កំណត់និពន្ធ៖ អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដីនៃមន្ទីរព្យាបាល Happy Kids Clinic អំពីកង្វះសេវាព្យាបាលនិងបញ្ហាពិបាកនិយាយនេះដូចតទៅ៖
Your browser doesn’t support HTML5
តើមានភាពខ្វះខាតអ្វីខ្លះលើការព្យាបាលអាការៈពិបាកក្នុងការនិយាយនៅប្រទេសកម្ពុជា?
Claire Salter៖ ខ្ញុំប៉ាន់ស្មានថា មនុស្សប្រមាណ៦សែននាក់នៅប្រទេសកម្ពុជាមានការលំបាកក្នុងការទំនាក់ទំនង។ ចំនួននេះស្ថិតនៅកម្រិតទាបនៅឡើយ។ យើងមិនមានអ្នកជំនាញព្យាបាលការលំបាកក្នុងការនិយាយនោះទេ ក្រៅពីអ្នកជំនាញជាជនបរទេស។
ជាក់ស្ដែង នៅពេលដែលយើងព្យាបាលទៅលើបញ្ហាក្នុងការនិយាយ ប្រជាជនចង់ប្រើប្រាស់ភាសាដែលពួកគាត់ធ្លាប់និយាយ។ ដូច្នេះពួកគាត់ភាគច្រើននិយាយភាសាខ្មែរ។ ដូច្នេះ វាជារឿងប្រសើរដែលពួកគេធ្វើការជាមួយមនុស្សដែលនិយាយភាសាខ្មែរជាភាសាកំណើត។
ហេតុដូចនេះហើយ វាតម្រូវឲ្យមានការប្រើប្រាស់ភាសាខ្មែរច្រើន។ មានប្រជាជនចំនួន៦០០.០០០នាក់មិនបានទទួលសេវាកម្មដែលពួកគាត់គួរតែទទួលបាន។ ផលវិបាកនៃការមិនទទួលបានសេវាទាំងនោះមានកាន់តែច្រើន។
តើការពិបាកក្នុងការនិយាយសំដៅទៅលើអ្វីឲ្យប្រាកដ អ្នកស្រី?
Claire Salter ៖ ក្នុងហេតុផលណាក៏ដោយ កុមារអភិវឌ្ឍបំណិនរបស់ពួកគេ នៅពេលដែលពេលគេឆ្លងកាត់វ័យកុមារភាព។ ពួកគេហាត់រៀនដើរ រៀនលូន ហាត់រៀនធ្វើសព្វគ្រប់ទាំងអស់ ពួកគេក៏ហាត់រៀននិយាយផងដែរ។
ក្រៅពីការហាត់រៀននិយាយ គឺការហាត់រៀនរបៀបបញ្ចេញសំឡេងខុសៗគ្នាផ្សេងៗ សំឡេងជាក់លាក់មួយៗ ហើយពួកគេ ក៏រៀនផ្គុំពាក្យ បង្កើតប្រយោគដែលអាចធ្វើឲ្យមនុស្សដទៃយល់ពីអារម្មណ៍ និងគំនិតរបស់ពួកគេ។
បន្ថែមលើនេះគឺពួកគេត្រូវបង្ហាញសមត្ថភាពដើម្បីយល់ពីអ្វីដែលអ្នកដទៃនិយាយផងដែរ។ ហេតុដូច្នេះហើយ ពេលខ្លះ ក្នុងហេតុផលណាក៏ដោយ កុមារនៅតែមានបញ្ហាក្នុងការអភិវឌ្ឍជំនាញទាំងអស់នេះ និងសមត្ថភាពក្នុងការបញ្ចេញសំឡេង ឬយល់ពីអ្វីដែលអ្នកដទៃនិយាយ ឬផ្គុំពាក្យពេចន៍ជាប្រយោគ។
ការណ៍នេះយើងហៅថា ភាពមិនស៊ីគ្នានៃពាក្យពេចន៍ (a speech impairment) សម្រាប់សូរសំឡេង និងភាពមិនស៊ីគ្នានៃភាសា ដែលធ្វើឲ្យមានបញ្ហាក្នុងការយល់ និងនិយាយគ្នា។ បញ្ហានេះ វាកើតឡើងដោយឡែកៗម្ដង ហើយពេលខ្លះ បញ្ហានេះអាចកើតឡើងតាមប្រវត្តិគ្រួសារ។
ហេតុដូច្នេះហើយ ម្ដាយឬឪពុកអាចមានបញ្ហាក្នុងការហាត់រៀននិយាយ។ អញ្ចឹងហើយបានជាយើងឃើញថា កុមារមួយចំនួនមិនអាចនិយាយរហូតដល់អាយុ៤ឆ្នាំដោយសារមូលហេតុមួយចំនួន។
បញ្ហា គឺសមត្ថភាពក្នុងការនិយាយគឺមានសារៈសំខាន់ណាស់សម្រាប់ការហាត់រៀនអាន និងសរសេរ ប្រសិនបើកុមារណាមានបញ្ហានេះ ពួកគេអាចនឹងប្រឈមនឹងបញ្ហាជាច្រើននៅសាលារៀន។
ហេតុផលផ្សេងទៀតដែលមនុស្សអាចមានភាពលំបាកក្នុងការទំនាក់ទំនង គឺប្រសិនបើពួកគេមានជំងឺ មានគ្រោះថ្នាក់ ឬជំងឺធ្ងន់ធ្ងរដែលអាចបង្កបញ្ហា ឬធ្វើឲ្យខួរក្បាលរងគ្រោះ។ ខួរក្បាលយើងមានផ្នែកមួយចំនួនដែលមានមុខងារលើការនិយាយស្ដី និងទំនាក់ទំនង។
ប្រសិនបើផ្នែកទាំងនោះមានការខូចខាត នោះកុមារនឹងមានបញ្ហា។ ជាលក្ខណៈជីវសាស្ត្រ ការបញ្ចេញសំឡេងអាចធ្វើឲ្យមាត់របស់គេមានបញ្ហា ឬអាចពិបាករកនឹកពាក្យ ហើយទាំងអស់នេះហើយជាបញ្ហា។
កុមារដែលមានភាពភាំងជាទូទៅមានបញ្ហាក្នុងការទំនាក់ទំនង។ ពួកគេអាចដឹងបានន័យត្រង់។ ពួកគេមិនអាចយល់រឿងកំប្លែង ឬការបញ្ចើចបញ្ចើ ឬភាសាពិបាកយល់ ហើយពួកគេនឹងមានភាពលំបាកក្នុងការយល់ដឹងពីក្រឹត្យក្រមនានារបស់សង្គមក្នុងការទំនាក់ទំនង ដូចជាចម្ងាយដែលត្រូវឈពីអ្នកដទៃ ឬរបៀបធ្វើការស្វាគមន៍អ្នកដទៃ។ អ្វីដែលអាចជាការមិនគួរសមដល់អ្នកដទៃ ពួកគេមិនបានយល់ដឹងពីរបៀបរបបអស់ហ្នឹងច្បាស់លាស់ទេ។
ខ្ញុំក៏មើលឃើញហេតុផលផ្សេងទៀតដែរគឺ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺធ្ងន់ធ្ងរនានាដែលអាចជះឥទ្ធិពលដល់ខួរក្បាល។ ហេតុដូច្នេះហើយគឺមានហេតុផលច្រើនណាស់ដែលមនុស្សមានបញ្ហាក្នុងការទំនាក់ទំនង។
តើបញ្ហានេះភាគច្រើនកើតឡើងជាលក្ខណៈដំណពូជឬ? មិនមែនជាបញ្ហាកើតឡើងដោយកត្តាខាងក្រៅទេឬ?
Claire Salter៖ សម្រាប់កុមារ ខួរក្បាលមានមុខងារដើម្បីហាត់រៀនភាសា ប៉ុន្តែមនុស្សយើងអាចរៀនភាសា ប្រសិនបើយើងអាចប្រើប្រាស់វា។ យើងត្រូវការអ្នកដទៃមកនិយាយជាមួយយើង។ ធ្វើអញ្ចឹងយើងអាចរៀនរបៀបនិយាយបាន។ យើងមិនមែនអាចនិយាយដោយស្វ័យប្រវត្តិនោះទេ។ យើងត្រូវការអ្នកដទៃជួយបង្ហាញយើងថា តើវាមានរូបភាពបែបណា ឬអ្វីជាការទំនាក់ទំនង។ ហេតុដូច្នេះហើយ កុមារនៅពេលខ្លះជាធម្មតាធ្វើត្រាប់តាម ប៉ុន្តែកុមារផ្សេងទៀតត្រូវការជំនួយបន្ថែមទៀត។
អ្វីដែលខ្ញុំសង្កេតឃើញ គឺសម័យនេះ មានកុមារកាន់តែច្រើនឡើងៗកំពុងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដែលមានអេក្រង់ ហើយពួកគេប្រើប្រាស់របស់របរទាំងនោះច្រើនណាស់។ ពួកគេមិនមានអន្តរទំនាក់ទំនងជាមួយនឹងគ្រួសារគេ ឲ្យច្រើនដូចនឹងទម្លាប់គេប្រើប្រាស់របស់របរទេ។ អញ្ចឹងហើយពួកគេមិនបានសន្ទនា ហើយខ្ញុំសង្កេតឃើញថា ពួកគេជាកុមារក្នុងក្រុមដែលខ្ញុំហៅថា «អន់ភាសា» គឺមានន័យថា ពួកគេមិនមានទុនភាសាគ្រប់គ្រាន់ដើម្បីអាចអភិវឌ្ឍបំណិនភាសារបស់គេគ្រប់គ្រាន់។
ហេតុដូច្នេះហើយ វាជាការសំខាន់ណាស់ ដែលឪពុកម្ដាយ និងសមាជិកក្រុមគ្រួសារត្រូវនិយាយជាមួយកុមារ ច្រៀងចម្រៀង អានរឿងនិទានឲ្យស្អាប់ ឬនិទានរឿងប្រាប់ពួកគេ ហើយត្រូវធ្វើបែបនេះរាល់ថ្ងៃ។ ការធ្វើបែបនេះ មិនមែនធ្វើតែក្នុងពេលពិសេសណាមួយឡើយ។
កុមារត្រូវការធាតុចូលគ្រប់ពេលវេលា។ ពួកគេត្រូវការគ្រប់ដំណាក់កាលទាំងអស់។ យើងមិនអាចនិយាយប្រយោគស្មុគស្មាញជាមួយកុមារឡើយ។ យើងត្រូវបង្កើតប្រយោគសាមញ្ញ និងងាយៗដើម្បីឲ្យពួកគេយល់។ អញ្ចឹងហើយពេលខ្លះ បញ្ហាគឺអាចបណ្ដាលមកពីកត្តាតំណពូជ ប៉ុន្តែវាក៏ត្រូវការធាតុចូលពីក្រុមគ្រួសារ និងការប្រឹងពីក្រុមគ្រួសារ។
តើមានស្ថាប័នចំណុះក្រសួងសុខាភិបាលណាមួយធ្វើការសិក្សាលើកុមារដែលមានភាពលំបាកបែបនេះនៅពេលបច្ចុប្បន្នដែរឬទេ?
Claire Salter៖ មិនមានទេ។ សព្វថ្ងៃ រដ្ឋាភិបាលមិនបានចូលរួមក្នុងការផ្ដល់សេវានេះឡើយ ប៉ុន្តែការងារមួយផ្នែកនៃអង្គការ OIC នៅកម្ពុជា ធ្វើការដើម្បីទាក់ទាញរដ្ឋាភិបាលឲ្យចូលរួមក្នុងកិច្ចការនេះឲ្យដាក់ចូលក្នុងមុខវិជ្ជានៅតាមសាកលវិទ្យាល័យ ពីព្រោះយើងយល់ថា វាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវតែមានចំណែកដើរតួ និងយើងត្រូវការការគាំទ្រពីរដ្ឋាភិបាលដើម្បីឲ្យការងារនេះដំណើរការ និងចង់បញ្ជាក់ថា ក្រុមយើងខ្ញុំនឹងមិនស្ថិតនៅក្នុងប្រទេសកម្ពុជារហូតនោះទេ។
យើងមិនចង់ក្លាយជាអង្គការមិនមែនរដ្ឋាភិបាលដែលស្ថិតនៅប្រទេសនេះរហូតនោះទេ។ យើងចង់ផ្ទេរជូនឲ្យកាន់តែឆាប់តាមដែលអាចធ្វើបាន គឺតាមរយៈការបណ្ដុះបណ្ដាលអ្នកព្យាបាលការប្រើប្រាស់ពាក្យពេចន៍ក្នុងស្រុកដែលនឹងក្លាយជាគ្រូបង្រៀនមុខវិជ្ជានេះនៅតាមសាកលវិទ្យាល័យ ហើយបន្ទាប់មកយើងចង់ឲ្យបុគ្គលទាំងនោះបម្រើការងារតាមស្ថាប័នរដ្ឋនៅតាមសាលារៀន មន្ទីរពេទ្យ និងផ្សេងៗទៀត។ វាចាំបាច់ណាស់ដែលយើងត្រូវការការចូលរួមពីរដ្ឋាភិបាលក្នុងការងារនេះ ហើយនេះជាការងារធ្វើឲ្យមានវឌ្ឍនភាព។
តើអ្នកស្រីដោះស្រាយបែបណាជាមួយនឹងកុមារដែលមានភាពលំបាកក្នុងការទំនាក់ទំនង? តើការព្យាបាលធ្វើឡើងបែបណាដែរ?
Clarie Salter៖ យើងត្រូវសាកល្បងធ្វើការជាលក្ខណៈផ្ដល់សេវា និងសិក្សាតំណគ្រួសារ។ យើងធ្វើការផ្អែកលើគោលដៅសំខាន់បំផុតដែលគ្រួសារត្រូវចាប់ផ្តើមចូលរួម និងគោលដៅដើម្បីឲ្យគ្រួសារមានភាពជោគជ័យដូចគ្នាដែរ។
គ្រួសារខ្លះ គឺរវល់ខ្លាំងណាស់ ដែលពេលខ្លះយើងត្រូវតែកំណត់គោលដៅដែលស័ក្ដិសមនឹងជីវិតរបស់ពួកគេ ជាជាងអ្វីដែលជាឧត្ដមគតិរបស់អ្នក។ យើងបានកំណត់គោលដៅបីសម្រាប់រយៈពេល៦សប្តាហ៍របស់យើង។
យើងធ្វើការតាមគោលដៅទាំងនោះតាមផ្នែកផ្សេងៗ។ សម្រាប់កុមារ ពួកគេមិនគួរមានអារម្មណ៍ថាពួកគេមកធ្វើការ ឬធ្វើអ្វីដែលលំបាកទេ។ យើងចង់ឲ្យពួកគេមានអារម្មណ៍ថា ពួកគេមកដើម្បីសប្បាយរីករាយ។
ដូច្នេះ សម្រាប់កុមារដែលមិនដឹងពីអ្វីដែលពួកគេកំពុងធ្វើ ពួកគេអាចគិតថាពួកគេកំពុងលេងល្បែងកម្សាន្តជាមួយកុមារផ្សេងទៀត ប៉ុន្តែយើងបានកំណត់គោលដៅនៃសកម្មភាពដែលយើងបង្ហាញរួចហើយ។
ឧទាហរណ៍ ក្នុងការព្យាយាមឲ្យកុមាររៀនបង្កើតពាក្យ កុមារម្នាក់ត្រូវមានរបស់ក្មេងលេងជាផ្លែឈើដែលអាចកាត់ពាក់កណ្ដាល និងមានកាំបិតមួយ។យើងប្រើពាក្យថា «កាត់» «ស្វែងរក» «ដាក់ចូល» និងគ្រប់ពាក្យនៃផ្លែឈើ និងបន្លែ ដែលកុមារត្រូវអនុវត្តពាក្យទាំងអស់នោះ និងបង្កើតពាក្យរបស់ពួកគេដោយគ្រាន់តែតាមរយៈការធ្វើសកម្មភាពជាជាងការអង្គុយនៅមួយកន្លែងហ្នឹង ហើយនិយាយថា «ផ្លែប៉ោម ផ្លែចេក» ពីព្រោះវាគ្មានបរិបទសម្រាប់កុមារឲ្យដឹងថា តើពាក្យទាំងអស់នោះមានន័យយ៉ាងណា។
ដូច្នេះ អ្វីទាំងអស់ដែលយើងកំពុងធ្វើនេះ ជាល្បែងកម្សាន្តបន្តវេន ដែលមនុស្សធំអាចបន្តវេន និងផ្ដល់ជាគំរូលើថាតើពាក្យនេះនិយាយបែបណា ហើយបន្ទាប់មកកុមារនឹងចាប់ផ្ដើមនិយាយ ការធ្វើបែបនេះដូចជាការបន្តវេន និងការលេងល្បែងបណ្ដាក់គ្នា និងអក្សរ ឬអ្វីផ្សេងដែលយើងអាចអនុវត្តការបញ្ចេញសំឡេងពាក្យពេចន៍បែបផ្សេងគ្នាមុនពេលដល់វេនរបស់យើង គឺវិធីនេះដូចនឹងការព្យាបាលបែបចិត្តសាស្ត្រ។
ប្រសិនបើអ្នកនិយាយថា ជើងអ្នកបាក់ អ្នកត្រូវតែធ្វើលំហាត់ប្រាណជើងរបស់អ្នកឲ្យបានជាក់លាក់តាមវេលាដើម្បីពង្រឹងសាច់ដុំរបស់អ្នក។ ដូចគ្នានេះដែរការព្យាបាលការប្រើប្រាស់ពាក្យពេចន៍គឺធ្វើឡើងតាមរូបមន្តដូចគ្នានេះដែរ ប៉ុន្តែត្រូវមានការព្យាបាលណែនាំឪពុកម្ដាយអំពីរបៀបធ្វើសកម្មភាពទាំងអស់នោះនៅតាមផ្ទះ។ កូនៗរបស់ពួកគេមិនមែនគ្រាន់តែផ្ដោតទៅលើតែកុមារនោះទេ។
វារួមផ្សំទាំងឪពុកម្ដាយ និងទាំងគ្រូផងដែរ។ យើងទៅសាលារៀន និងណែនាំប្រាប់លោកគ្រូអ្នកគ្រូពីររបៀបដែលយើងអាចជួយកុមារតាមគោលដៅរបស់ពួកគេ។ វាទាមទារឲ្យមានគំនិតគិតដឹងពីស្ថានភាពផ្សេងគ្នា ពីព្រោះការទំនាក់ទំនងគឺជាប់ពាក់ព័ន្ធគ្នាច្រើនណាស់។
អ្នកមិនអាចបង្រៀនឲ្យពួកគេចេះប្រាស្រ័យទាក់ទងដោយគ្រាន់តែអង្គុយនៅតុក្នុងគ្លីនិកឡើយ។ អ្នកត្រូវតែនៅកន្លែងដែលកុមារទៅ។ ដូច្នេះគោលដៅគឺយើងធ្វើឲ្យពាក់ព័ន្ធនឹងជីវិតរបស់កុមារ ហើយពួកគេអាចមានភាពរីករាយ។ យើងចង់ឃើញកុមារដែលមកទីនេះដោយមានស្នាមញញឹមនៅលើមុខ មិនមែនទាញពួកគេមកឲ្យនិយាយថា «ទេ ខ្ញុំមិនចង់មកទេ»។ ដូច្នេះ គឺមិនមែនដូចជាការទៅជួបពេទ្យ ហើយចាក់ថ្នាំ ឬអ្វីផ្សេងទៀតទេ។ កុមារមក និងធ្វើសកម្មភាពនានា។
តើការព្យាបាលមានប្រសិទ្ធភាពប៉ុណ្ណាដែរ? តើកុមារអាចប្រែក្លាយពីការនិយាយពាក្យដាច់ៗទៅជាការនិយាយជាប្រយោគ ឬឃ្លា?
Claire Salter៖ វាចំណាយពេលច្រើនណាស់។ ខ្ញុំចង់និយាយថា វាត្រូវធ្វើបន្តិចម្តងៗ។ ហើយពេលខ្លះវាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយដែលអាស្រ័យលើកម្រិតលំបាកនៃកុមារនោះ។ ជាក់ស្ដែង ខ្ញុំបានជួបករណីកុមារម្នាក់ពីមុនមក។ សំដីពាក្យពេចន៍នាង គឺមានលក្ខណៈដាច់ៗខ្លាំងណាស់ គឺខ្ញុំពិបាកនឹងយល់ជាខ្លាំងពេលនាងនិយាយមកកាន់ខ្ញុំ។
ខ្ញុំត្រូវស្ដាប់មួយសំឡេងម្តងៗ ហើយវាចំណាយពេលយូរណាស់។ ក្មេងស្រីនោះ មានការរីកចម្រើនច្រើនណាស់ ប៉ុន្តែដោយសារតែសំដីពាក្យពេចន៍របស់នាងមានលក្ខណៈដាច់ៗខ្លាំង វាចំណាយពេលអស់១ឆ្នាំក្នុងការព្យាបាល។ ជាលទ្ធផល នាងអាចស្ដាប់យល់ភាគច្រើន និងឈ្នះពានរង្វាន់លើការទំនាក់ទំនងនៅសាលារៀនរបស់នាង។ នាងជាអ្នករៀននាំមុខគេមួយនៅសាលារៀន។ នាងមានការរីកចម្រើនខ្លាំងណាស់ ហើយវាទាមទារឲ្យមានការអត់ធ្មត់ច្រើន។ យើងត្រូវធ្វើបន្តិចម្តងៗ។ យើងមិនមែនគ្រាន់តែចាប់ផ្ដើម ហើយធ្វើពីរ ឬបីដង ហើយវាបានសម្រេចនោះទេ៕