របបខ្មែរក្រហមបានដួលរលំអស់រយៈពេលជាង៣៥ឆ្នាំហើយដោយបន្សល់ទុកស្នាកស្នាមទុរយសនិងការបែកបាក់ជាតិសាសន៍មួយដែលត្រូវចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីលុបលាងនិងផ្សះផ្សាហើយវិទ្យាស្ថានថ្មីមួយឈ្មោះថា«ស្លឹករឹត»ដែលនឹងបង្កើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញនឹងជួយបំពេញដល់ការងារនេះ។ (ចុចមើលរូបភាព)
លោកឆាំង យុ ដែលជាអ្នកស្រាវជ្រាវស៊ើបអង្កេតពីអំពើព្រៃផ្សៃនៃរបបខ្មែរក្រហម និងជាអ្នកផ្តើមគំនិតសាងសង់វិទ្យាស្ថាននេះបានបញ្ជាក់ក្នុង បទសម្ភាសជាមួយVOA ថា៖
«ខ្ញុំគិតថាស្រុកខ្មែរយើងត្រូវ ការផ្សះផ្សា ត្រូវការការព្យាបាលរបួសផ្លូវចិត្ត ត្រូវការដើរទៅមុខពីព្រោះយើងបានដើរថយក្រោយអស់រយៈជាងបីទសវត្សរ៍ ហើយនៅក្នុងតំបន់របស់យើង។ អញ្ចឹងខ្ញុំចង់ឱ្យមានគំនិតថ្មីមួយថាយើងនៅតែចាំ យើងនៅតែរំលឹកប៉ុន្តែយើងត្រូវដើរទៅមុខ។ យើងមិនគួរជាទាសកររបស់ប្រវត្តិសាស្រ្តប៉ុន្តែយើងត្រូវស្គាល់ ប្រវត្តិសាស្រ្តពីព្រោះវាមានទំនាក់ទំនងទៅនឹងបច្ចុប្បន្ននិងអនាគត របស់យើង»។
Your browser doesn’t support HTML5
ប្លង់មេនៃវិទ្យាស្ថាន«ស្លឹករឹត»ត្រូវបានចេញផ្សាយ នៅក្នុងពិធីមួយក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី៩ខែតុលាដោយមានការ ចូលរួមពីស្ថាបត្យករដ៏ល្បី ហ្សាហា ហាឌីដ ដែលជាអ្នកគូសប្លង់នេះ។ វិទ្យាស្ថាននេះនឹងមានសារៈមន្ទីរ មជ្ឈមណ្ឌលស្រាវជ្រាវ សាលារៀនកម្រិតថ្នាក់ឧត្តមសិក្សា បណ្ណសារដ្ឋានតម្កល់ឯកសារនិងបណ្ណាល័យស្រាវជ្រាវ។
វិទ្យាស្ថានស្លឹករឹតនឹងផ្ទុកឯកសារស្តីពីរបបខ្មែរក្រហមដែលបានកើតមានឡើងក្នុងទសវត្សរ៍១៩៧០ ដែលជារយៈពេលនៃការប្រល័យពូជសាសន៍ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរជិតពីរលាននាក់ស្លាប់បាត់បង់ជីវិត។
លោកឆាំង យុ បានបន្ថែមទៀតថា៖
«អញ្ចឹងនៅក្នុងសារៈមន្ទីរខ្ញុំហ្នឹងនៅខាងក្រោមជារឿងខ្មែរក្រហមគឺយើងមានអារម្មណ៍មួយថាបើចង់មើលខ្មែរក្រហមត្រូវចុះទៅក្រោមបានមើលឃើញហើយបើនៅខាងលើយើងប្រើសិល្បៈសហស្សសម័យ។ បច្ចុប្បន្នទាក់ទងនឹងគំនូរសិល្បៈ ទាក់ទងជាមួយនឹងស្ថាបត្យកម្ម ឬក៏ ទាក់ទងជាមួយនឹងរឿងបិតិកភណ្ឌ ហើយនេះជាផ្នែកមួយរបស់សារៈមន្ទីរ។ អញ្ចឹងសារៈមន្ទីរនេះមានរាងដូចផ្តិលប្រាក់អញ្ចឹង... រាងវាមានលក្ខណៈជាស្រ្តីគឺមិនត្រង់ភ្លឹងទេហើយមើលសារៈមន្ទីរហើយស្រាវជ្រាវយើងដាក់នៅពីក្រោយពីព្រោះយើងអាចមើលឃើញទន្លេបាសាក់ ហើយសាលារៀនយើងធ្វើខ្ពស់ជាងគេព្រោះ និយាយពីអនាគត។ អញ្ចឹងកម្ពស់របស់សាលារៀនមានរហូតដល់៨ជាន់»។
វាមិនមែនជាការចៃដន្យទេដែលស្ថាបត្យករវិទ្យាស្ថាននេះគឺជាស្ត្រី តែវាជាការតាំងចិត្តរបស់លោកឆាំង យុ ក្នុងការគោរពដល់ស្រ្តីជាច្រើនដែលនៅរស់រានមានជីវិតក្រោយការដួលរលំនៃរបបខ្មែរក្រហមនិងការយល់ឃើញ ថាស្នាដៃស្ត្រីនឹងជួយដល់ការផ្សះផ្សាផ្លូវចិត្តបានល្អជាជាងការបន្តរក្សាគំនុំ។
លោកស្រីហ្សាហា ហាឌីដ អ្នកគូសប្លង់វិទ្យាស្ថានស្លឹករឹតបានបញ្ជាក់ប្រាប់សារព័ត៌មានអង់គ្លេស The Guardian ថាគម្រោងនេះសំខាន់ណាស់ចំពោះក្រុមហ៊ុនលោកស្រី ដោយសារតែវាជាលើកទីមួយហើយដែលគេប្រើឈើដើម្បី បង្កើតបរិយាកាសកក់ក្តៅនិងស្រទន់ហើយវានឹងប្រែប្រួលទៅតាមអាកាសធាតុដែលនឹងកាន់តែមានលក្ខណៈដូចធម្មជាតិ។
វិទ្យាស្ថានស្លឹតរឹតនឹងស្ថិតនៅក្នុងសាលារៀនបឹងត្របែកដែលជាមណ្ឌលមួយរបបខ្មែរក្រហមប្រើប្រាស់ជាមន្ទីរឃុំឃាំង។ តួអគារបានបញ្ចូលគ្នានូវស្ថាបត្យកម្មសម័យបុរាណនៃប្រាសាទអង្គវត្តនិងប្រាសាទដទៃទៀតក្នុងសម័យអង្គរដែលក្រុមស្ថាបត្យករមានបរទេសនិងខ្មែរបានចូលទៅសិក្សាដល់ទីកន្លែងក្នុងពេលដែលខិតខំប្រមូលគំនិតដើម្បីគូសប្លង់។
អគារនឹងត្រូវរចនាឡើងតាមលំនាំដើមទ្រាំងមួយដើមដោយបែកជាសំណង់អគារឈើចំនួនប្រាំ ក្នុងនោះជាន់ផ្ទាល់ដីរបស់អគារទាំងប្រាំមានលក្ខណៈដាច់ពីគ្នាប៉ុន្តែអគាទាំងនេះត្បាញបញ្ចូលគ្នានិងភ្ជាប់គ្នានៅជាន់ខាងលើដោយភ្ជាប់អគានីមួយៗបញ្ចូលគ្នានៅលើជាន់តែមួយ។ អគារទាំងមូលនឹងមានបណ្តោយ៨០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងត្រូវសាងសង់ឱ្យស្ថិតស្ថេរបានរហូតដល់៣០០ឆ្នាំ។
នៅខាងក្រៅមានដាំស្មៅរាងក្រឡាគោមហូលនិងដើមឈើដែលលោកស្រី ឌីផុន ប៉ូលីន អ្នកស្រាវជ្រាវពីរុក្ខជាតិខ្មែរបានចងក្រង។
លោកឆាំង យុបានពន្យល់ថា៖
«ព្រៃឈើទាំងអស់ដែលយើងនឹងធ្វើនៅទីវាលរំលឹកអនុស្សាវរីយ៍ហ្នឹងគឺអាចសុទ្ធតែប្រើប្រាស់ជាថ្នាំអាចប្រើប្រាស់ជាការព្យាបាល ទាំងផ្នែកសុខភាពទាំងផ្នែកអារម្មណ៍ទាំងក្លិន»។
វិទ្យាស្ថានស្លឹករឹតនឹងក្លាយជាវិទ្យាស្ថានតែមួយគត់នៅតំបន់អាស៊ីដែលផ្តល់ការសិក្សាពីរបបប្រល័យពូជសាសន៍។
លោកឆាំង យុ បានបញ្ជាក់ថា៖
«អីចឹងសិស្សទាំងអស់មិនថាសិស្សខ្មែរទេអាចសិស្សក្នុងតំបន់សិស្សបរទេសក៏អាចមករៀនអំពីរឿងរ៉ាវរបស់ខ្មែរដែរ។ វាធ្វើឱ្យរឿងនេះទៅជារឿងរបស់សាកលលោក»។
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថានឹងធ្វើឱ្យវិទ្យាស្ថានស្លឹករឹតត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាវិទ្យាស្ថានអប់រំអំពីអំពើប្រល័យពូជសាសន៍និងសិទ្ធិមនុស្សនាំមុខគេ។
លោកហង់ ជួនណារ៉ុនបានបញ្ជាក់ក្នុងសាររបស់លោកថា៖
«នេះមិនមែនជាសកម្មភាពធម្មតាទេ ប៉ុន្តែជាសកម្មភាពដ៏សំខាន់ដើម្បី រំឭកដល់ជនរងគ្រោះនៃរបបខ្មែរក្រហមដ៏សាហាវឃោរឃៅ»។
មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាចំណុចផ្តើមរបស់វិទ្យាស្ថានស្លឹករឹតបានដើរតួរនាទីនាំមុខក្នុងការចងក្រងឯកសារស្តីពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតដែលប្រព្រឹត្តដោយរបបខ្មែរក្រហមនៅ ក្នុងអំឡុងពេលគ្រប់គ្រងប្រទេសប្រទេសពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩៕