តាំង ទ្រី ​ជា​អ្នក​កាសែត​រាយការណ៍​ដោយ​ស្ងប់​ស្ងាត់​ពី​ការ​ជួញដូរ​ឈើ

លោក តាំង ទ្រី ជា​អ្នកកាសែត និងជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ ត្រូវ​បាន​ជន​ដៃ​ដល់​បាញ់​ដោយ​កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​ថ្ងាស​បណ្តាល​ ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។ (រូបថត៖សមាគម​សារព័ត៌មាន​ខ្ម

ការ​ស្លាប់​របស់​អ្នក​កាសែត​ក្នុង​ស្រុកម្នាក់​គឺ​លោក​ តាំង ទ្រី​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិថ្វី​បើកាសែត​«វាល​ឥន្ទ្រីយ៍»​ដែល​លោក​ធ្វើ​ការ​ផ្តល់​ព័ត៌មាន​ជូន​មានគេ​ស្គាល់នៅ​មាន​កម្រិត​ក៏ដោយ។ ​កាសែតនេះ​ចេញ​ផ្សាយ​ប្រចាំ​សប្តាហ៍។

លោក​ តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ត្រូវ​បាន​ឃាតករ​មាន​គ្នា​ចំនួន​បី​នាក់​សុទ្ធសឹង​ជា​មន្ត្រី​កងម្លាំង​មាន​សមត្ថកិច្ច​ក្នុង​នោះ​មាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ អតីត​មន្ត្រី​យោធា​ និង​ម្ចាស់​រថ​យន្តបាញ់​សម្លាប់នៅ​តាម​បណ្តោយ​ផ្លូវ​លំ​ជន​បទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។

​ជា​មន្ត្រី​យោធា​ក្នុង​ខេត្ត​កំពង់​ចាម​ លោក​ តាំង ទ្រី ​បាន​ព្យួរ​ការងារ​និង​បាន​ចាប់​យក​អាជីព​ជា​អ្នក​យក​ព័ត៌មាន​ឲ្យកា​សែត​វាល​ឥន្ទី្រយ៍​និង​ជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​នៅ​ដើម​ឆ្នាំ​២០០០។ លោក​ប្រចាំការ​សម្រាប់​ខេត្ត​កំពង់ចាម ​និង​ខេត្ត​ក្រចេះ។

អ្នកស្រី មុំ សុភី ​ជា​ភរិយា​របស់​លោក​តាំង ទ្រី ​រំលឹក​ថាការ​ប្តូរ​ការងារ​របស់​ប្តី​អ្នកស្រី​គឺ​ដើម្បី​បញ្ហា​ជីវភាព។

«ពី​សង្គម​គាត់​ធ្វើ​ទាហាន​ យោធារួច​ពីហ្នឹង​ទៅ​គាត់​ធ្វើ​កាសែត​តែម្តង​ទៅ។ ​គាត់​ទៅ​ធ្វើ​ការ​គាត់​បាន​លុយ​១​ ទៅ​២​ម៉ឺន​ គាត់​យក​មក​ឱ្យ​ខ្ញុំ​ទៅ។​ដល់​ពេល​គាត់​មក​ដល់​ផ្ទះ​បាន​មួយ​យប់​ពីរ​យប់​ទៅ​គាត់​ត្រឡប់​ទៅ​វិញ​ទៅ»។​

ក៏​ប៉ុន្តែ​ក្តី​ស្រម៉ៃ​នេះហាក់​ដូចជា​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​លោក​បាន​ប្រសើរ​នោះ​ទេ។

ជន​សង្ស័យទាំង​បី​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទចោទ​ប្រកាន់​ថា បាន​សម្លាប់​លោក តាំង ទ្រី ជា​អ្នកកាសែត និង​ជា​សមាជិក​នៃ​សមាគម​សារ​ព័ត៌មាន​ខ្មែរ​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០១៤។

អ្នកស្រី​ មុំ សុភី​ បញ្ជាក់​ថា​ស្វាមី​លោក​ស្រី​មិន​សូវ​មក​ផ្ទះ​ទេ​ដោយ​សារ​តែ​លោក​ជាប់​រវល់​ការងារ​នៅ​ខាង​ក្រៅ។​ក៏ប៉ុន្តែ​លោក​បាន​ផ្គត់​ផ្គង់​ប្រាក់​ក្នុង​មួយ​ខែ​ប្រមាណ​២០ម៉ឺន​រៀល​គឺ​ប្រមាណ​៥០​ដុល្លារ។​

ដោយ​សារ​តែ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​អ្នកស្រី​បាន​ធ្វើ​ការ​ជា​អ្នក​បោក​ខោអាវ​ឱ្យ​គេ​នៅ​ផ្សារ​មួយ​នៃ​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម។​

អ្នក​ស្រី​រក​ប្រាក់​ចំណូល​ប្រមាណ​ពី​១០​ទៅ​១៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​បន្ថែម​លើ​ប្រាក់​ស្វាមី​ដែល​បាន​ផ្តល់​ឱ្យ។​

«ខ្ញុំ​កំពុង​តែ​អត់​ អត់​លុយ​ព្យាបាល​ខ្លួន​ផង​ ប្តី​ស្លាប់​ទៀត។​ បើ​បាន​អី​ បើ​ប្តី​នៅ​ទៅ​គ្រាន់​បាន​១ទៅ​២​ម៉ឺន​គ្រាន់​តែទិញ​ថ្នាំ​ទិញ​អី​លេប។ ដល់​ពេល​គាត់​បាត់​បង់ជីវិត​ទៅ​ខ្ញុំ​មិន​ដឹង​ជាទៅ​រក​ទីណា»។

​លោក​ តាំង ទ្រី​ បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០និង​មាន​កូន​ស្រី​ចំនួន​ពីរ​នាក់​គឺ​កញ្ញា​ មុំ លីដា​ អាយុ​២២​ឆ្នាំ​ និង​ កញ្ញា​ មុំ នេត្រា​ អាយុ​២០​ឆ្នាំ។

ដោយ​សារ​តែ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ជួបការ​លំបាក​ មុំ លីដា​ ​បាន​សម្រេច​ឈប់​រៀន​និង​ចូលធ្វើការ​ក្នុង​កាស៊ីណូ​មួយ​នៅ​ជាប់​ព្រំដែន​ខេត្តកំពង់​ចាម​និង​ប្រទេស​វៀតណាម​ដើម្បីរក​ប្រាក់ជួយ​ចិញ្ចឹម​គ្រួសារ។

​កញ្ញា មុំ លីដា​ និយាយ​ថា​មួយ​ខែ​កញ្ញា​បាន​ផ្តល់​ប្រាក់​ប្រមាណ​ពី​២០​ទៅ​៣០​ដុល្លារ​តែ​ប៉ុណ្ណោះ​ដែល​សល់​ពី​ប្រាក់​សន្សំ​ជួយ​ដល់​ក្រុម​គ្រួសារ។​

លោក​ សុខ សុវណ្ណ​ ប្រធាន​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​និង​ជា​និពន្ធ​នាយក​កាសែត​វាល​ឥន្ទ្រីយ៍​មាន​ប្រសាសន៍​ថា​ភាគ​ច្រើន​លោក​ តាំង ទ្រី​ រាយការណ៍​មក​ស្ថាប័ន​កាសែត​របស់​លោក​ពី​រឿង​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​កំពង់ចាម​ដែល​ត្រូវ​បាន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ដឹក​ជញ្ជូន​ចេញ​រាល់​ថ្ងៃ​ទៅ​ព្រំដែន​វៀតណាម។

​លោក សុខ សុវណ្ណ​បាន​ប្រាប់​វីអូអេ​ថា៖

«មួយ​រយៈ​ក្រោយ​ហ្នឹង​យើង​ទទួល​ព័ត៌មាន​ពី​គាត់​ពីរឿង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​ការ​ដឹក​ជញ្ជូន​ឈើ។ ​លោក​ដឹង​ស្រាប់​ហើយ​ថា​នៅ​ក្នុង​មួយ​ជួរ​ខេត្ត​ហ្នឹង​គឺ​មាន​ការ​សំរុក​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម»។

​មុន​ពេល​លោក​ តាំង​ ទ្រី​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​លោក​មាន​ទំនាស់​ឈ្លោះទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ជន​ដៃ​ដល់​ដែល​លោក​បាន​ស្គាល់ថា​ជា​អ្នក​រក​ស៊ីឈើ​ខុស​ច្បាប់​ដ៏សកម្ម​មួយ​រួប​ក្នុង​ខេត្ត​ក្រចេះ។

ការ​បាញ់​សម្លាប់​លោក​តាំង ទ្រី​ ក្នុង​ពេល​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​កាសែត​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១៣​នាក់​ហើយ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ចាប់​តាំង​ពី​ទសវត្សរ៍១៩​៩០​មក។

ពិធីបុណ្យ​សព​លោក​តាំង ទ្រី​ គម្រប់​៧​ថ្ងៃ​គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​សុក្រ៕