ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធនេះ ឲ្យដឹងថាពលករខ្មែរ៦នាក់ទៀត ដែលបានត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរដែលមកពីថៃ កើនដល់ ៣៣នាក់ហើយ គិតត្រឹមថ្ងៃទី១៣ ខែមករានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថាពួកគេទាំង៦នាក់ដែលឆ្លងនោះ ជាស្រ្តី ដែល៥នាក់បានចូលមកកម្ពុជាកាលពីថ្ងៃទី១១ ខែមករា និងម្នាក់ទៀតបានចូលមកកាលពីថ្ងៃទី១០ ខែមករា។ ពួកគេមានអាយុចន្លោះពី១៨ឆ្នាំដល់៣៦ឆ្នាំ ក្នុងនោះ៤នាក់មានអាសយដ្ឋានរស់នៅក្នុងខេត្តបាត់ដំបង និង២នាក់ក្នុងខេត្តព្រៃវែង។
រហូតមកត្រឹមថ្ងៃទី១៣ខែមករានេះ ករណីឆ្លងជំងឺកូវីដ១៩សរុបក្នុងប្រទេសកម្ពុជាមាន៣៩៨ករណី ហើយកម្ពុជាមិនមានរបាយការណ៍អំពីករណីស្លាប់ដោយសារជំងឺនេះទេ។
ចាប់តាំងពីផ្ទុះការឆ្លងជំងឺកូវីដយ៉ាងខ្លាំងក្នុងប្រទេសថៃតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាក៏បានរាយការណ៍ការឆ្លងជំងឺនេះជាបន្តបន្ទាប់ ក្នុងចំណោមពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។ អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃបានបញ្ជាក់ឲ្យដឹងថាពលករខ្មែរសរុបជាង១ម៉ឺននាក់ហើយ បានវិលត្រឡប់ចូលមកកម្ពុជាវិញ ក្នុងពេលប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
របាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ ឲ្យដឹងថាពលរដ្ឋខ្មែររស់នៅប្រទេសថៃយ៉ាងតិច១៥៧នាក់ ត្រូវបានរកឃើញថាផ្ទុកវីរុសជំងឺកូវីដ១៩ គិតមកត្រឹមថ្ងៃពុធនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់VOAនៅថ្ងៃពុធនេះថាពលករខ្មែរដែលឆ្លងជំងឺកូវីដក្នុងប្រទេសថៃមានស្ថានភាពសុខភាពធម្មតានៅពេលនេះ។
លោកបញ្ជាក់ថា៖ «ស្ថានទូតយើងកំពុងសហការជាមួយអាជ្ញាធរសុខាភិបាលថៃយ៉ាងជិតស្និទ្ធលើករណីនេះ។ថៃនឹងពិនិត្យព្យាបាលពលករបរទេសឆ្លងកូវីដ១៩ ដោយឥតគិតថ្លៃ ដូចពលរដ្ឋថៃដែរ»៕