អាជ្ញាធរ​ចាប់​ខ្លួន​និង​ដោះលែង​វិញ អ្នក​តវ៉ា​សិទ្ធិ​មនុស្ស​ «ថ្ងៃ​​ច័ន្ទ​ពណ៌​ខ្មៅ‍»

ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​ការ​ចាប់​ និង​ឃុំខ្លួន​សួរ​ចម្លើយ​ជាង​​​ ៨​ម៉ោង​មក​ អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។​

សកម្មជន​សិទ្ធិ​មនុស្ស​និង​ដីធ្លី​ជា​ច្រើន​ផ្សេង​ទៀត​ បាន​រង​ការ​បង្ក្រាប​ ​ឃាត់ខ្លួន​ តែ​ត្រូវ​ដោះលែង​វិញ នាថ្ងៃ​ដំបូង​នៃ​ការ​បើក​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»។​ មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា​ ការ​បង្រ្កាប​និង​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយសារក្រុម​មេដឹកនាំ​នៃ​យុទ្ធនាការ​នេះ​ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត ហើយ​ហៅ​ក្រុមអ្នក​តវ៉ា​ទាំង​នោះ​ថាជា​ជន​អនាធិបតេយ្យ។​

នៅថ្ងៃ​ច័ន្ទ​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ចំនួន​ប្រាំ​រូប ធ្វើ​ឡើង​ដោយតុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្មីៗ​នេះ​ បាន​បើក​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ ឬ​ "Black Monday” តែ​យុទ្ធនាការ​របស់​ពួកគេ​ បាន​រង​នូវ​ការ​ចាប់​និង​ឃុំ​ខ្លួន​ពី​ក្រុម​អាជ្ញាធរ​ក្រុងភ្នំពេញ។

សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ​។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​ការ​ចាប់​ និង​ឃុំខ្លួន​សួរ​ចម្លើយ​ជាង​ ៨​ម៉ោង​មក​ អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។​ ការ​ដោះ​លែង​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ នេះ​ ធ្វើ​ឡើង​ ក្រោយពេលអ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ដែល​ជា​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ដីធ្លី​ បាន​យល់​ព្រម​ចុះកិច្ច​សន្យា​ទទួល​ស្គាល់​កំហុស​ក្នុងការ​ធ្វើ​យុទ្ធនាការ​នា​ថ្ងៃ​ច័ន្ទ​នេះ។​ យ៉ាង​ណា​ក៏​ដោយ​ អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​មួយ​ចំនួន​និយាយ​ថា​ អ្វី​ដែល​ពួកគេ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ គឺ​ជា​ការ​សម្តែង​មតិ​ និង​មិន​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។​

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅស្ថាន សមាគមន៍​ធាងត្នោត​ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ប៉ូលិស​ខ័ណ្ឌ​ដង្កោ​នៃ​រាជធានី​ភ្នំពេញ​សាកសួរ។ លោក សារុំ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ដែលឃ្លំា​មើល​យុទ្ធនាការ​នេះ​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ឃាត់​ខ្លួន​នេះ​ កើត​មាន​ឡើង ​នៅ​ពេលក្រុម​អ្នក​ចូលរួម​យុទ្ធនាការ​នេះ​ កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ទិសដៅ​ផ្សេងៗ​គ្នា​ មក​កាន់​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​សម្តែង​ការ​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់ដែល​ជា​មន្ត្រី​របស់​សមាគម​អាដហុក ​និង​គ.ជ.ប។​

លោក​ អំ សំអាត ​ប្រធានការិយាល័យ​បចេ្ចកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ប្រាប់​ VOA ​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌ​ដង្កោ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ថា​ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពីរ​រូប​ រួមមាន​លោក​ អ៊ី សារុំ​ ប្រធាន​សមាគម​ធាងត្នោត​ និង​លោក ​ថៅ​ គឹមសាន ​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។​ លោក​ថា​ ​ការ​ចាប់​ខ្លួន​នេះ​ បង្ហាញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​នឹងត្រូវ​ប្រកាស​អាសន្ន។​

លោក​ អំ សំអាត ថ្លែង​ប្រាប់ VOA ថា៖

«អា​នេះ​វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី​ ក៏ប៉ុន្តែ​ភាព​រឹតត្បិត​ និង​ ភាព​រារាំង​ត្រូវ​បាន​បង្ក​ ហើយ​ជា​ការ​រឹត​ត្បិត​បន្ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យើង​នេះ​ ធ្លាក់​ចុះ​យ៉ាង​គំហុក​ ក្រោយ​ពី​មាន​ការ​ធ្លាក់​ចុះ​ជា​ហូរហែរ​នោះ​មក»។​

លោក​បន្ថែម​ថា​ យុទ្ធនាការ​នេះ​មិន​មែនជា​ការ​ប៉ុនប៉ង​ណាមួយ​ក្នុង​ការ​ផ្តើម​ធ្វើបដិវត្តន៍​ពណ៌ខ្មៅដូច​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​កន្លង​មក។​ លោក​បញ្ជាក់​ថា​ ការ​កំណត់​យក​ពណ៌ខ្មៅ​នេះ​ គឺ​ជា​ការសម្តែង​ការ​កាន់​ទុក្ខ​ដល់​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​នៃ​សមាគម​អាដហុក​ និង​គ.ជ.ប។ លោក​បន្ត​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ស្វែងរក​យុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​ដល់​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់​នោះ។​ ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ រួម​មាន​លោក ​នី សុខា​ ប្រធាន​ផ្នែកស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ និង​លោក​ យី សុខសាន្ត​ លោក​ ណៃ​ វង់ដា​ អនុប្រធានផ្នែកស៊ើបអង្កេត​នៃ​សមាគម​អាដហុក និង​លោក​ស្រី​ លឹម​ មុន្នី​ ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ​និង​លោក​ នី ចរិយា​អគ្គលេខាធិការ​រង​គ.ជ.ប​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ​អនុ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ។​ អ្នក​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ឃាំង​រង់ចាំ​ការ​កាត់​ទោស។​

លោក​ ឃួង​ ស្រេង​ អភិបាល​រង​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​បង្រ្កាប​របស់​អាជ្ញាធរ​ ធ្វើ​ឡើង​ ដោយ​សារ​តែ​ក្រុម​អ្នក​ដឹកនាំ​យុទ្ធនាការ​នេះ​ មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។​ លោក​ថា​ ការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បានឃាត់​ខ្លួន​ នឹង​ត្រូវ​សម្រេច​ដោយ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​ និង​ប៉ូលិស​យុត្តិធម៌ ដែល​មក​ទល់​នឹង​ម៉ោង​៧ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ កំពុង​សួរនាំ​យក​ចម្លើយ​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន។​

លោក​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​ទៅ​នឹង​សំណួរ​របស់​ VOA ​ថា​តើ​រដ្ឋាភិបាល​អាច​មាន​ការ​បារម្ភ​ថា យុទ្ធនាការ​នេះ​ នឹង​ចេញ​ទៅ​ជា​ចលនា​ ដែល​គេ​ហៅ​ថា បដិវត្តន៍​ពណ៌ខ្មៅ​ដែរ​ឬ​ទេ? ទាក់​ទិន​នឹង​ការ​ចោទប្រកាន់​អំពី​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ លោក​អភិបាលរង​ក្រុង​បញ្ជាក់​ថា​ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បាន​ធ្វើ​សកម្មភាព​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់។​

លោក​ ឃួង​ ស្រេង បញ្ជាក់​ប្រាប់ VOA ​ថា៖​ ​

«លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ម៉េច​ក៏​ដោយ​ ក៏​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​ អត់​អាច​ចេញ​ពីក្រៅ​ច្បាប់​ ពួក​គាត់​ចេញ​ពី​ក្រៅ​ច្បាប់​ បាន​ន័យ​ថា​ ពួក​គាត់​ជា​ជន​អនាធិបតេយ្យ​ បង្ក​ចលាចល​ក្នុង​សង្គម​ គ្រាន់​តែ​ពាក្យ​មួយម៉ាត់​ ថា ​បង្ក​ចលាចល​ក្នុង​សង្គម​ធ្វើ​ឲ្យ​សង្គម​មាន​ហេតុការណ៍​ កើតឡើង​មិន​ប្រក្រតី​ យើង​អាច​ឃាត់​គាត់​សួរ​នាំ​បាន​ហើយ»។​

​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក​ និង​មន្ត្រី​គ.ជ.ប​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ ច័ន្ទ​ ​សប្តាហ៍ កន្លង​ទៅ​នេះ​ ទទួល​រង​ការ​រិះគន់​ពី​ក្នុង​ និង​ក្រៅ​ប្រទេស​កម្ពុជា​ ដោយ​គេ​បាន​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ ថា​ជា​ការ​វាយប្រហារ​លើ​ក្រុមសង្គម​ស៊ីវិល។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា​ និង​បឹង​កក់​ចំនួន​បួន​នាក់​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ។​

អ្នក​ ស្រី ទេព វណ្ណី​ ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នក​ដឹកនាំ​ពិភពលោក​របស់​អង្គការ​ Vital​ Voices ​បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ បាន​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​បី​រូប​នៅ​ក្នុង​សហគមន៍​បឹងកក់។​ អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ មាន​នាង​ ប៉ូវ​ សោភា​ អ្នកស្រី គង់​ ចន្ថា​ និង​អ្នកស្រី​ សុង ស្រីលាភ។​ អ្នកស្រី ​ទេព វណ្ណី​ បន្ត​ថា​ ទោះ​បី​មាន​ការរារាំង​ និង​ចាប់ខ្លួន​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្តី​ ការ​តស៊ូ​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នោះ​នឹង​បន្ត​ទៅ​មុខ​ទៀត។​ ​

រូបឯកសារ៖ អ្នក​ស្រី​ ទេព​ វន្នី​ អ្នក​ការពារ​សិទ្ធិ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ (ឈរ​នៅ​កណ្តាល)​ កំពុង​ស្រែក​ទាមទារ​យុត្តិ​ធម៌​នៅ​មុខ​ច្រក​ចូល​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២ ខែមីនា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)​

អ្នក​ ស្រី ទេព វណ្ណី​ ថ្លែង​ប្រាប់ VOA ថា៖ «ទោះបី​យ៉ាង​ណា​ ក៏​យើង​មិន​អាច​បញ្ឈប់​នូវ​សកម្មភាព​ការ​ទាមទារ​នូវយុត្តិធម៌​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​ខ្លួន​ឯង​ទេ។​ យើង​អត់​អាច​នៅ​ស្ងៀម​បាន​ទេ​ណ៎ា​ ព្រោះ​យើង​ត្រូវ​តែ​នៅ​តែ​បន្ត​ដដែល​ ទោះ​បីជា​យើង​នៅ​មាន​ការ​ភ័យ​ខ្លាច​យ៉ាងណាក៏ដោយ»។​

យ៉ាង​ណា​ក៏ដោយ​ អ្នកស្រី​ ទេព​ វណ្ណី​ បន្ត​បញ្ជាក់​ថា អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​នេះ​ បាន​ឲ្យ​អ្នកស្រី​ដឹង​ថា​ អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

ការ​បញ្ជាក់​របស់​អាជ្ញាធរ​ខ័ណ្ឌ​ ទៅ​ដល់​លោក​ស្រី​ ទេព​ វណ្ណី​ កើត​មាន​ឡើង​ បន្ទាប់ពីលោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ទី៩​ ខែ​ឧសភា​នេះ​ បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អំពី​វិធានការ​របស់​ស្ថាប័ន​ប៉ូលិស​កម្ពុជា​ ទប់​ស្កាត់​ «យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ»​ របស់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​តូច។​

លោក​ ស ខេង​ បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​លោក​ថា៖​ «នា​ព្រឹក​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ​ យើង​បាន​ឃាត់​ខ្លួន​មេ​ក្លោង​ និង​អ្នក​រឹងរូស​ចំនួន​៦​នាក់​ ក្នុង​នោះ​មាន​សកម្ម​ជន​សមាគម​២នាក់​និង​សកម្មជន​ដីធ្លី​ចំនួន​៤​នាក់»។

លោក​បន្ត​ថា​ ទាក់​ទិន​ការ​ឃាត់​ខ្លួន​ក្រុម​សកម្មជន​ខាង​លើ​នេះ​ អង្គប្រជុំ​បាន​ឯកភាព​គ្នា​ ណែនាំ​ឲ្យ​ធ្វើ​ការ​សាកសួរ​ធ្វើ​កំណត់​ហេតុ​ ដើម្បី​អប់រំ​ ធ្វើ​កិច្ចសន្យា​ បញ្ឈប់​សកម្មភាព​ទាំង​នេះ​ និង​រក្សា​ទុក​ជា​ឯកសារ​សម្រាប់​បម្រើ​ផ្លូវ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​កោះកុង​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី​ បាន​បើក​យុទ្ធនាការ​ពាក់​ខោអាវ​ខ្មៅ​ និង​មាន​បង់​ក្រមា​ផង​ដែរ​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដល់​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់ដែល​ជា​មន្ត្រី​របស់​សមាគម​អាដហុក ​និង​គ.ជ.ប​ និង​អ្នកការពារ​បរិស្ថាន​ទាំង​បី​នៃ​ចលនា​ធម្មជាតិ។​ ពួក​គេ​ធ្វើ​យុទ្ធនាការ​ក្នុង​គោលបំណង​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​រក​ដំណោះស្រាយ​ ដល់​ជម្លោះ​ដី​ធ្លី​ដែល​ពួកគេ​មាន​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​នៅ​ក្នុង​ខេត្ត​កោះកុង​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​នេះ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​នូវ​ការ​យាយី​ទៅ​លើ​សង្គម​ស៊ីវិល​ ក្រោយ​ពី​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​របស់​សមាគម​អាដហុក​បួន​រូប​ ​និង​អគ្គលេខាធិការ​រង​របស់​គ.ជ.ប។​ បន្ទាប់​មក ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​យុទ្ធនាការ​កាត់​បន្ថយ​ការ​ឃ្លាំមើល​សិទ្ធិ​ក្នុង​ប្រទេស​កម្ពុជា។​ សេចក្តី​ថ្លែង​ការណ៍នោះ​ បានសង្កត់​ធ្ងន់​ថា​ ការ​យក​មក​កាត់​ទោស​ ដែល​មាន​ការ​ជាប់​ទាក់ទង​នឹង​នយោបាយ​ បាន​គំរាម​កំហែង​ដល់​រាល់​កិច្ចការ​សិទ្ធិមនុស្ស៕