នៅពេលដែលការប្រារព្ធទិវារំឭកដល់លោក Martin Luther King Jr. ជិតចូលមកដល់នៅថ្ងៃចន្ទស្អែក សកម្មជនសិទ្ធិពលរដ្ឋសម័យទំនើបកំពុងប្រឈមនឹងការពិតជាក់ស្ដែងដែលថា បើទោះបីជាមានការបង្កើនការផ្ដោតជាសាធារណៈអស់រយៈពេលរាប់ឆ្នាំលើបញ្ហាអយុត្តិធម៌ជាតិសាសន៍ក៏ដោយ ក៏ពួកគេទំនងជាមិនសម្រេចបានតាមគោលបំណងរបស់ខ្លួនដែលចង់ឱ្យជាតិសាសន៍ភាគតិចមានលទ្ធភាពប្រសើរជាងមុននៅក្នុងការបោះឆ្នោតនោះដែរ។
កាលពីជាងមួយសប្ដាហ៍កន្លងទៅនេះ ក្រុមគ្រួសាររបស់លោក King បានស្នើឱ្យមានការផ្អាកការរំឭកកេរដំណែលរបស់លោក King នៅឆ្នាំនេះ ប្រសិនបើសភាមិនអាចអនុម័តសំណើច្បាប់ដែលនឹងពង្រីកសិទ្ធិបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានជ្រោមជ្រែងឱ្យមានសេចក្ដីព្រាងច្បាប់ដែលនឹងផ្ដល់អំណាចខ្លាំងជាងមុនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការកំណត់អំពីរបៀបអនុវត្តការបោះឆ្នោតថ្នាក់ជាតិនៅតាមរដ្ឋនីមួយៗក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។
ទោះបីជារដ្ឋាភិបាលថ្នាក់ជាតិមិនគ្រប់គ្រងការបោះឆ្នោតនានានៅតាមថ្នាក់រដ្ឋនីមួយៗក៏ដោយ ក៏លក្ខខណ្ឌតម្រូវថ្នាក់ជាតិថ្មីអាចជះឥទ្ធិពលដល់ការបោះឆ្នោតទាំងនោះបានដែរ ដោយសារតែការបោះឆ្នោតទាំងនោះជារឿយៗធ្វើឡើងស្របពេលគ្នា។
ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត សំណើច្បាប់ពីរដែលគាំទ្រដោយគណបក្សប្រជាធិបតេយ្យ ដែលនោះគឺច្បាប់សេរីភាពបោះឆ្នោត (Freedom to Vote Act) និងច្បាប់ John Lewis ស្ដីពីការជំរុញសិទ្ធិបោះឆ្នោត (John Lewis Voting Rights Advancement Act) មានបំណងលុបចោលច្បាប់ដែលបានអនុម័តកន្លងមកដោយបណ្ដារដ្ឋដឹកនាំដោយគណបក្សសាធារណរដ្ឋ ដែលដាក់កំហិតលើរបៀបនិងឱកាសនៅក្នុងការបោះឆ្នោត។
គណបក្សប្រជាធិបតេយ្យនិងសកម្មជនសិទ្ធិពលរដ្ឋជាច្រើនបាននិយាយថា ច្បាប់របស់រដ្ឋទាំងនោះនឹងប៉ះពាល់ដល់អ្នកបោះឆ្នោតដែលជាជាតិសាសន៍ភាគតិច ហើយពួកគេបានចោទប្រកាន់គណបក្សសាធារណរដ្ឋថាបានគាបសង្កត់លើអ្នកបោះឆ្នោត បើទោះបីជាប្រឹងលាក់បាំងយ៉ាងណាក៏ដោយ។
គណបក្សសាធារណរដ្ឋបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយទទូចថា គោលបំណងរបស់ពួកគេគឺដើម្បីការពារសុចរិតភាពនៃការបោះឆ្នោតនិងបង្ការការលួចបន្លំការបោះឆ្នោត។
ដោយជាប់គាំងនៅក្នុងព្រឹទ្ធសភាអស់រយៈពេលរាប់ខែមកហើយ ក្ដីសង្ឃឹមសម្រាប់ការអនុម័តច្បាប់សេរីភាពបោះឆ្នោតហាក់ដូចជាត្រូវបានបាត់បង់កាលពីពេលថ្មីៗនេះ។
អ្នកស្រី Kyrsten Sinema សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Arizona និងលោក Joe Manchin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ West Virginia បាននិយាយថា បើទោះបីជាពួកគេគាំទ្រការកែទម្រង់ច្បាប់បោះឆ្នោតក៏ដោយ ក៏ពួកគេនឹងមិនបោះឆ្នោតកែប្រែបទបញ្ញត្តិរបស់ព្រឹទ្ធសភាដើម្បីអនុម័តកំណែទម្រង់ទាំងនោះដែរ ប្រសិនបើមានការគាំទ្រតែពីខាងគណបក្សប្រជាធិបតេយ្យនោះ។
ការកែប្រែបទបញ្ញត្តិរបស់ព្រឹទ្ធសភាគឺជាការចាំបាច់ ដោយសារតែមិនមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋណាម្នាក់គាំទ្រសំណើច្បាប់បោះឆ្នោតនេះ។ នៅក្រោមបទបញ្ញត្តិរបស់ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអាចរារាំងសំណើច្បាប់ភាគច្រើនបាន បើទោះបីជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យភាគច្រើនគាំទ្រសំណើច្បាប់នោះក៏ដោយ។
កាលពីថ្ងៃសុក្រទី ១៤ ខែមករា ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Washington Post លោក Martin Luther King III ដែលជាកូនប្រុសរបស់លោក Martin Luther King Jr. បានរិះគន់យ៉ាងចាស់ដៃលើជំហររបស់អ្នកស្រី Sinema និងជំហររបស់លោក Manchin។
លោកបាននិយាយដូច្នេះថា៖ «ប្រវត្តិសាស្ត្រនឹងមិនវាយតម្លៃ …ពួកគេតាមវិធីដែលពួកគេចង់បាននោះទេ។ ប្រវត្តិសាស្ត្រនឹងផ្ដោតលើ [ពួកគេ] ចំមុខដោយនិយាយថា «តើអ្នកបានធ្វើអ្វីនៅពេលដែលដល់ពេលដែលត្រូវធ្វើឱ្យប្រាកដថាលទ្ធិប្រជាធិបតេយ្យត្រូវបានថែរក្សានោះ?»។
នៅមុនទិវា Martin Luther King Jr. ចូលមកដល់ អ្នកស្រី Carol Anderson ដែលជាប្រវត្តិវិទូនិងជាសាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកនៃសាកលវិទ្យាល័យ Emory បានប្រាប់ VOA ថា អ្នកស្រីជឿថា ការតស៊ូដើម្បីសិទ្ធិបោះឆ្នោត និងសិទ្ធិពលរដ្ឋជាទូទៅ នឹងនៅតែបន្តទៅមុខជានិច្ច៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ