម​ទំនើប»។

លោក កែ សុគុណ អាយុ៣២ឆ្នាំ ប្រជាកសិករ​ម្នាក់​ក្នុង​ខេត្ត​បាត់ដំបង ប្រាប់​វីអូអេថា​ កន្លង​មក ក្រសួង​ក៏​ធ្លាប់​ណែនាំ​ឱ្យ​ធ្វើ​ស្រែ​ប្រភេទ​ក្នុង​ស្រុក​ដែរ​ ដូចជា​ប្រភេទ​ស្រូវ​សែន​ក្រអូប។ ប៉ុន្តែលោក​ថា​ប្រភេទ​ស្រូវ​ក្នុង​ស្រុក​ពិបាក​ដាំ​ដុះ​ ទើប​ប្រជាកសិករ​សម្រេច​ចិត្ត​ធ្វើ​ស្រូវ​ប្រភេទ​អូអឹម និង​ស្រូវ​ស្រងែ ដែល​ជា​ប្រភេទ​ស្រូវ​ដែល​លក់​ចេញ​ទៅ​ក្រៅ។
លោក​ថ្លែង​ថា៖ «កន្លង​មក​កាល​យើង​ធ្វើ​ហើយ​ កាល​ពី​ដំបូងគេ[ក្រសួង]​បាន​ណែនាំ ឱ្យ​យើង​ប្រើ​ពូជ​ក្នុង​ស្រុក​ ប៉ុន្តែ​ពូជ​ក្នុង​ស្រុក​បញ្ហា​ច្រើន ជំងឺ​ច្រើន​ហើយ​វា​អត់​សូវ​ធន់​នឹង​អាកាស​ធាតុ ហើយ​ផល​ក៏​អត់​សូវ​បាន​ដូច​ស្រូវ​បរទេស​ដែរ ស្រូវ​វៀត​ណាម​ស្រូវ​អូអឹម»។

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​ការ​បិទ​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មោង​ឫស្សី​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ ក្រសួង​កំពុង​ពិភាក្សា​ដោះស្រាយ​លើ​ករណី​នេះ​ហើយ។ លោក​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះ។

លោក លន់ យ៉េង អគ្គ​លេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា ​មូល​ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​ថយ​ចុះ ក៏​ដោយ​សារ​តែ​តម្លៃ​អង្ករ​នៅ​លើ​ពិភព​លោក«​ធ្លាក់​ចុះខ្លាំង»​ ស្រប​ពេល​ឥណ្ឌា​បើក​ការ​នាំ​ចេញ​អង្ករ។ លោក​ថា​ការ​ជ្រើស​រើស​ពូជ​ស្រូវ​មក​ដាំដុះ​របស់​កសិករ​ខ្មែរ​ក៏ជា​កត្តា​នៃ​កំណត់តម្លៃ​ស្រូវ​ដែរ។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាយល់​ថា ​ការ​បិទ​ផ្លូវ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ក្នុង​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង គឺជា​សិទ្ធិ​សម្តែង​មតិ​របស់​ពួកគេ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ លោក​ថា​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ចូលរួម​ពិចារណា​ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ដល់​ប្រជាកសិករ ដើម្បី​ជួយ​សម្រួល​ការ​លក់ស្រូវ​របស់​ពួកគេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «យើង​ចង់​ឱ្យ​គ្រប់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​សុំ​លោក​ជួយ​ពិចារណា​មើល​ការ​ដោះស្រាយ​រឿង​ហ្នឹង​ បញ្ហា​ចំពោះ​មុខ​ ក៏​ដូច​ជា​ភាគី​រោង​កិន​ស្រូវ​ជួយ​ទិញ​ស្រូវ​ ឱ្យ​ប្រជាពលរដ្ឋ​ផលិត​ទៅ​ជា​អង្ករ​ទៅ​ ឱ្យ​មាន​តម្លៃ​សម​ស្រប ទើប​យើង​អាច​ដោះ​ស្រាយ​បាន»។

លោក​បន្ថែម​ថា ក្រសួង​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទូលំ​ទូលាយ​អំពី​ការ​ជ្រើសរើស​ពូជ​ស្រូវ​ងាយ​រក​ដែល​សមស្រប​ទៅ​តាម​ប្រភេទ​ដី និង​ត្រូវ​ណែនាំ​ពួក​គេ​ពី​បច្ចេកទេស​ដាំ​ដុះ​ ដើម្បី​ឱ្យ​ទិន្នផល​ស្រូវ​ទទួល​បាន​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់ពេល​លក់​ចេញ។

កាល​ពី​ឆ្នាំ​មុន​ ប្រជាកសិករ​ខ្មែរ​លក់​ស្រូវ​ប្រភេទអូអឹម​ដែល​ជា​ប្រភេទ​ស្រូវ​លក់​ទៅ​ក្រៅ​ប្រទេសបាន​តម្លៃ​ខ្ពស់​ជាង​១ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ នៅ​គ្រា​ដែល​ប្រទេស​ឥណ្ឌា​មិន​បាន​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ឥឡូវ​នេះ​ ប្រទេស​ឥណ្ឌា​បាន​ចាប់​ផ្តើម​បើក​ការនាំ​ចេញ​អង្ករ​ឡើង​វិញ​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ដែល​លក់​ទៅ​ប្រទេស​វៀតណាម​ធ្លាក់​ចុះ៕