សកម្មជន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្រុង​ឡូវែល

នៅសាលាក្រុង​ឡូវែលមាន​សមាជិក​ចំនួន​៩នាក់ជា​អ្នក​ដឹកនាំ ដែលមាន​ទីតាំង​ស្ថិត​នៅទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។

តាំងពី​ឆ្នាំ​១៩៤៣​មក ទីក្រុង​ឡូវែល​បាន​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅថា At-Large មាន​ន័យ​ថា បេក្ខជន​ឈរ​ឈ្មោះ ត្រូវ​ធ្វើ​យុទ្ធនាការ​ទូទាំង​ក្រុង​ឡូវែល ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ទទួល​បាន​កៅអី​ក្នុង​សាលាក្រុង ដែល​មាន​៩​អាសនៈ។

នៅ​ទីក្រុង​ឡូវែល សកម្មជន​មួយ​ចំនួន​កំពុង​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ក្រុង ដើម្បី​ធានា​ឲ្យ​មាន​តំណាង​ចម្រុះ ដែល​ចេញ​ពី​តំបន់​ផ្សេងៗ​ចូល​កាន់​តំណែង​ជា​អ្នក​ដឹកនាំ។

(ទស្សនារបាយការណ៍នេះជាវីដេអូដោយ VOA ខេមរភាសា)

Your browser doesn’t support HTML5

សកម្មជន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល

លោក Rodney M. Elliott សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង​ជា​អតីត​ចៅហ្វាយ​ក្រុង​កាលពី​ឆ្នាំ​២០១១ បាន​ប្រាប់ VOA ថា លោក​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត At-Large ពីព្រោះ​លោក​ជឿថា ប្រព័ន្ធ​នេះ​មិន​បាន​ផ្តល់​ឱកាស​ស្មើគ្នា​ដល់​បេក្ខជន​គ្រប់​រូប​ដែល​ឈរ​ឈ្មោះ។

«‍ខ្ញុំ​យល់​ថា បើ​សិន​ជា​យើង​បោះឆ្នោត​តាម​តំបន់ រួម​បញ្ចូល​ទាំង​បោះឆ្នោត​ទូទាំង​ក្រុង យើង​នឹង​មាន​បេក្ខជន​ច្រើន​ឈរឈ្មោះ។ យើង​អាច​ទទួល​បាន​តំណាង​ចម្រុះ​ប្រសើរ​ជាង​នេះ។ ហើយ​ខ្ញុំ​យល់ថា យើង​នឹង​មាន​សមាជិក​ដែល​ចម្រុះ​នៅ​ក្រុម​ប្រឹក្សា​ក្រុង»។

តាំងពី​ឆ្នាំ​១៩៤៣​មក ទីក្រុង​ឡូវែល​បាន​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅថា At-Large មាន​ន័យ​ថា បេក្ខជន​ឈរ​ឈ្មោះ ត្រូវ​ធ្វើ​យុទ្ធនាការ​ទូទាំង​ក្រុង​ឡូវែល ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ទទួល​បាន​កៅអី​ក្នុង​សាលាក្រុង ដែល​មាន​៩​អាសនៈ។

ទីក្រុង​ឡូវែល​សព្វថ្ងៃ​នេះ​ត្រូវបាន​បែងចែក​ជា​១១​តំបន់។ ក៏​ប៉ុន្តែ សមាជិក​៦នាក់​ ក្នុង​ចំណោម​៩នាក់​ដែល​មាន​តំណែង​នៅ​សាលាក្រុង គឺ​មក​ពី​តំបន់​តែ​មួយ គឺ​តំបន់ Belvidere ដែល​ពោរពេញ​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស ហើយ​ពលរដ្ឋ​នៅ​ទីនោះ​មាន​សិទ្ធិ និង​ចេញ​ទៅ​បោះឆ្នោត​ច្រើន។

ស្ត្រីវ័យជរាម្នាក់​ដើរកាត់​ផ្លាក​សញ្ញាបោះឆ្នោតដែល​ភ្ជួរជាប់នឹង​របង​សាលារៀន​មួយ​នៅ​ទីក្រុងឡូវែល កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង លោក Elliott បកស្រាយ​ថា ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ At-Largeនេះ គឺ​ដើម្បី​ប្តូរ​ទៅ​យក​ការ​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​តាម​តំបន់​វិញ ឬ​ក៏​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ ដែល​រួមមាន​ការ​បោះឆ្នោត​តាម​តំបន់ និង​តាម​បែប At-Large។

«‍ទីក្រុង​ភាគច្រើន​នៅ​រដ្ឋ​ម៉ាសាឈូសេត និង​ទូទាំង​សហរដ្ឋ​អាមេរិក​អនុវត្ត​ប្រព័ន្ធ​ចម្រុះ​រវាង​ការ​បោះឆ្នោត​តាម​តំបន់ និង​ការ​បោះឆ្នោត​ទូទាំង​ក្រុង ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង។ មាន​ន័យ​ថា យើង​នឹង​ឃើញ​បេក្ខជន​មក​ពី​តំបន់​ផ្សេងៗ​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ទី​ប្រឹក្សា​ក្រុង ចេញ​ពី​សំឡេង​របស់​ពលរដ្ឋ​ក្នុង​តំបន់​នោះ។ ហើយ​យើង​ក៏​នឹង​ឃើញ​ឱកាស​ស្មើគ្នា​មួយ​ទៀត ដែល​ថា ​បេក្ខជន​ប្រហែល​បីនាក់​នឹង​ត្រូវបាន​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​ទូទាំង​ក្រុង»។

នៅទូទាំង​រដ្ឋ​ម៉ាសាឈូសេត​ទាំង​មូល មាន​តែ​ទីក្រុង​បី​ប៉ុណ្ណោះ រួមទាំង​ទីក្រុង​ឡូវែល​ផង ដែល​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ at-Large នេះ។ ទីក្រុង​ពីរ​ទៀត​គឺ​ទីក្រុង Fall River និង​ទីក្រុង Haverhill។

លោក មុំ រ៉ាឌី តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​ប្រចាំ​សង្កាត់ Middlesex ទី១៨ ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​កាលពី​ឆ្នាំ​២០០៥។ លោក​ថា លោក​ចង់​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ At-Large នេះ។

លោក មុំ រ៉ាឌី តំណាង​រាស្ត្រ​រដ្ឋ​ម៉ាសាឈូសេត​ម្នាក់​ប្រចាំ​សង្កាត់​ទី១៨ Middlesex ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ឲ្យ​កម្មវិធី​វិទ្យុ​មួយ​នៅ​ទីក្រុង​ឡូវែល មុន​នឹង​និយាយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌មាន VOA កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

‍«‍ខ្ញុំ​ចង់​ឲ្យ​មាន​ more focus [ការ​យក​ចិត្ត​ទុក​ដាក់] លើ district [សង្កាត់]។ មាន​ន័យ​ថា បើ​យើង​នៅ​កន្លែង​ណា សុំ​ឲ្យ​មាន​តំណាង​នៅ​ទីនោះ ដើម្បី​ជា​សំឡេង the reflection of the constitutents [ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​នោះ]។ ឲ្យឃើញ​ថា ប្រជារាស្ត្រ​យើង​តើ​មក​ពីណា ដែល​យើង​អាច​ក្តាប់​សំឡេង​បាន ហើយ​យល់​អ្វី​ដែល​យើង​មាន​ជា​បញ្ហា​ក្នុង​សង្គម​ដែល​យើង​រស់នៅ»។

លោក​ មុំ រ៉ាឌី បាន​បន្ថែម​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ At-Large នេះ តម្រូវ​ឲ្យ​បេក្ខជន​ចំណាយ​ថវិកា និង​រយៈពេល​ច្រើន ពីព្រោះ​ការ​ឃោសនា​ត្រូវ​ធ្វើ​ទូទាំង​ក្រុង។ ហេតុ​ដូច្នេះ បេក្ខជន​ឈរ​ឈ្មោះ​ដែល​មក​ពី​តំបន់​មាន​សេដ្ឋកិច្ច​ទាប​អាច​ជួប​កត្តា​ប្រឈម​ច្រើន។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​សិទ្ធិ​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌ​សុខភាព​សហគមន៍ Lowell បាន​ប្រាប់ VOA ក្នុង​បទសម្ភាសន៍​កាលពី​ខែ​សីហា ថា ទីក្រុង​ឡូវែល​នេះ​មាន​ពលរដ្ឋ​ចម្រុះ​ពូជសាសន៍​ច្រើន រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​បីម៉ឺន​ទៅ​បួន​ម៉ឺន​នាក់ តែ​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស​មាន​សិទ្ធិ​បោះឆ្នោត​ច្រើន​ជាង ពលរដ្ឋ​មក​ពី​ពូជសាសន៍​ដទៃ។

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត។

«‍ហើយ​នៅ​ទីក្រុង​ឡូវែល​នេះ​ពោរពេញ​ទៅ​ដោយ​ពួកគេ គឺ​សាសន៍​ស គឺច្រើន​ជាង​ជនជាតិ​ភាគ​តិច។ ជនជាតិ​ភាគតិច​មាន​ត្រឹម​តែ៤៩ភាគរយ។ ដូច្នេះ សំខាន់​ជាង​គេ ដើម្បី​ឲ្យ​មាន​ភាព​ស្មើគ្នា យើង​ត្រូវ​តែ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ហ្នឹង។ បើ​មិន​អញ្ចឹង​ទេ ទោះ​បី​យើង​ភ្លុក​ទឹក​ភ្លុក​ដី​ទៅ​បោះឆ្នោត ក៏​យើង​មិន​អាច​ឈ្នះ​បាន​ដែរ»។

ក៏​ប៉ុន្តែ លោក អ៊ុង រិទ្ធី គ្រូប្រឹក្សា​សិស្ស​វិទ្យាល័យ​ឡូវែល បាន​បញ្ជាក់​ប្រាប់ VOA ថា ការ​ឈ្នះ​ឆ្នោត​ដើម្បី​ក្លាយ​ជា​ក្រុម​ប្រឹក្សា​ក្រុង​អាស្រ័យ​លើ​កត្តា​បុគ្គលិក​លក្ខណៈ ចំណេះដឹង និង​បទ​ពិសោធន៍​របស់​បេក្ខជន មិនមែន​ដោយ​សារ​តែ​ប្រព័ន្ធ​បោះឆ្នោត​នោះ​ទេ។

«‍កាល​យើង​ឈរ​នៅ​ស្រុក​នេះ គឺ​យើង​ឈរ​ជា At Large ហើយ​កៅអី​ទាំង​អស់ មិនមែន​ជា​កៅ​អី​របស់​បុគ្គល​ណា​ទេ។ ទាំង​អស់​វា​៩កៅអី។ សំខាន់​គឺ​បុគ្គលិក​លក្ខណៈ​របស់​យើង និង​ការ​ចេះ​ដឹង​របស់​យើង​ក្នុង​សង្គម ដើម្បី​ឲ្យ​គេ​អ្នក​បោះឆ្នោត​ជឿ​ទុក​ចិត្ត​យើង ដើម្បី​ឲ្យ​គេ​ឲ្យ​សំឡេង​»។

លោក អ៊ុង រិទ្ធី គឺជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​ដំបូង​គេ​បង្អស់ ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ក្នុង​អំឡុង​ពេល​ជិត​បីអណត្តិ​តាំង​ពី​ឆ្នាំ​១៩៩៩​ រហូត​ដល់​ឆ្នាំ​២០០២។

លោក អ៊ុង រិទ្ធី គ្រូ​ប្រឹក្សា​នៃ​វិទ្យាល័យ​ឡូវែល Lowell High School រដ្ឋ​ម៉ាសាឈូសេត និងអតីតសមាជិក្រុម​ប្រឹក្សា​ក្រុងឡូវែលខ្មែរអាមេរិកាំង​មុន​គេ​បង្អស់​ដែល​បាន​ជាប់​ឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១៦។

លោក​បន្ថែម​ថា៖

«‍បើ​សិន​ជា​យើង​ទាមទារ​ឲ្យ​មាន district យើង​ត្រូវ​យល់​ដឹង​អំពី​តម្លៃ​របស់ district [សង្កាត់] យើង​ផង​ថា តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ។ ចំពោះ​ខ្ញុំ គឺ​ថា យើង​ត្រូវ​សង្កេត​មើល​ខ្លួន​ឯង។ បើ​សិន​ជា​យើង​ធ្វើ​អស់​គ្រប់​ជ្រុង​ហើយ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ចេញ​មក​បោះឆ្នោត ហើយ​សំឡេង​ឆ្នោត​យើង​ឡើង។ ហើយ​យើង​នៅ​តែ​មិន​ជាប់​ទៀត នោះ​ចាំ​យើង​ស៊ើរើ​ម្តង​ទៀត»។

លោក Edward J. Kennedy ចៅហ្វាយ​ក្រុង​ឡូវែល​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​យល់​ស្រប​ដូច​លោក អ៊ុង រិទ្ធី ថា​ ការ​ចូលរួម​បោះឆ្នោត​របស់​ពលរដ្ឋ​រស់នៅ​តាម​តំបន់​នីមួយៗ​គឺ​សំខាន់ ហើយ​លោក​អង្កេត​ថា ការ​មិន​រួបរួម​គ្នា​របស់​សហគមន៍​ខ្មែរ​ជា​កត្តា​ដែល​បណ្តាល​ឲ្យ​បេក្ខជន​ជា​ខ្មែរ​មិន​ជាប់​ឈ្មោះ​នៅ​សាលាក្រុង​សម្រាប់​ការ​បោះឆ្នោត​ថ្មីៗ​កន្លង​ទៅ​នេះ។

«‍ខ្ញុំ​យល់​ថា សហគមន៍​ខ្មែរ​មើល​ទៅ​មិន​រួបរួម​គ្នា​ទេ​ទំនង​ជា​ដោយសារ​បញ្ហា​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួកគេ​មិន​បោះឆ្នោត​ជា​តំបន់​រួម​គ្នា។ បើសិន​ជា​ពួក​គេ​បោះឆ្នោត​រួម​សំឡេង​តែ​មួយ ខ្ញុំ​យល់​ថា សំឡេង​អ្នក​គាំទ្រ​បេក្ខជន​ខ្មែរ​នឹង​មាន​ច្រើន»។

លោក​ Edward J. Kennedy ចៅហ្វាយ​ក្រុង​ឡូវែល ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​សាលាក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា ឆ្នាំ២០១៦។

ពេល​ចោទ​សួរ​អំពី​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ At-Large នេះ លោក​ចៅហ្វាយ​ក្រុង Kennedy បញ្ជាក់​ថា ប្រព័ន្ធ​នេះ​ជ្រើសរើស​អ្នក​ដឹកនាំ​ ដែល​តំណាង​ឲ្យ​សហគមន៍​ទាំង​មូល។

«‍ខ្ញុំ​ជឿ​ថា ប្រព័ន្ធ​នេះ​គឺ​រួម​បញ្ចូល​មនុស្ស​គ្រប់ៗ​គ្នា​ដែល​រស់នៅ​ក្នុង​សហគមន៍។ ដោយសារ​តែ​យើង​ធ្វើ​ការ​បម្រើ​ទូទាំង​ក្រុង រួម​ទាំង​រូប​ខ្ញុំ​ផង។ ដូច្នេះ​យើង​តំណាង​ឲ្យ​សហគមន៍​ទាំង​មូល»។

លោក​ចៅហ្វាយ​ក្រុង​ក៏​បាន​បន្ថែម​ថា៖ «ប្រព័ន្ធ​គ្រប់គ្រង​របស់​ក្រុម​ប្រឹក្សា​ក្រុង​សព្វថ្ងៃ​នេះ​ដំណើរការ​ទៅ​បាន​ល្អ ពីព្រោះ​ទាំង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង អ្នក​គ្រប់គ្រង​ក្រុង និង​តំណាងរាស្ត្រ​នៅ​ក្រុង​ឡូវែល ធ្វើការងារ​រួម​គ្នា‍»។

សម្រាប់​សកម្មជន​ដែល​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ At Large នេះ ដូចជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង លោក Rodney Elliott និង​លោក លាង ស៊ីដនី ពួក​គេ​បាន​បញ្ជាក់​ថា ជំហាន​សំខាន់​ដំបូង​គឺ​ការ​ធ្វើ​ប្រជាមតិ​ជាមួយ​ពលរដ្ឋ​ទូទាំង​ក្រុង ដើម្បី​សម្រេច​លើ​បញ្ហា​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្តី ការ​តស៊ូ​មតិ​ដើម្បី​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះនៅ​តែ​បន្ត៕