លោក Trump ប្រឈម​នឹង​អត្រា​គាំទ្រ​តិចតួច​លើ​រូប​លោក និង​ក្ដី​រំពឹង​ខ្ពស់ ក្នុង​ពេល ៦ ខែ​ដំបូង​ជា​ប្រធានាធិបតី

  • Jim Malone

លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​ នៅ​មន្ទីរ​បញ្ចកោណ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

កាល​ពី ៦ ខែ​មុន លោក Donald Trump បាន​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​សន្យា​ថា នឹង​ធ្វើ​ការ​កែប្រែ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ពាំនាំ​នូវ​ការ​ផ្លាស់ប្ដូរ​មក​ឲ្យ​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា៖ «ពេលវេលា​នៃ​ការ​ដែល​គ្រាន់តែ​និយាយ​នោះ បាន​ចប់​ហើយ។ ឥឡូវ​នេះ ដល់​ពេលវេលា​ដែល​ត្រូវ​ធ្វើ​សកម្មភាព​ម្ដង»។

បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ភ្លាម លោក Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​ជា​ច្រើន ដែល​ដក​ចេញ​នូវ​បទ​បញ្ញត្តិ​នានា​របស់​រដ្ឋាភិបាល។ លោក​ក៏​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​តែងតាំង​លោក Neil Gorsuch ដែល​មាន​គំនិត​អភិរក្ស​និយម ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល​ផង​ដែរ។

ប៉ុន្តែ ចាប់តាំង​ពី​ដំបូង​មក ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Trump មាន​ភាព​ប្រទាំង​ប្រទើស ហើយ​ពេល​ខ្លះ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ទៀត​ផង ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ពី​អ្នក​ដែល​ប្រឆាំង​នឹង​លោក ក៏​ដូចជា​អ្នក​ស្មោះស្ម័គ្រ​នឹង​រូប​លោក​ផង​ដែរ។

អត្រា​គាំទ្រ​លោក Trump ជា​សាធារណៈ គឺ​មាន​ចំនួន​តិច​ជាង ៤០ ភាគរយ ដែល​ជា​ពិន្ទុ​ទាប​សម្រាប់​ប្រធានាធិបតី​ថ្មី។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Kyle Kondik អ្នក​វិភាគ​មក​ពី​សាកល​វិទ្យាល័យ Virginia។

លោក Kyle Kondik បាន​និយាយ​ថា៖ «អត្រា​គាំទ្រ​លោក​ប្រធានាធិបតី Trump មាន​ចំនួន​តិចតួច​មិន​ដែល​មាន​ពី​មុខ​មក​នោះ​ទេ សម្រាប់​ប្រធានាធិបតី​ថ្មី។ ជា​ទូទៅ ប្រធានាធិបតី​តែងតែ​មាន​ការ​គាំទ្រ​ច្រើន​បំផុត​នៅ​ពេល​ដែល​ពួកគេ​ទើបតែ​ឡើង​កាន់​តំណែង​ដំបូងៗ។ ប៉ុន្តែ សម្រាប់​លោក Trump វិញ គឺ​មិន​ដូច្នោះ​នោះ​ទេ»។

លោក Trump ទទួល​បាន​ជោគជ័យ​ចម្រុះ​លើ​គោល​នយោបាយ​អន្តោប្រវេសន៍ ដែល​ជា​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។ ការ​លួច​ឆ្លង​ព្រំដែន​ខុស​ច្បាប់​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​របស់​លោក​ចំពោះ​ប្រទេស ៦ ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម នៅតែ​ប្រឈម​នឹង​ការ​ជំទាស់​ពី​តុលាការ​ដដែល។

ប៉ុន្តែ មិន​មាន​បញ្ហា​ណា​មួយ ដែល​រុកគូន​លោក Trump ជាង​បញ្ហា​ការ​ចោទ​ប្រកាន់​ដែល​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក Trump ហៅ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ជា «ការ​តាម​ព្យាបាទ​លើ​រូប​លោក»។

ការ​ដក​ប្រធាន​ទីភ្នាក់ងារ FBI លោក James Comey ចេញ​ពី​តំណែង ដោយ​លោក Trump បាន​បណ្ដាល​ឲ្យ​មាន​ការ​តែងតាំង​ទីប្រឹក្សា​ពិសេស​លោក Robert Mueller សម្រាប់​ការ​ស៊ើប​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​ដែល​ថា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី។

ព័ត៌មាន​ដែល​ថា​លោក Donald Trump Junior បាន​ជួប​ជាមួយ​នឹង​មេធាវី​រុស្ស៊ី​កាល​ពី​ឆ្នាំ​មុន ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព័ត៌មាន​មិន​ល្អ​អំពី​លោកស្រី Hillary Clinton ដែល​ជា​គូ​ប្រជែង​របស់​លោក Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​នោះ បាន​បន្ថែម​បញ្ហា​ដល់​ការ​ចោទ​ប្រកាន់​អំពី​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​បន្ថែម​ទៀត។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ រួម​ទាំង​លោក Chuck Shumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធសភា បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ។

លោក Chuck Shumer បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ព័ត៌មាន​អំពី​ករណី​ដែល​លោក Donald Trump Junior បាន​ជួប​ជាមួយ​នឹង​មេធាវី​រុស្ស៊ី​កាល​ពី​ឆ្នាំ​មុន​នេះ គួរតែ​បញ្ចប់​នូវ​ការ​អះអាង​របស់​លោក​ប្រធានាធិបតី Trump និង​រដ្ឋបាល​របស់​លោក ដែល​ថា​មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ពី​គោល​បំណង​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump នៅ​ក្នុង​ការ​សហការ ឬ​ក៏​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នោះ»។

ការ​ផ្ដោត​លើ​ករណី​ប្រទេស​រុស្ស៊ី​នេះ គឺ​ជា​ការ​រំខាន​មួយ​ប៉ះពាល់​ដល់​របៀប​វារៈ​សភា​របស់​លោក Trump ប៉ុន្តែ ចំណុច​នេះ​អាច​មាន​ការ​ប្រែប្រួល។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក John Fortier មកពី​អង្គការ Bipartisan Policy Center។

លោក John Fortier បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា រយៈពេល ៦ ខែ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក Trump មិន​មែន​ជា​ពេល​វេលា​នៃ​ការ​វាយ​តម្លៃ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ទៅ​លើ​សមត្ថភាព​របស់​ប្រធានាធិបតី​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​នេះ​នោះ​ទេ ដោយសារ​តែ ជា​រឿយៗ ការ​អនុម័ត​ច្បាប់​មួយ​គឺ​ត្រូវការ​ពេលវេលា​យូរ»។

មាន​ការ​ងឿង​ឆ្ងល់​តិចតួច​ប៉ុណ្ណោះ​ដែល​ថា ការ​កាន់​អំណាច​ជា​ប្រធានាធិបតី​រយៈពេល ៦ ខែ​ដំបូង​របស់​លោក Donald Trump បាន​កែប្រែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ ទោះបីជា​ការ​សន្យា​របស់​លោក​អំពី​ការ​ផ្លាស់ប្ដូរ ជា​ការ​សន្យា​ដែល​មាន​លក្ខណៈ​គ្រាន់តែ​ល្អ​មើល​តែ​ប៉ុណ្ណោះ​ក៏​ដោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Kyle Kondik។

លោក Kyle Kondik បាន​និយាយ​ថា៖ «រដ្ឋបាល​របស់​លោក Trump គឺ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ នៅ​មាន​ពេល​សម្រាប់​រឿងរ៉ាវ​ទាំង​នេះ​វិវត្ត​ទៅ​រក​ភាព​ប្រសើរ​ជាង​មុន​សម្រាប់​លោក Trump ប៉ុន្តែ​ក៏​នៅ​មាន​ពេល​ដែល​រឿងរ៉ាវ​ទាំង​នេះ​វិវត្ត​ទៅ​រក​ភាព​កាន់​តែ​អាក្រក់​ទៅៗ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា