បណ្តាញ​សង្គម​សម្រាប់​បញ្ចេញ​មតិ​ប៉ុន្តែ​មាន​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ចចាម​អារ៉ាម

រូបឯកសារ៖ រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។

Facebook គឺជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​មាន​ប្រជាប្រិយ៍ភាព​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យុវជន​កម្ពុជា​កំពុង​ប្រើប្រាស់​វា​ដើម្បី​ចែក​រំលែក​ព័ត៌មាន ឬ​ព្រឹត្តិការណ៍​ណាមួយ​ដោយ​ផ្ទាល់ដៃ​របស់​ពួកគេ។

ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុង​ចំណោម​យុវជន​កម្ពុជា​បច្ចុប្បន្ន​មាន​ភាពទូលំ​ទូលាយ​ជាងមុន ហើយ​ពួកគេ​បាន​ប្រើ​បណ្តាញ​សង្គម​លើស​ពី​ការ​ដែល​គ្រាន់តែ​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ។ បណ្តាញ​ទំនាក់​ទំនង​សង្គម​ក៏​ជា​ប្រភព​ព័ត៌មាន​ដ៏​ចាំបាច់​មួយ​សម្រាប់​ពួកគេ ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​នៅក្នុង​និង​ក្រៅ​ប្រទេស​ដែរ។ អ្នកជំនាញ​បាន​ឱ្យ​ដឹង​ថា ការប្រើប្រាស់​បណ្តាញសង្គម​មាន​ការកើន​ឡើង​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​អ្នក​ប្រើប្រាស់​កំពុង​ពិភាក្សា​ថ្លឹងថ្លែង​គ្នា​អំពី​បញ្ហា​ព័ត៌មាន​ដែល​មាន​នៅលើ​បណ្តាញ​សង្គម​ថា​តើ​ព័ត៌មាន​ទាំង​នោះ ជា​ព័ត៌មាន​ពិត ឬ​គ្រាន់តែ​ជា​ព័ត៌មាន​ចចាម​អារ៉ាម។

Facebook គឺជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​មាន​ប្រជាប្រិយ៍ភាព​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យុវជន​កម្ពុជា​កំពុង​ប្រើប្រាស់​វា​ដើម្បី​ចែក​រំលែក​ព័ត៌មាន ឬ​ព្រឹត្តិការណ៍​ណាមួយ​ដោយ​ផ្ទាល់ដៃ​របស់​ពួកគេ។ បណ្តាញ​ទំនាក់​ទំនង​សង្គម​នេះ​ជា​ប្រភព​ព័ត៌មាន​ដ៏​ជិតស្និទ្ធ​របស់​យុវជន​ដើម្បី​បំពេញ​តម្រូវការ​ព័ត៌មាន​របស់​ពួកគេ ស្របពេល​ដែល​ព័ត៌មាន​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​នៅមិនទាន់​គ្រប់គ្រាន់ មិនទាន់​មាន​អព្យាក្រិតភាព និង​មិនទាន់​មាន​ការវិភាគ​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ។

អ្នកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានឱ្យដឹងថា៖ «ចាប់ពី​ឆ្នាំ២០១២ ជាពិសេស​អំឡុង​ពេល​បោះឆ្នោត​នៅឆ្នាំ​២០១៣​ហ្នឹង យើង​ឃើញ​ថា​មាន​ការផុសផុល​ខ្លាំង​ក្នុង​ការចែករំលែក និង​ការពិភាក្សា​ក្នុង​បញ្ហា​សង្គម​ បញ្ហា​នយោបាយ និង​បញ្ហា​ជាច្រើន‍»។

អ្នកស្រី ចក់ សុភាព បន្តថា នេះជា​ទម្រង់​មួយ​ក្នុង​ការបញ្ចេញ​មតិ ហើយ​ការបញ្ចេញ​មតិ​នេះ​មិនប្រាកដ​ថា​ត្រូវតែ​ពិត​រហូត​នោះ​ទេ​ដោយសារ​តែ​ព័ត៌មាន​ជា​ច្រើន​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​នេះ​ភាគច្រើន​អ្នកប្រើប្រាស់​មាន​បញ្ចូល​គំនិត​របស់​ពួកគេ ដែល​ប្រហែល​ជា​មិនទាន់​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ។

«វា​មិនមែន​ជា​ទម្រង់​ព័ត៌មាន​អាជីព​នោះ​ទេ ដែល​ពួក​គាត់​ត្រូវ​ការ​ទាមទារ​នូវ​ក្រម​សីលធម៌​និង​ភារៈកិច្ច​របស់​គាត់​ទៅ​តាម​វិជ្ជាជីវៈ​ដែល​គាត់​បាន​រៀនសូត្រ​ហើយ​ទទួល​ស្គាល់​ជា​ផ្លូវការ។ ប៉ុន្តែ អ្នកប្រើ ​Facebook ឬ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ផ្សេង​ទៀត​ហ្នឹង ពួក​គាត់​គ្រាន់តែ​ជា​ពលរដ្ឋ​ដែល​គាត់​បញ្ចេញ​មតិ ដូច្នេះ​ការបញ្ចេញ​មតិ​វា​អាច​មាន​ខុស​អាច​មាន​ត្រូវ»។

លោក អ៊ុក គឹមសេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា​ការប្រើប្រាស់​បណ្តាញ​សង្គម​Facebook​របស់​អ្នកនយោបាយ និង​មន្ត្រី​រាជការ គឺ​ដើម្បី​បង្ហាញ​ពី​គោលជំហរ​តាម​រយៈសារ​របស់​គេ ដើម្បី​ឱ្យ​សាធារណជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដឹង​ឮ។

«ពេល​អ្នកសារព័ត៌មាន​បានឃើញ​ហើយ ពេល​ខ្លះ​គាត់​អាច​សួរ​បញ្ចាក់​បន្ថែម​ដោយ​ផ្ញើ​សារ​តាម​ប្រអប់​សំបុត្រ​របស់ ​FB ទៅ ពី​ខ្លឹមសារ​ដែល​បង្ហោះ​នៅលើ​គណនី​របស់​ពួក​គាត់​ហ្នឹង»។

ទោះយ៉ាងណា លោក អ៊ុក គឹមសេង បាន​ទទួល​ស្គាល់​ថា ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម ​Facebook​នៅតែ​ត្រូវការ​ការផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់លាស់។

«នៅក្នុង​ខ្លឹមសារ​ដែល​គេ​បង្ហោះ បើសិនជា​ចង់ដឹង​ថា​វាពិត​ឬ​យ៉ាងណា​នោះ យើង​ត្រូវ​ស្រាវជ្រាវ​បន្ថែម។ អ្នកខ្លះ​ជឿ​ឬ​មិនជឿ​វា​ជា​រឿង​របស់​គេ»។​

អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​Facebook ដែល​VOA​ បាន​ជួប​សម្ភាស​ឱ្យ​ដឹង​ថា ពួកគេ​មិន​ជឿ​ជាក់​ទាំងស្រុង​ទៅលើ​ព័ត៌មាន​ដែល​បាន​ចែកចាយ​នោះ​ទេ ហើយ​ពួកគេ​បាន​ពិនិត្យ​ព័ត៌មាន​ទាំង​នោះ​ឡើង​វិញ​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​សារព័ត៌មាន​អាជីព។

លោក កាក់ យុត្ថាវ័ន្ត វ័យ២២ឆ្នាំ ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​នីតិសាស្ត្រ នៅសាកល​វិទ្យាល័យ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ យុវជន​រូបនេះ​បាន​ប្រើ​បណ្តាញ​សង្គម​ Facebook ​ដើម្បី ទំនាក់​ទំនង​រវាង​មិត្តភក្តិ និង​បងប្អូន​ជាដើម ហើយ​ក៏​ដើម្បី​មើល​ព័ត៌មាន​ផង​ដែរ។

«ព័ត៌មាន​មួយ​ចំណែក​តូច​ខ្ញុំ​បាន​ពី​ Facebook ប៉ុន្តែ​មួយ​ផ្នែក​ធំ​ខ្ញុំ​មើល​លើ​គេហ​ទំព័រ​របស់​សារព័ត៌មាន​ធំៗ​វិញ។ ព័ត៌មាន​នៅលើ​ Facebook ជួនកាល​អាច​ទុកចិត្ត​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​បើ​ទាក់ទង​នឹង​ព័ត៌មាន​ផ្សេងៗ​ក្នុង​សង្គម​ច្រើន​មាន​ការបំប៉ោង​ដែល​ធ្វើ​ឱ្យ​ខុសពី​ការពិត​ជាដើម»។​

លោក ង៉ិល សុវណ្ណារិទ្ធ ​អាយុ២២ឆ្នាំ ​មកពី​សាលកល​វិទ្យាល័យ​ដូចគ្នា​ ក៏​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ទុកចិត្ត​ព័ត៌មាន​ដែល​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​Facebookទេ។

«ខ្ញុំ​ត្រូវ​មើល​ថា​នណា​ជា​អ្នកចែក​រំលែក​ព័ត៌មាន​ ប្រសិនបើ​ជា​អ្នកប្រើប្រាស់​គណនី​ធម្មតា​ យើង​អត់អាច​ទុកចិត្ត​បាន​ ពីព្រោះ​ពេលខ្លះ​វា​នឹង​មាន​ភាពលំអៀង​របស់​អ្នកចែក​រំលែក​ហ្នឹង»។

ចំនួន​នៃ​ការចែកចាយ​និង​ចែក​រំលែក​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម ​Facebook​មាន​ការកើនឡើង​យ៉ាង​រហ័ស ជា​ពិសេស​នៅពេល​ដែល​ព័ត៌មាន​ចចាម​អារ៉ាម​ណា​មួយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ការពិត​ពី​សំណាក់​អ្នកប្រើប្រាស់។

កន្លង​មក​មាន​ការចែកចាយ​ព័ត៌មាន​ជាច្រើន​នៅ​លើ​បណ្តាញ​សង្គម ​Facebook ជាក់ស្តែង​ដូចជា​ការនាំចូល​ផលិតផល​របស់​ចិន​ធ្វើ​ពី​ផ្លាស្ទិច «អង្ករ​ផ្លាស្ទិច» មក​ក្នុង​ទីផ្សារ​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​យល់​ថា​អង្ករ​ដែល​មាន​លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​ពិត​ជា​មាន​គ្រោះថា្នក់​ដល់​សុខភាព។ ព័ត៌មាន​ចចាម​អារ៉ាម​ផ្សេង​ទៀត​នោះ​ក៏​មាន​ដូចជា ការដាក់​លក់​ពងទា​និង​ការចរាចរណ៍​មី​កញ្ចប់​ដែល​មាន​ជាតិ​ផ្លាស្ទិច និង​ជាតិ​កៅស៊ូ​នៅក្នុង​ទឹក​សណ្តែក នៅលើ​ទីផ្សារ​កម្ពុជា​ជាដើម។

ក្នុង​នោះ​ភាគី​ពាក់ព័ន្ធ​ដូចជា ក្រុមហ៊ុន​ឬ​រោងចក្រ​និង​រដ្ឋាភិបាល​បាន​ព្យាយាម​ពន្យល់​ថា​នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ជឿ​ព័ត៌មាន​ទាំងនោះ​តាម​រយៈបណ្តាញ​សង្គម​រួច​ទៅហើយ។

លោក ឌិម ថេង​ ជា​អគ្គនាយករង​កាំកុង​ត្រូល បាន​ឱ្យ​ដឹង​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ Facebook មិន​អាច​ទុកចិត្ត​បាន​ទាំងស្រុង​នោះ​ទេ។

«ជា​ទូទៅ​គឺ​មិនមាន​អង្ករ​ផ្លាស្ទិច​នោះទេ នៅលើ​ទីផ្សារ​កម្ពុជា»។

លោក​ពន្យល់​ទៀត​ថា មន្ទីរ​ពិសោធន៍​នៅក្នុង​អគ្គនាយក​កាំកុងត្រូល មិនទាន់​បាន​រកឃើញ​អង្ករ​ផ្លាស្ទិច​ដូច​ដែល​បាន​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​នោះ​ឡើយ។

លោក​អ៊ុក​ គឹមសេង និយាយ​ថា អ្នកប្រើ​ហ្វេសប៊ុក​ត្រូវ​មាន​ការប្រយ័ត្ន​ក្នុង​ពេល​ចែក​រំលែក​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម​ បើទោះ​ជា​ព័ត៌មាន​ទាំងនោះ​មិន​ពិត​ ក្នុង​ន័យ​លេង​សើច​ក៏ដោយ។

«ការលេង​សើច​នឹង ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ បើ​យើង​នាំ​គ្នា​ប្រើ​ភាសា​មូល​បង្កាច់​ឬ​ក៏​បំផុស​ឱ្យ​មាន​ស្អី​មួយ​កើត​ឡើង ដែល​ច្បាប់​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ឃាត់​ឬ​ក៏​សួរ​នាំ​យើង»។​

លោក​បាន​ បន្ថែម​ទៀត​ថា អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​Facebook គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​ដែល​មាន​ព័ត៌មាន​មិនទាន់​បាន​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ចែក​រំលែក​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណេត តាម​បណ្តាញ​សង្គមទាំងនោះ ដោយ​សារតែ​ការធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់៕