ការបោះឆ្នោត​អសកល​នៅ​សូម៉ាលី ត្រូវបាន​ពន្យារ​ពេល​ដោយសារ​ការជាប់គាំង​នយោបាយ

រូបឯកសារ៖ ​លោក Mohamed Abdullahi Farmaajo ជាប្រធានាធិបតី​នៃប្រទេស​សូម៉ាលី។

ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​សូម៉ាលី​ បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ទាប់​ពី​បេក្ខជន​ប្រឆាំង​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ គឺ​លោក Mohamed Abdullahi Farmaajo ​ថា ​បាន​ដាក់​មនុស្ស​របស់​លោក​ទៅ​ក្នុង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដែល​នឹង​រៀប​ចំ​ការ​បោះឆ្នោត​បឋម​ដ៏​សំខាន់​មួយ។​ ក្រុម​ប្រឆាំង​មិន​ទទួល​ស្គាល់​គណៈកម្មាធិការ​នេះ ​និង​បាន​បង្កើត​គណៈ​កម្មាធិការ​ដូចគ្នា​នេះ​មួយ​ទៀត​ដោយ​ខ្លួន​ឯង​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ការ​បោះឆ្នោត ​និង​មាន​ក្តី​បារម្ភ​ពី​អន្តរជាតិ។ ​

មាន​បេក្ខជន​ជាង​១០រូប​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​អសកល​នៅ​ប្រទេស​សូម៉ាលី។ ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ​បក្ស​សម្ព័ន្ធ​ធំៗ​ចំនួន​៤​ និង​ក្រុម​សម្ព័ន្ធ​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​ជ្រើសរើស​សមាជិក​សភា​ដែល​នឹង​សម្រេច​លើ​ជ្រើសរើស​ប្រមុខ​រដ្ឋ​របស់​ប្រទេស​នេះ​នៅ​ពេល​ខាង​មុខ។​

ក្រុម​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា​ លោក​ប្រធានាធិបតី​ Mohamed Abdullahi Faramaajo ​បំពាន​ច្បាប់​បោះឆ្នោត​ដោយ​ដាក់​បញ្ចូល​សុទ្ធ​តែ​សម្ព័ន្ធ​របស់​លោក​ទៅ​ក្នុង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត។​ គណៈកម្មាធិការ​នេះ​សម្រប​សម្រួល​ការ​បោះឆ្នោត​សភា​នៅ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី។​

លោក​ Abdirahman Abdishakur ​បេក្ខជន​ប្រឆាំង​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រឆាំង​សំខាន់ៗ​បាន​ប្រាប់ ​VOA ​ថា​ លោក​ប្រធានាធិបតី​បាន​ដាក់​សមាជិក​នៃ​ទីភា្នក់ងារ​ស៊ើប​ការណ៍​ថ្នាក់​ជាតិ ​(NISA) ​ទៅ​ក្នុង​គណៈ​កម្មាធិការ​នេះ។​

លោក ​Abdirahman Abdishakur ​បេក្ខជន​ប្រធានាធិបតី​បាន​ថ្លែង​ថា៖ «ក្តី​បារម្ភ​របស់​យើង​គឺ​ថា​តើ​គណៈ​កម្មាធិការ​នេះ​ត្រូវ​បង្កើត​ឡើង​ដោយ​របៀប​ណា​ ហើយ​យើង​មាន​សមាជិក​មួយ​ចំនួន ​ឬ​សមាជិក​ភាគ​ច្រើន​មក​ពី​ទីភ្នាក់ងារ ​ស៊ើប​ការណ៍​ថ្នាក់​ជាតិ ហើយ​សមាជិក​មួយ​ចំនួន​ជា​មន្ត្រី​ផ្តល់​សេវា​សាធារណៈ ​ហើយនឹង​ សមាជិក​មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ Faramaajo»។

សហគមន៍​អន្តរជាតិ​ រួម​ទាំង​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​អំពី​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ពី​ក្រុម​ប្រដាប់​អាវុធ​ al-Shabab​ រួច​ទៅ​ហើយ​នោះ។​

លោក​ឯក​អគ្គ​រដ្ឋទូត ​Donald Yamamoto ​ស.រ.អា.​នៅ​ប្រទេស​សូម៉ាលី​បាន​ព្រមាន​ក្រុម​ប្រឆាំង​អំពី​ការ​បំផ្លាញ​ដំណើរការ​បោះឆ្នោត។​

លោក​ បាន​ថ្លែង​ថា៖​ «ក្រុម​ប្រឆាំង​ត្រូវ​អះអាង​ឡើង​វិញ​ថា ​នឹង​មិន​មាន​ដំណើរ​ការ​ដូច​គ្នា​មិន​មាន​ការ​ពន្យារ​ពេល ​ មិន​មាន​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​មូលមតិ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​នោះ​ទេ។ ​សហ​រដ្ឋ​អាមេរិក និង​សហគមន៍​ម្ចាស់​ជំនួយ ​និង​ដៃគូ​នានា​មាន​ការ​បារម្ភ​អំពី​ភាព​ទ័លច្រក​នៃ​ការ​បោះឆ្នោត​នេះ»។​

ការ​ប្រកាស​ថ្មីៗ​របស់​សហ​រដ្ឋ​អាមេរិក​ថា​ខ្លួន​នឹង​ដក​ទាហាន​សហ​រដ្ឋ​អាមេរិក​ចំនួន​ ៧០០ ​នាក់​ដែល​ជួយ​ទីភ្នាក់ងារ​សន្តិសុខ​ប្រទេស​សូម៉ាលី​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ al-Shabab ​នោះ​ ធ្វើ​ឱ្យ​ស្ថិរភាព​ដែល​ផុយ​ស្រួល​រួច​ទៅ​ហើយ​របស់​សូម៉ាលី​កាន់​តែ​មាន​ការ​គំរាម​កំហែង​បន្ថែម​ទៀត។​

លោក​ Abdirashid Hashi​ អ្នក​វិភាគ​នៅ​ Heritage Institute for Policy Studies ​មានន័យ​ថា ​វិទ្យាស្ថាន​កេរ​ដំណែល​សម្រាប់​ការ​សិក្សា​គោល​នយោបាយ បាន​និយាយ​ថា​រដ្ឋាភិបាល​សូម៉ាលី​ត្រូវ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹកនាំ​ខ្លាំង​ជាង​មុន។​

លោក​ Abdirashid Hashi ​បាន​ថ្លែង​ថា៖​ «ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សន្តិសុខ ​សុខុមាលភាព ​និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​នេះ​ ហើយ​ពួក​គេ​គ្រាន់តែ​ត្រូវ​សហការ​ជាមួយ​នឹង​សហការី​របស់​ពួក​គេ​ប៉ុណ្ណោះ។ មនុស្ស​ដែល​ពួកគេ​កំពុង​ឈ្លោះ​ប្រកែក​ជាមួយគឺ​ជា​មេ​ដឹកនាំ​ពីមុន​របស់​ពួកគេ​ពោល​គឺ​ អតីត​ប្រធានាធិបតី​ជា​អ្នក​ដឹកនាំ​ក្រុម​ប្រឆាំង»។​

ពលរដ្ឋ​ដូចជា​និស្សិត​ឈ្មោះ​ Shafi Yusuf ​សង្ឃឹម​ថា ​ នឹង​មាន​ការ​បោះឆ្នោត​ដោយ​សន្តិភាព ​ដែល​លទ្ធផល​នឹង​ត្រូវ​ភាគី​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ទទួល​យក​បាន។​

លោក​ Shafi Yusuf ​និយាយ​ថា ​យើង​ត្រូវ​ការ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ​ដែល​លទ្ធផល​ត្រូវ​បាន​ពលរដ្ឋ​ទាំង​អស់​ទទួល​យក ​ដូចជា​ដំណើរការ​បោះឆ្នោត​ដែល​មាន​តម្លាភាព​ពី​មុនៗ ​ដែល​អ្នក​ឈ្នះ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គ​នយោបាយ​ទាំង​មូល។​

នាយក​រដ្ឋមន្ត្រី​សូម៉ាលី​ លោក​ Mohamed Hussein Roble ​សន្យា​ថា រដ្ឋបាល​របស់​លោក​នឹង​ដោះស្រាយ​ក្តីបារម្ភ​ទាំង​អស់​ដែល​លើក​ឡើង​អំពី​ការ​បោះឆ្នោត​ ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ៕ ​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ​