ពលរដ្ឋមួយចំនួនអះអាងថា ពួកគេបន្តទទួលបានការហៅទូរសព្ទចូលពីជនមិនស្គាល់អត្តសញ្ញាណដោយប្រាប់ឱ្យពួកគេបង្កើតកម្មវិធីដើម្បីបង់ថ្លៃអគ្គិសនី ឬ EDC App ដែលឈានដល់ករណីបោកបញ្ឆោតលួចដកប្រាក់។
លោក សួន សូលេញ អាយុ ៥៩ ឆ្នាំ អ្នកធ្វើការផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកបានចាញ់បោកជនមិនស្គាល់អត្តសញ្ញាណអស់ប្រាក់ជិត ៦ ពាន់ដុល្លារ តាមរយៈការហៅចូលតាមប្រព័ន្ធទូរសព្ទ និងចុចលើតំណភ្ជាប់តាមបណ្តាញសង្គមតេឡេក្រាម កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោកថា ជននោះអះអាងថា ជាភ្នាក់ងារអគ្គិសនីកម្ពុជា (EDC) ហើយបានហៅទូរសព្ទទៅលោកដើម្បីរកឯកសារវិក័យបត្រអគ្គិសនី និងតម្រូវឱ្យលោកដំឡើងកម្មវិធី App EDC ហើយជននោះក៏បានផ្ញើតំណភ្ជាប់តាមតេឡេក្រាមឱ្យលោកចុចចូល។ លោកអះអាងថា បន្ទាប់ពីចុចចូលតំណភ្ជាប់នោះរួច ជននោះក៏បានលួចដកប្រាក់ពីគណនីធនាគាររបស់លោកចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន ៥.៦៤៨ ដុល្លារអាមេរិក។
លោក សួន សូលេញ បានថ្លែងបន្ថែមថា បន្ទាប់ពីដឹងថាខ្លួនត្រូវបានគេឆបោក លោកបានដាក់ពាក្យបណ្តឹងតាមអនឡាញផង និងដោយផ្ទាល់ផងទៅលោក ជា ពៅ អគ្គស្នងការរងនរគបាលជាតិ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លោកថាលោកមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។
លោក សូលេញ បានអំពាវនាវនិងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកគ្រប់រូបភាពតាមអនឡាញ និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងលើជនឆបោកទាំងនោះ។
លោកថ្លែងថា៖ «ខ្ញុំស្នើទៅរាជរដ្ឋាភិបាលសុំលោកដែលមានតួនាទីពាក់ព័ន្ធ ឬក៏ស្ថាប័នដូចប៉ូលិស ដូចស្ថាប័នពាក់ព័ន្ធផ្សេងៗផ្នែករដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើងដែលលោកចង់បំបាត់អំពើចោរកម្ម កេងប្រវ័ញ្ចគេ ឆបោកគេហ្នឹង គឺសុំឱ្យរដ្ឋាភិបាលចាត់វិធានការជាមួយពួកហ្នឹងឱ្យបានតឹងរ៉ឹង […] ស្នើឱ្យខាងវិស័យធនាគារត្រូវការពារអ្នកប្រើប្រាស់ដែលជាអតិថិជនរបស់ខ្លួនឱ្យបានរឹងមាំជាងបច្ចុប្បន្ន»។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី ស៊ុំ ជេណេត ប្រាប់វីអូអេនៅថ្ងៃសុក្រថា កាលពីពីរថ្ងៃមុន អ្នកស្រីត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់អះអាងថាជាភ្នាក់ងារមកពី EDC ទាក់ទងតាមទូរសព្ទណែនាំឱ្យអ្នកស្រីប្រើប្រាស់ App EDC ដោយតម្រូវឱ្យមានការចុចចូលលើតំណភ្ជាប់តាមតេឡេក្រាម។
អ្នកស្រីថា អ្នកស្រីមិនបានធ្វើទៅតាមការណែនាំរបស់ជននោះឡើយ ប៉ុន្តែអ្នកស្រីថា អ្នកស្រីបារម្ភពីការរងគ្រោះរបស់ប្រជាពលរដ្ឋដែលពុំសូវមានការយល់ដឹងជ្រៅជ្រះ ហើយអាចជួបហានិភ័យ។
អ្នកស្រីសរសេរសារជាអក្សរមកកាន់វីអូអេថា៖ «មនុស្សអាក្រក់នៅតែបន្តឆបោកប្រជាជនយើងរហូត ជាពិសេសអ្នកដែលគ្នាមិនសូវយល់ដឹងជ្រៅជ្រះ អាចនឹងធ្វើតាម ហើយនឹងជួបហានិភ័យខ្ពស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ Hotline Scam បាននៅឡើយទេ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនរគបាលជាតិ និងលោក សុខ នីត្យា ប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យា បដិសេធមិនធ្វើអត្ថាធិប្បាយដោយឱ្យទាក់ទងទៅលោក ជា ពៅ វិញ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចែកចាយតៗគ្នានូវដំណឹងអំពីការឆបោក និងការបាត់បង់គណនីតេឡេក្រាម តាមរយៈការហៅទូរសព្ទប្រាប់ឱ្យបង្កើត App EDC ដោយមានការចុចលើតំណភ្ជាប់ផ្សេងៗ។
វីអូអេបានទាក់ទងទៅលេខទូរសព្ទដែលអគ្គិសនីកម្ពុជាដាក់ឱ្យប្រើប្រាស់សម្រាប់សាធារណជនទាក់ទងជាមួយអាជ្ញាធរអគ្គិសនី។ ទូរសព្ទនោះខលចូល ប៉ុន្តែមិនមានអ្នកទទួល។
អគ្គិសនីកម្ពុជាកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹងដល់អតិថិជនអគ្គិសនីកម្ពុជាទាំងអស់ឱ្យប្រុងប្រយ័ត្នពីក្រុមជនខិលខូច ដែលព្យាយាមបោកបញ្ឆោតចូលទៅគ្រប់គ្រងគណនីរបស់ពួកគេ បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់ថវិកា និងពេលវេលា។
អគ្គិសនីកម្ពុជាបន្ថែមថា ជនខិលខូចទាំងនោះភាគច្រើនបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា ហើយទាក់ទងអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនចុចលើតំណភ្ជាប់បន្ថែមរបស់ពួកគេ ដើម្បីឈានទៅប្រព្រឹត្តសកម្មភាពបោកប្រាស់អតិថិជនដោយបញ្ឆោតថា នឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់រង្វាន់ផ្សេងៗ។
សេចក្តីជូនដំណឹងដដែលឱ្យដឹងថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរបច្ចុប្បន្នភាពព័ត៌មានស្នើបន្តចរន្តថ្មី ដំឡើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និងសារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិផងដែរ។
អគ្គិសនីកម្ពុជាបានថ្លែងបន្ថែមនៅក្នុងសេចក្តីជូនដំណឹងនោះថា អគ្គិសនីកម្ពុជាកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃដើម្បីប្រមូលភស្តុតាង វែកមុខជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕